(រតនគិរី)៖ ស្ត្រីក្រីក្រម្នាក់បានឈឺពោះសំរាលកូន នៅក្នុងចំការស្វាយចន្ទី ដោយសារតែធ្វើដំណើរមករកមូលដ្ឋានសុខាភិបាលមិនទាន់ពេលវេលា។ បន្ទាប់ពីបានទទួលព័ត៌មាននេះភ្លាម ប្រធានមន្ទីរពេទ្យបង្អែកបរកែវ បានបញ្ជូនឆ្មប និងរថយន្តទៅជួយធ្វើអន្តរាគមន៍ដើម្បីសង្រ្គោះ ហើយបញ្ជូនស្ត្រី និងទារកទៅថែទាំនៅក្នុងមន្ទីរពេទ្យបង្អែកបរកែវ។
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧នេះ ស្ថានភាពស្ត្រី និងទារកមានសុខភាពល្អធម្មតា ហើយកំពុងស្ថិតនៅក្រោម ការថែទាំដោយយកចិត្តទុកដាក់ពីមន្រ្តីសុខាភិបាល។ ស្រ្តីរូបនេះរស់នៅភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគីរី ចំងាយពីចំការនោះមកមន្ទីរពេទ្យបង្អែក ប្រហែល៣៦គីឡូម៉ែត្រ ហើយអ្នកបើករថយន្តទៅជួយសង្រ្គោះ គឺលោកប្រធានមន្ទីរ ពេទ្យបង្អែកផ្ទាល់តែម្តង។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមសំដែងនូវការកោតសរសើរ ដល់ទង្វើជួយសង្រ្គោះ បានទាន់ពេលវេលាទឹកចិត្តមនុស្សធម៌ ប្រកបដោយក្រមសីលធ៌មវិជ្ជាជីវ: ពិតប្រាកដរបស់មន្រ្តីសុខាភិបាលដែល បានបំពេញតួនាទីជាគ្រូពេទ្យល្អនេះ។ នេះបើយោងតាមមន្រ្តីមន្ទីរសុខាភិបាល ខេត្តរតនគិរី។
លោករដ្ឋមន្រ្តី សូមជូនពរដល់ស្ត្រីនិងទារកដែលបានប្រសូត្រដោយសុវត្ថិភាពហើយនេះ មានសុខភាពល្អ និងជួបតែសំណាងល្អជានិច្ច សូមលើកទឹកចិត្តដល់មន្ត្រីសុខាភិបាលទាំងអស់បន្ត នៅភារកិច្ចក្នុងការជួយសង្រ្គោះនេះ នៅទូទាំងប្រទេស។
ជាការកត់សម្គាល់ថា នេះមិនមែនជាលើកទី១ទេ ដែលមន្ត្រីសុខាភិបាល បានជួយដល់ស្ត្រីសម្រាលកូន នៅតាមផ្លូវក្តី ឫក្រោមដើមឈើក្តី ដែលបានអនុវត្តភារកិច្ច ជួយសង្រ្គោះបែបនេះ ជូនដល់ស្ត្រីក្រីក្រទូទៅ ហើយនឹងបន្តការជួយនេះនៅ គ្រប់ទីកន្លែង ប្រសិនបើមានព័ត៌មានទាន់ពេលមកមូលដ្ឋានសុខាភិបាលសាធារណៈ។
ជាមួយគ្នានេះ សាច់ញាតិស្រ្តីរូបនេះ បានអំពាវនាវដល់សប្បុរសជនជួយឧបត្ថម្ភ ចំពោះការខ្វះខាតនេះផង៕