(ភ្នំពេញ)៖ ស្រ្តីជាកម្មការិនីរោងចក្រកាត់ដេរម្នាក់ បានឲ្យបុរសម្នាក់ទៀត (សាហាយស្មន់) ដឹកចេញពីរោងចក្រ​ទៅកាន់បន្ទប់​ផ្ទះ ជួលមួយកន្លែង ដែលនាងស្នាក់នៅ ខណៈនោះត្រូវបានម្ចាស់ផ្ទះជួលឃើញ ហើយទូរស័ព្ទប្រាប់ប្ដីរបស់នាង មកមើលឃើញ​នាងកំពុងស្ថិតនៅក្នុងបន្ទប់ ជាមួយបុរសម្នាក់នោះ ក៏បានយកសោចាក់ពីខាងក្រៅជាប់។ បន្ទាប់មក បានទូរស័ព្ទហៅនគរបាលប៉ុស្ដិ៍ចោមចៅ ឲ្យចុះមកឃាត់ខ្លួន យកទៅសាកសួរ ដើម្បីរកខុសត្រូវតាមនីតិវិធី។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រពន្ធឈ្មោះវី ធីតា អាយុប្រហែល២៣ឆ្នាំ មុខរបរកម្មការិនី រោងចក្រកាត់ដេរស្នាក់នៅជាមួយប្ដី ក្នុងបន្ទប់ផ្ទះជួលខាងលើ ចំណែកបុរសជាប្ដី ឈ្មោះ ម៉ម សំណាង អាយុ២៤ឆ្នាំ ហើយប្តីប្រពន្ធទាំងពីរនាក់នោះ រៀបការជាមួយគ្នាត្រឹមត្រូវតាមច្បាប់ និងមានកូនម្នាក់នៅក្នុងបន្ទុកគ្រួសារ។ ដោយឡែក ជនសង្ស័យជាប្រុសសាហាយស្មន់ឈ្មោះ សិក ធឿន អាយុជាង២០ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុង សង្កាត់ភ្លើងឆេះទេះ ខណ្ឌពោធិ៍សែនជ័យ។

បុរសជាប្ដីបាននិយាយថា ប្រពន្ធរបស់ខ្លួន និងជនសង្ស័យធ្វើការនៅក្នុងរោងចក្រកាត់ដេរជាមួយគ្នា ហើយអ្នកទាំងពីរ មានស្នេហាលួចលាក់យូរមកហើយ។ អ្នកធ្វើការនៅក្នុងរោងចក្រ ជាមួយគ្នាតែងនិយាយប្រាប់ខ្លួនថា ប្រពន្ធខ្លួន និងបុរសនោះមាន ភាពស្និទ្ធស្នាលខុសធម្មតា ដោយឃើញជនសង្ស័យតែងតែដឹកប្រពន្ធខ្លួន ចេញពីធ្វើការ និងទៅធ្វើការរៀងរាល់​ថ្ងៃថែមទៀតផង ប៉ុន្តែ ពេលនោះខ្លួនមិនបានជឿនោះឡើយ។

លុះដល់ថ្ងៃកើតហេតុខាងលើ ខណៈចេញហូបបាយថ្ងៃត្រង់ ប្រពន្ធរបស់ខ្លួន និងជនសង្ស័យ បានដឹកគ្នាចេញពីរោងចក្រ​ទៅកាន់ផ្ទះ​ជួល ហើយបាននាំគ្នាចូល​ទៅសម្ងំ នៅក្នុងបន្ទប់ និងបានបិទទ្វារជិត ដោយបានឃើញទង្វើរមិនគប្បី ម្ចាស់ផ្ទះជួលបានខលប្រាប់ ទើបខ្លួនទៅមើលឃើញ ពួកគេកំពុងស្ថិតនៅក្នុងបន្ទប់ជាមួយគ្នា ក៏បានចាក់សោរទ្វារពីខាងក្រៅ រួចប្ដឹងឲ្យនគរបាលប៉ុស្ដិ៍ចោមចៅ ចុះទៅចាប់ខ្លួនតែម្ដង។

ចំណែកស្រ្តីជាប្រពន្ធបាននិយាយថា ប្ដីបានចោទប្រកាន់​នាងទាំងស្រុង តាមពិតនាង និងឈ្មោះ សិក ធឿន គ្រាន់តែជាមិត្តភក្ដិ​តែប៉ុណ្ណោះ ហើយនៅពេលកើតហេតុ នាងមិនមែននៅក្នុងបន្ទប់២នាក់ទេ គឺនៅក្នុងបន្ទប់នោះមានគ្នាចំនួន៣នាក់ ដែលក្នុងនោះមានរូបនាង បុរសជាប់ចោទ រួមនិងប្អូនស្រី​របស់នាងម្នាក់ទៀត។ ប៉ុន្តែខណៈពេលដែលប្ដីនាង ទៅមើលឃើញតែ​នាង និងបុរសនោះមិនបានឃើញប្អូនស្រីនាងទេ ព្រោះនាងបានចូលទៅងូតទឹក នៅក្នុងបន្ទប់ទឹកទើបប្ដីនាងមើលមិនឃើញ ហើយថានាង​នៅតែ២នាក់ ទើបចោទថាមានសាហាយស្មន់ និងបានយកសោរចាក់ទ្វារពីខាងក្រៅ រួចហៅនគរបាលឲ្យចុះ​ទៅចាប់ខ្លួនពួកនាងតែម្ដង។

ក្រោយពេលកើតហេតុ នគរបាលបានធ្វើកិច្ចសន្យាឲ្យពួកគេបញ្ឈប់​ការក្បត់ក្រុមគ្រួសារតទៅទៀត បន្ទាប់មកបានឲ្យពួក​គេត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ហើយពួកគេសុទ្ធតែបានប្រកាន់ជំហរថា និងលែងលះគ្នាឈប់យក​គ្នាជាប្ដីន្រពន្ធទៀតហើយ៕