(ព្រះសីហនុ)៖ លោកវរសេនីយ៍ត្រី ភុល ភស្តា អធិការនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ស្នងការ ជួន ណារិន្ទ កម្លាំងនគរបាលរបស់លោក បានចុះទៅជួយអន្តរាគមន៍ ចាប់ជនសង្ស័យ៣នាក់ (ស្រីជំទង់២នាក់ និងខ្ទើយម្នាក់) ដោយសារតែពួកគេ បានណាត់វៃគ្នា យ៉ាងអនាធិបតេយ្យផ្អើលទាំងកណ្តាលយប់ នៅចំណុចកន្ទុយនាគឆ្នេរម៉ូតែលសុខា។
លោកអធិការបានបញ្ជាក់ថា «អំពើហិង្សានេះបានកើតឡើង នៅវេលាម៉ោង២៖៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ បង្កឡើងដោយពួកនារីទំនើង បានណាត់វ៉ៃគ្នានៅទីនោះ បណ្តាលឲ្យនារីទំនើងម្នាក់ រងរបួសធ្ងន់រហូតដល់សន្លប់»។
លោក ភុល ភស្តា បានបន្ថែមថា ក្រោយកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលក្រុង បានធ្វើអន្តរាគមន៍ចាប់ខ្លួនបានជនសង្ស័យ៣នាក់៖ ទី១-ឈ្មោះ អ៊ំ សុផានិត អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកហាងបារាំង ស្នាក់នៅផ្ទះជួលក្រុមទី៤១ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ(ជាអ្នកដៃដល់) ទី២-ឈ្មោះ ធារ៉ា ចិន្តា អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលជាមួយឈ្មោះ អ៊ំ សុផានិត ជាសហចារីរួមជាមួយរួមដៃជនសង្ស័យ និងទី៣-ឈ្មោះ ឈុន ភេទប៉េដេ អាយុ១៨ឆ្នាំ មុខរបរលក់គ្រឿងអនុស្សាវរីយ៍ តាមមាត់សមុទ្រ។ បច្ចុប្បន្នរស់នៅក្រុមទី២៦ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ជាសហចារីបានចូលរួមធ្វើសកម្មភាព។
រីឯភាគីម្ខាងទៀតឈ្មោះ ម៉ី ស្រីនិច ភេទស្រី អាយុ១៥ឆ្នាំ មុខរបរបុគ្គលិកហាងបារាំង រស់នៅក្រុមទី៥ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ រងរបួសចំក្បាលពីក្រោយ៣កន្លែងធ្ងន់ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
លោកអធិការបានបញ្ជាក់បន្ថែមថា «គូជម្លោះសុទ្ធតែជើងខ្លាំងរៀងៗខ្លួន ជាងពាក់កណ្តាលអាធ្រាត្រ មិនចូលដេកពួនទេ។ ផ្តើមពីការនិយាយដើមគ្នា ឈ្មោះ ស្រី និច និងគ្នីគ្នា បានទិញស្រាបៀរមកផឹកចាំមុន នៅសួនច្បារកន្ទុយនាគ ហើយទូរសព្ទហៅឈ្មោះ អ៊ុ សុផានិត មកវ៉ៃគ្នានៅទីនោះ។ ពេលម្ខាងទៀតជិះម៉ូតូហួស ឈ្មោះស្រីនិច បានស្រែកហៅ ពេលចុះពីម៉ូតូស្ទុះ វ៉ៃគ្នាតែម្តងមួយទល់នឹងមួយ តែឈ្មោះអ៊ុ សុផានិត យកកូនសោម៉ូតូធ្វើជាអាវុធចាក់ក្បាលស្រីនិច បណ្តាលឲ្យរបួសធ្ងន់រហូតដល់សន្លប់»។
សម្រាប់ជនសង្ស័យទាំង៣នាក់ ត្រូវបានយកទៅសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕