(ភ្នំពេញ)៖ លោកស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា សកម្មភាពរបស់សមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ករ សល្យសាស្ដ្រ ក្បាល និងកនៅកម្ពុជា កន្លងមកនេះ បានជួយពិនិត្យព្យាបាលជំងឺជូនប្រជាជនយើង បានយ៉ាងច្រើន ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលំហូរទៅព្យាបាលនៅក្រៅប្រទេស។
លោកលើកឡើងបែបនេះ ក្នុងទិវាវេជ្ជាសាស្ដ្រ ORL របស់សមាគមជំងឺ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ដ្រ ក្បាល និងក កម្ពុជា នៅថ្ងៃទី១៩ ខែមីនានេះ នៅសណ្ឋាគារភ្នំពេញ ដែលមានការចូលរួមពីភាគីដៃគូ ជាតិ និងអន្ដរជាតិជាច្រើនផងដែរ។
លោកបន្ដថា «លើសពីនេះ សមាគមគ្រូពេទ្យនេះ ក៏បានសហការជាមួយក្រុមគ្រូពេទ្យ ORL របស់មន្ទីរពេទ្យ JIKEI ដែលមានស្ដង់ដាអន្ដរជាតិ របស់ប្រទេសជប៉ុនថែមទៀត ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ពិសេសបញ្ជូននូវគ្រូពេទ្យយើងទៅសិក្សារៀនសូត្រនៅប្រទេសជប៉ុនផ្ទាល់តែម្ដង ដោយនេះបានផ្ដល់អត្ថប្រយោជន៍កាន់តែខ្ពស់ ក្នុងការបណ្ដុះបណ្ដាវិជ្ជាជីវៈ និងចំណេះជំនាញច្បាស់លាស់របស់គ្រូពេទ្យយើង កាន់តែច្រើនជាបន្ដបន្ទាប់ ដែលនេះជាផ្នែកមួយក្នុងការផ្ដល់សេចក្ដីទុកចិត្ដ ដល់ប្រជាជនកម្ពុជាយើង តាំងពីដើមរហូតមកដល់បច្ចុប្បន្ននេះ »។
ទន្ទឹមនឹងនោះ លោកវេជ្ជបណ្ឌិត ថុង ម៉េងឡុង ប្រធានសមាគម ត្រចៀក ច្រមុះ បំពង់ករ សល្យសាស្ដ្រ ក្បាល និងក កម្ពុជា ចំនួន២អាណត្ដិមកនេះ បានថ្លែងថា «សមាគមយើងបើគិតមកដល់បច្ចុប្បន្ននេះ គឺបាន៨ឆ្នាំហើយ ដើម្បីពង្រឹងមត្ថភាពគ្រូពេទ្យ លើកជំនាញទាំងនេះ នៅកម្ពុជាយើងឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ក្នុងការព្យាបាលប្រជាពលរដ្ឋរបស់យើង ហើយក៏អាចជួយវិស័យសុខាភិបាល និងរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ កាត់បន្ថយលំហូរចេញទៅព្យាបាលនៅក្រៅប្រទេស រួមទាំងដើម្បីបង្កើននូវការជឿទុកចិត្ដឡើងវិញ ដល់សមត្ថភាពគ្រូពេទ្យ យ៉ាងពិតប្រាកដ»។
ព្រមជាមួយគ្នានោះ លោកសាស្ដ្រាចារ្យ លូ លីឃាង ប្រធានកិតិ្ដយស នៃសមាគមគ្រូពេទ្យនេះ និងជាប្រធានមន្ទីរពេទ្យព្រះអង្គដួងបានថ្លែងផងដែរ « ពិតណាស់ សមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ករ សល្យសាស្ដ្រ ក្បាល និងក នេះ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្លាស់ប្ដូរបទពិសោធន៍រវាងគ្រូពេទ្យយើង និងគ្រូពេទ្យនៅក្រៅប្រទេស ដែលទទូលបានទាំងចំណេះដឹងថ្មីៗ វិធីសាស្ដ្រព្យាបាលអ្នកជំងឺ ជាមួយនឹងឧបករណ៍ប្រើប្រាស់ទំនើបៗទាន់សម័យ។ ជាក់ស្ដែង សមាគមរបស់យើង បានសហប្រតិបត្ដិការជាមួយមន្ទីរពេទ្យព្រះអង្គដួង ជាមួយពេទ្យឯកទេសត្រចៀក ចម្រុះ បំពង់ក និងជាមួយមន្ទីរពេទ្យJIKEI តូក្យូ ប្រទេសជប៉ុន ដែលជាមន្ទីរពេទ្យលំដាប់ស្ដង់ដារអន្ដរជាតិ ដែលសំបូរទៅដោយពហុឯកទេស យ៉ាងជឿនលឿន ដែលជាកត្ដាធ្វើឲ្យវិស័យសុខាភិបាលរបស់យើង បោះជំហានយ៉ាងឆាប់រហ័ស ក្នុងការឆ្លើយតបទៅនឹងតម្រូវការប្រជាជនយើង»។
លោកបន្ដថា អ្វីជាការកក់សម្គាល់នោះ ប្រជាពលរដ្ឋយើង ក៏កំពុងតែប្រឈមនឹងការកើតជំងឺទាំងនេះ ជាច្រើនផងដែរ នៅទូទាំងប្រទេស ដោយសម្រាប់មន្ទីរពេទ្យព្រះអង្គដួង ក្នុងមួយថ្ងៃៗ អ្នកជំងឺផ្នែកត្រចៀក ច្រមុះ បំពង់ករ សល្យសាស្ដ្រ ក្បាល និងក មានរហូតដល់ទៅជាង២០០នាក់ឯណោះ ចឹងសមាគមយើងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុំបណ្ដានូវជំនាញទៅដល់សមាជិក របស់យើងនៅទូទាំងប្រទេស ដើម្បីជួយព្យាបាលប្រជាពលរដ្ឋ ទាន់ពេលវេលា៕