(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ បានយកអាវុធធុន B40, 50 ជាប់គ្រាប់នៅនឹងកាណុង ១ដើម ដែលគាត់បានប្រទះឃើញពេលទៅកាប់ចំការ កាលពីថ្ងៃម្សិលមិញ នៅចំណុចថ្មបាក់ស្ថិតក្នុងភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ មកប្រគល់ជូនកម្លាំង សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាអន្សា ដើម្បីរក្សាទុកបន្ត ក្រោយទទួលបានការផ្សព្វផ្សាយទូលំទូលាយ ពាក់ព័ន្ធផ្លូវច្បាប់ និងគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព»។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា លោក ម៉ា ម៉ុន អាយុ៥៩ឆ្នាំ និងលោក ស៊ឹង កីន ភេទប្រុស អាយុ៣១ឆ្នាំ អ្នកទាំងពីររស់នៅភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានប្រគល់អាវុធធុនរ៉េ B40, 50 ជាប់គ្រាប់នៅនឹងកាណុង១ដើម មកឲ្យសមត្ថកិច្ចដោយខ្លួនឯង។
ដោយឡែក កាលពីវេលាម៉ោង០១៖៣០នាទីរសៀលម្សិលមិញ លោក ថោង វន អាយុ៥៥ឆ្នាំ រស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក៏បានប្រគល់អាវុធកែច្នៃ ដែលគាត់បានប្រទះឃើញពេលទៅកាប់ចម្ការ នៅចំណុចអូរដេការ មកប្រគល់ជូនកងកម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីរក្សាទុកផងដែរ។
គួរបញ្ជាក់ថា ការដែលប្រជាពលរដ្ឋប្រគល់អាវុធ២ដើម ខាងលើនេះ ធ្វើឡើងក្រោយពីពួកគាត់បានយល់ច្បាស់អំពីច្បាប់ និងចូលរួមអនុវត្តន៍គោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» ព្រោះថាការរក្សាទុកអាវុធជាតិផ្ទុះ គឺជាអំពើខុសច្បាប់ ប្រសិនបើសមត្ថកិច្ចរកឃើញ និងត្រូវទទួលទោសតាមផ្លូវច្បាប់៕