(ភ្នំពេញ)៖ បន្ទាប់ពីលោក ផៃ ស៊ីផាន បានប្រកាសនឹងដាក់ពាក្យបណ្តឹងប្តឹងបុគ្គល Vanna Hay នៅក្រោយបញ្ចប់ពិធីបុណ្យសព សម្តេចវិបុលបញ្ញា សុខ អាន ពីបទប្រមាថជាសាធារណៈចំពោះ សម្តេចវិបុលបញ្ញា សុខ អាន នៅលើបណ្តាញសង្គម Facebook ដោយនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧នេះលោក ផៃ ស៊ីផាន ក្នុងនាមមន្រ្តីរាជការទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា បុគ្គលឈ្មោះ Vanna Hay ប្រមាថទឹកភ្នែកប្រជាជនរាប់លាននាក់នៅកម្ពុជា បូករួមទាំងឥស្សរជនជាន់ខ្ពស់បរទេសផងដែរ។
លោកបានថ្លែងឲ្យដឹងថា បុគ្គលឈ្មោះ Vanna Hay មិនត្រឹមតែប្រមាថទឹកភ្នែកប្រជាជនរាប់លាននាក់ ក្នុងជួររាជរដ្ឋាភិបាលក៏ដូចជាប្រជាពលរដ្ឋ នៅក្នុងគណបក្សប្រជាជនកម្ពុជា ឬនៅក្រៅក្តី នោះរាប់ទាំងឥស្សរជនជាន់ខ្ពស់បរទេសក៏បានសម្តែងទុក្ខក្រៀមក្រំ ចំពោះការបាត់បង់សម្តេច វិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។
សម្តេចវិបុលបញ្ញា មិនត្រឹមតែជាធនធានជាតិរបស់ខ្មែរប៉ុណ្ណោះទេ ក៏ជាធនធាននៅក្នុងមនុស្សជាតិពិភពលោកផងដែរ។ លើសពីនេះការប្រឆាំង និងទឹកភ្នែក នៅក្នុងអំឡុងពេលកាន់មរណទុក្ខនេះ បុគ្គលនេះក៏វាយប្រហារ ប្រមាថទៅលើវប្បធម៌ថ្លៃថ្នូរ និងជាប្រពៃណីខ្មែរផងដែរ ហើយបុគ្គល រូបនេះបានឈ្លានពានលើទំព័រហ្វេសប៊ុកជាផ្លូវការរបស់ខ្ញុំ ក្នុងទិសដៅញុះញុង់បំបែកបំបាក់បំភ័ន្ត មតិសាធារណជនក៏ដូចជា មន្រ្តីរាជការ និងគណបក្សប្រជាជនកម្ពុជា ដោយយកទំព័រហ្វេសប៊ុកជាផ្លូវការរបស់ខ្ញុំ ធ្វើជាឧបករណ៍ក្នុងបំណងឈ្នានីស នោះបើទោះបីជាខ្ញុំបានលុបចោល ពីទំព័រហ្វេសប៊ុករបស់ខ្ញុំ ក៏នៅតែបន្តសកម្មភាពឈ្លានពាន ដែលខ្ញុំមិនអាចទទួលយកបាន។ អាស្រ័យហេតុដូចនេះ មានតែស្ថាប័នតុលាការ និងច្បាប់ដែលអាចដោះស្រាយនៅក្នុងបញ្ហានេះ។
លោកបានបញ្ជាក់ទៀតថា សូម្បីតែនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នៅពេលទៅកាន់សហរដ្ឋអាមេរិក ក៏សម្តេចបានអញ្ជើញ ដាក់កម្រផ្កាគោរពវិញ្ញាណក្ខន្ធដល់កងទ័ព សហរដ្ឋអាមេរិក បើទោះបីសហរដ្ឋអាមេរិកធ្លាប់បានទម្លាក់គ្រាប់បែក ជិត៣លានតោនលើទឹកដីកម្ពុជា សម្លាប់ ប្រជាជនខ្មែរជាង៥០ម៉ឺននាក់ និងបំផ្លិចបំផ្លាញហេដ្ឋានរចនាសម័្ពន្ធ ធ្វើឲ្យកម្ពុជាធ្លាក់ដល់ ចំណុចសូន្យក៏ដោយ។ នេះបានបង្ហាញថា ជាការគោរពវិញ្ញាណក្ខន្ធដល់អ្នកស្លាប់ ដោយបើកចំហរបេះដូងក្នុងនាម ជាមេដឹកនាំរបស់ ប្រជាជាតិមួយ។