(ឧត្តរមានជ័យ)៖ មន្ដ្រីកាំកុងត្រូលសាខាឧត្ដរមានជ័យ ប្រចាំនៅមាត់ច្រកជាំសាងាំ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ត្រួតពិនិត្យទំនិញនាំចូលពាក់ព័ន្ធម្ហូបអារហារ ពិសេសបន្លែផ្លែឈើ ភេសជ្ជៈ និងចំណីអារហារមួយចំនួន ដែលពលរដ្ឋខ្មែរ នាំយកមកពីប្រទេសថៃ។
មន្ដ្រីកាំកុងក្រូលប្រចាំនៅមាត់ច្រកជាំ បានយកគំរូមួយចំនួនរួមមាន៖ បន្លែ ផ្លែឈើ និងសរសៃគុយទាវ មកពិសោធន៍ ដើម្បីវិភាគរកសំណល់ថ្នាំ កសិកម្ម និងសារធាតុគីមីហាមឃាត់ ដែលបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ជាលទ្ធផល ពុំឃើញមានផ្ទុកសារធាតុគីមីដែលហាមឃាត់នោះទេ។
លោក ខាន់ រ៉ាត់ ប្រធានសាខាកាំកុងត្រូលសាខាខេត្ដឧត្ដរមានជ័យ បានឲ្យដឹងថា ប្រតិបត្តិការត្រួតពិនិត្យទំនិញ នៅតាមច្រកព្រំដែនត្រូវបានធ្វើជាប្រចាំ ទប់ស្កាត់ បង្ក្រាបឲ្យទាន់ពេលវេលា នូវទំនិញមុខម្ហូបអាហារណាខូចគុណភាព គ្មានសុវត្ថិភាព និងក្លែងបន្លំចូលមកកម្ពុជា។
លោកបន្តថា មន្ត្រីជំនាញបានបន្តអប់រំប្រជាពលរដ្ឋ អាជីវករ នៅតាមផ្សារ តាមសាលារៀន តាមគេហដ្ឋាន ត្រួតពិនិត្យជាពិសេសចំពោះការដាក់លក់នំចំណី ឲ្យក្មេងហូបយ៉ាង អានាធិបតេយ្យដែលបង្កប៉ះពាល់សុខភាព គឺមន្ត្រីជំនាញហាមជាដាច់ខាត។
លោកប្រធានកាំកុងត្រូលសាខាខេត្ត បានន្ថែមថា ចំណែកនៅតាមទីផ្សារវិញ គឺមន្ត្រីជំនាញមិនអនុញ្ញាត ឲ្យដាក់លក់ដូររបស់ខូចគុណភាព ឫហួសឌីលេ ដែលហេតុ បណ្តាលឲ្យប្រជាពលរដ្ឋទិញទៅទទួលទានប៉ះពាល់ខូចសុខភាព។ ពេលនោះ ព្រមទាំងបានធ្វើកិច្ចសន្យាធ្វើការណែនាំដល់អាជីវករពីច្បាប់ ស្តីពីសុវត្ថិភាព ម្ហូបអាហារ៕