(ភ្នំពេញ)៖ ថ្នាក់ដឹកនាំប្រចាំសាកលវិទ្យាល័យ ន័រតុន(UN) បានបំពាក់កន្សែងជូនដល់យុវជនកាកបាទក្រហមកម្ពុជា ជាងមួយរយនាក់ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ចំពោះយុវសិស្សនាសាកលវិទ្យាល័យ ក៏ព្រោះតែយុវជនជាសសរទ្រូងនៃប្រទេសជាតិ និងជាគ្រឹះដ៏រឹងមាំរបស់សង្គមកម្ពុជា។
ការបំពាក់កន្សែងនេះមានការចូលរួមពី លោក ពិត ចំណាន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា រួមនិងថ្នាក់ដឹកនាំប្រចាំសាកលវិទ្យាល័យជាច្រើននាក់ទៀត ។
ក្នុងឱកាសនោះ លោក ពិត ចំណាន បានថ្លែងក្នុងពិធីអបអរសាទរ បំពាក់កន្សែងជូនយុវជន កាកបាទក្រហមកម្ពុជាថ្មី ប្រចាំសាកលវិទ្យាល័យ ន័រតុន ថា «ការបង្កើត ក្លឹបយុវជន មិត្តអប់រំមិត្ត អីចឹងសូមមិត្តមេត្តាជួយមិត្ត ក្នុងការរៀនសូត្របន្ថែម អ្នកចេះច្រើនបង្រៀន អ្នក ចេះតិច ធ្វើយ៉ាងណា ឲ្យមិត្តរួមថ្នាក់របស់យើង បានចេញពីសាកលវិទ្យាល័យ នានា នៅកម្ពុជា បានឲ្យការងារ ធ្វើគ្រប់ៗគ្នា ផងដែរ»។
លោកអំពាវនាវ ដល់យុវជននៅកម្ពុជា ត្រូវកសាងអនុស្សាវរីយ៍ ដ៏ល្អនៅក្នុងសាលារៀន ជាមួយមិត្ត កុំឲ្យមិត្តមួយចំនួនធ្លាក់ ចូលគ្រឿងញៀន ។ លោកថា នេះជាភារៈកិច្ចសម្រាប់ យុវជនកាកបាទ ក្រហមកម្ពុជា គ្រប់សាលាទាំងអស់ ត្រូវអប់រំគ្នាទៅវិញទៅមក ទើបសង្គមកម្ពុជា មានការរីកចម្រើនកាន់តែខ្លាំង។
លោក ចាន់ សុខឃាន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យន័រតុន បានឲ្យដឹងថា បច្ចុប្បន្ន សាកលវិទ្យាល័យ ន័រតុន បានយកចិត្តទុកដាក់ពង្រឹង និងពង្រឹងកម្លាំង ព្រមទាំងបណ្ដាញយុវជន កាកបាទក្រហមកម្ពុជា ស្របតាមទិសដៅ យុទ្ធសាស្ដ្រ នៃវិស័យស្នូលទី៤ គឺអភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍន៍ធនធាន របស់កាកបាទក្រហមកម្ពុជា ។
ចំណែកលោក ណាំ ហុង ប្រធានក្លឹមយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យន័តុន មានប្រសាសន៍ថា «យុវជននៅកម្ពុជាចងចាំ មិនភ្លេចនូវគំនិត និងប្រកាន់ភ្ជាប់ នូវវប្បធម៌ចែក រំលែក ដោយដើរស្របតាម គំនិតដ៏ខ្ពង់ខ្ពស់ ប្រកបដោយព្រហ្មវិហាធម៌ បេះដូងមនុស្សធម៌ របស់ សម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដោតទៅលើការ ស្វែងរកមូល និធិសម្រាប់ទ្រទ្រង់ក្លឹបយុវជន កាកបាទក្រហមកម្ពុជា ដើម្បីទុក ជាទុនសម្រាប់ដោះស្រាយ រាល់បញ្ហា លំបាក នានារបស់និស្សិត នៅកម្ពុជាផងដែរ»។
សូមរំលឹកថា សាកលវិទ្យាល័យន័រតុន បានបណ្ដុះបណ្ដាលធនធាន យុវជនកាកបាទក្រហមកម្ពុជា និងជាមូលដ្ឋាន ចំនួន៤លើក ៖ លើកទី១នៅឆ្នាំ២០១០ មានយុវជនសរុបចំនួន១១០នាក់ ,លើកទី២ នៅឆ្នាំ២០១៤ មានយុវជនសរុបចំនួន១៣២ នាក់ ,លើកទី៣ នៅឆ្នាំ២០១៥ មានយុវជន សរុបចំនួន២២នាក់ ,និងវគ្គបណ្ដុះបណ្ដាល លើកទី៤ គឺមានយុវជនសរុប ចំនួន១៥៣នាក់ផងដែរ៕