(បន្ទាយមានជ័យ)៖ លោក គោស៊ុំ សារឿត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះ ជួយខេត្តបន្ទាយមានជ័យ ទទួលបន្ទុកស្រុកភ្នំស្រុក អញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល និងលើកទឹកចិត្តដល់ លោកគ្រូ អ្នកគ្រូ មន្ត្រីការិយាល័យអប់រំស្រុក ជាសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជាប្រមាណ៣៦០នាក់ មកពីសាលារៀននានា ក្នុងឃុំប៉ោចារ និងឃុំស្រះជីក ក្នុងស្រុកភ្នំស្រក នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧នេះ។
លោក គោស៊ុំ សារឿត បានថ្លែងថា បន្ទាប់ពីបានស្តាប់ អ្នកគ្រូនាយិកា លោកគ្រូ អ្នកគ្រូ រាយការណ៍ ការវិវឌ្ឍរីកចម្រើន របស់សាលាការគ្រប់គ្រងថែរក្សា ការបង្ហាត់បង្រៀនសិស្ស និងពីលទ្ធផលនៃការសិក្សារបស់ក្មួយៗកុមារកន្លងមក។
លោកគោស៊ុំ សារឿត បានថ្លែងកោតសរសើរ និងអបអរសារទរចំពោះស្មារតី ទទួលខុសត្រូវខ្ពស់របស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ដែលកន្លងមក បានគ្រប់គ្រងថែរក្សាសាលានេះ ប្រកបដោយអានាម័យបរិស្ថានល្អ បានបង្ហាត់បង្រៀនមើលថែកុមារបានល្អ និងប្រកបដោយសុវត្តិភាព។
ព្រមជាមួយនេះដែរលោកគោស៊ុំ សារឿត បានផ្តល់អនុសាសន៍សូមបន្តការសាមគ្គី សហការជួយគ្នាក្នុងកាងារ បន្តពង្រឹងការគ្រប់គ្រងថែរក្សាសាលា និងបង្កើនការយកចិត្តទុកដាក់បង្ហាត់បង្រៀនក្មួយៗកុមារ ឲ្យកាន់តែល្អ និងមានសុវត្ថិភាព៕