(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការសមាគម អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចញិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានថ្លែងថា «កាលពីអតីតកាលដោយសារប្រទេសមានសង្គ្រាម ប្រជាពលរដ្ឋជំនាន់មុន មិនមានឱកាសរៀនសូត្របានច្រើន ប៉ុន្តែបច្ចុប្បន្នយុវជនមានឱកាសច្រើន បានរៀនសូត្រគ្រប់កម្រិត ដែលទាំងអស់នេះ គឺជាឱកាស និងមោទនភាពនៃធនធានមនុស្សរបស់យើង ដែលយើងបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានជោគជ័យ។ នេះមិនមែនតែមោទនភាពសម្រាប់ផ្ទាល់ខ្លួននោះទេ ប៉ុន្តែគឺជាមោទនភាពសម្រាប់គ្រួសារ និងសង្គមជាតិទាំមូល»។
នៅក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សា ដល់និស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់់ នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត រាជធានីភ្នំពេញថ្ងៃទី១៨ ខែមីនា លោក ហ៊ុន ម៉ាណែត បានបន្តទៀតថា ឆ្នាំ២០១៧បច្ចុប្បន្នប្រព័ន្ធអប់រំ ត្រូវអភិវឌ្ឍឲ្យមានគុណភាព និងប្រសិទ្ធភាពដែលបានទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិដែលមាននិស្សិតបរទេស ក៏បានមកទទួលការបណ្តុះបណ្តាលនៅទីនេះផងដែរ។ នេះគឺជាមោទនភាពនៃវិស័យអប់រំដែលបានបណ្តុះបណ្តាលទាំងចំណេះដឹង សមត្ថភាព សីលធម៌ គុណធម៌ដែលជាគុណប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារនិងសង្គមជាតិ។ យើងមានការរីកចម្រើនមកដល់ថ្ងៃនេះ ប៉ុន្តែនឹងគ្មានការរីកចម្រើនទេ បើគ្មានការអភិវឌ្ឍផ្នែកធនធានមនុស្ស។
លោកសូមកោតសរសើរដល់គណគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ដែលបានខិតខំយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តក្នុងការ បណ្តុះបណ្តាលទាំងចំណេះដឹង សមត្ថភាព សីលធម៌ គុណធម៌ដល់និស្សិតទាំងអស់ សំដៅអភិវឌ្ឍធនធានមនុស្ស ដែលសមិទ្ធិផលទាំងនេះ ពិតជាបានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងប្រទេសជាតិ។
លោក ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា «បរិបទថ្មីរបស់កម្ពុជានាសម័យកាលសន្តិភាព រាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពបង្វែរទិសដៅ និងធនធានផ្តោតលើការអភិវឌ្ឍប្រទេស កាត់បន្ថយភាពក្រីក្រ កសាងហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មសេដ្ឋកិច្ច និងប្រទេសចូលក្នុងតំបន់និងពិភពលោកវិញ។ ការចូលជាសមាជិកភាពសមាគមអាស៊ាននៅឆ្នាំ១៩៩៩ និងអង្គការពាណិជ្ជពិភពលោកនៅឆ្នាំ២០១៣ កម្ពុជាបានបន្តទាក់ទាញអ្នកវិនិយោគបរទេស ចូលមកវិនិយោគក្នុងប្រទេសកម្ពុជា ដោយរក្សានូវកំណើនផលទុនជាតិសរុបជាមធ្យម៧%ជាប្រចាំ»។
លោកចោទជាសំណួរថា តើយើងប្រៀបធៀបនិងវាស់ការរីកលូតលាស់ផ្នែកសេដ្ឋកិច្ចដោយរបៀបណា?
- ជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន
- សមត្ថភាពយុវជន ក៏ត្រូវបានអភិវឌ្ឍហើយទទួលបានឱកាសការងារជាច្រើន
- ប្រាក់បៀវត្សមន្រ្តីរាជការ កងកម្លាំប្រដាប់អាវុធ ក៏ត្រូវបានយកចិត្តទុកដាក់ និងបង្កើនជាប់ជាប្រចាំ
- លទ្ធភាពនៃការបណ្តុះបណ្តាល និងលទ្ធភាពនៃការផលិតរបស់យុវជន ក៏មានការកើនឡើង និងកាន់តែខ្លាំង
- ការទាក់ទាញអ្នកវិនិយោគបរទេស ចូលមកវិនិយោគក្នុងប្រទេសក៏មានការទាក់ទាញបានច្រើន និងចំណុចផ្សេងៗជាច្រើនទៀត។
លោកបានបន្ថែមថា គម្លាតខួរក្បាលមិនអាស្រ័យលើជនជាតិ ពណ៌សម្បុរនោះទេ សិស្សនិស្សិតរបស់កម្ពុជា ក៏មានឱកាសប្រកួតប្រជែងនៅក្នុងទីផ្សារ កាន់តែច្រើនហើយទទួលបានលទ្ធផលល្អ ជាច្រើនបើប្រៀបធៀប និងសិស្សនិស្សិតបរទេសនៅលើពិភពលោក។ ទន្ទឹមនឹងនេះសូមឱ្យនិស្សិតកុំបោះបង់ការសិក្សា ការស្រាវជ្រាវ និងអភិវឌ្ឍខ្លួនបន្ថែមទៀតទាំងសីលធម៌ គុណធម៌ ចំណេះដឹង ព្រោះការសិក្សាមិនចេះចប់នោះទេ ហើយជោគជ័យរបស់និស្សិត គឺជាជោគជ័យរបស់គ្រួសារ និងប្រទេសជាតិ៕