(ស្ទឹងត្រែង)៖ មេបញ្ជាការយោធា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងលោក ជិន ហេង បានរងចោទប្រកាន់ និងពាក្យបណ្តឹងពីបទប្រើហិង្សា ដោយដកកាំភ្លើងគំរាមបាញ់ និងវាយចំនួន៣ដៃ ទៅលើបុរសម្នាក់ដែលជាអ្នកបើករថយន្តឲ្យមន្រ្តីរដ្ឋបាលព្រៃឈើ នៅចំណុចគល់ស្ពានមេគង្គ ក្រុង-ខេត្តស្ទឹងត្រែង តាមផ្លូវជាតិលេខ៩ថ្មី។
ជនរងគ្រោះលោក តាំង ណាំស្រ៊ុន អាយុ២៩ឆ្នាំ រស់នៅស្រុកថាឡាបរិវ៉ាត់ បានទៅដាក់ពាក្យបណ្តឹងនៅការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្នន់ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីសុំឲ្យជួយរកយុត្តិធម៌ និងចាត់ការតាមច្បាប់។
ជនរងគ្រោះបានភ្នាក់ងារ Fresh News នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ថា កាលពីយប់ថ្ងៃទី១៥ ខែមីនា មុនដំបូងលោកបានបើករថយន្តពី ស្រុកថាឡាបរិវ៉ាត់ បំណងឆ្ពោះចូលមកក្នុងខេត្ត ខណៈដល់ចំណុចគល់ស្ពានមេគង្គត្រើយខាងកើត ស្រាប់មានរថយន្តមួយគ្រឿងរបស់លោក ជិន ហេង ដេញតាមមកឈប់ពីក្រោយរថយន្តរបស់លោក ។ ភ្លាមនោះលោក ជិន ហេង បានចេញពីក្នុងរថយន្តទាំងសភាពស្រវឹង ដោយមិនមាននិយាយស្តី១ម៉ាត់ រួចហើយលោក ជិន ហេង ក៏បើកទ្វារថយន្តទាញយកកាំភ្លើងខ្លី មកអា-មេ បើកសោរួចសៀតចង្កេះ។ ស្រាប់តែភ្លាមៗនោះលោក ជិន ហេង ក៏វាយទៅលើលោកចំនួន៣ដៃ (១ដៃត្រូវមុខ និងពីរដៃទៀតត្រូវក្បាល)។ បន្ទាប់មក លោក ជិន ហេង ក៏បានឡើងរថយន្តទៅវិញបាត់ទៅ។
ពាក់ព័ន្ធនិងករណីនេះលោក ជិន ហេង បានបដិសេធថា លោកមិនបានប្រើអំពើហិង្សាទៅលើឈ្មោះ តាំង ណាំស្រ៊ុន នោះឡើយ នេះគ្រាន់តែជាពាក្យមួលបង្កាច់ប៉ុណ្ណោះ។
ចំណែកលោក ដួង ស៊ីវុត្ថា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តស្ទឹងត្រែង បានប្រាប់ថា ជុំវិញរឿងនេះសមត្ថកិច្ចនៅមិនទាន់សម្រេចថា ត្រូវធ្វើយ៉ាងណានោះឡើយដោយសាររង់ចាំប្រមូលភស្តុតាង និងសាក្សីឲ្យបានគ្រប់ទើបបន្តនីតិវិធីទៀត។
ទាក់ទិននិងករណីនេះផងដែរលោកឧត្តមសេនីយ៍ត្រី ស្វាយ ញ៉ន មេបញ្ជាការយោធាសឹករងខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ករណីនេះគឺជារឿងកំប៉ិចកំប៉ុកទេ ហើយចំពោះរឿងដែលមានមន្រ្តីយោធាប្រើប្រាស់អាវុធ ឬក៏យកអាវុធទៅគំរាមកំហែងលើជនណាមួយនោះ គឺជារឿងបុគ្គលមិនមានអ្វីពាក់ព័ន្ធនិងអង្គភាពឡើយ៕