(ភ្នំពេញ)៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារចុះជួយស្រុកសន្ទុក និង លោកស្រី ខៀវ ស៊ីណា បានអញ្ជើញចូលរួមសម្ភោធសមិទ្ធផលថ្មីក្នុងវត្តទៅពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោក ទេព សោភ័ណ្ឌ អភិបាលរងស្រុកសន្ទុក បានឲ្យដឹងថា «សមិទ្ធផលក្នុងវិស័យពុទ្ធសាសនាក្នុងវត្តទីពោ រួមនិងសមិទ្ធិផលនានាអស់ថវិកាសរុប ៤៤៧លាន ១៦៥ពាន់៦០០រៀល និងប្រាក់ដុល្លាចំនួន ៨៦ពាន់២៩៤ដុល្លា ក្នុងនោះរួមមាន ការកសាងព្រះវិហារអស់ចំនួន ៦៣,៨៣៥ដុល្លា និងប្រាក់រៀលចំនួន៤៤៥,៨៦៥,៦០០រៀល ក្នុងនោះថវិការបស់ លោកជា ចាន់តូ និងលោកជំទាវចំនួន ៣៥,៧៧០ ដុល្លា និងពុទ្ធបរិស័ទ ជិតឆ្ងាយចំនួន ២៨,០៦៥ដុល្លា»។
លោកបន្ដទៀតថា ការកសាងសាលាឆាន់ទំហំ ៣១ម៉ែត្រ គុណ ២៥ម៉ែត្រ អស់ចវិការសរុប ៤៤៥,៨៦៥,៦០០រៀល និងប្រាក់ដុល្លាចំនួន ២២,៤៥៩ដុល្លាអាមេរិក ដែលក្នុងនោះមកពីការចូលរួមពីសំណាក់លោក ជា ចាន់តូ និង លោកស្រី ចំនួន ១៣៥លាន ៧១៣ពាន់៧០០រយរៀល និងប្រាក់ដុល្លា ២,៦៧០ដុល្លា មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា ពុទ្ធបរិស័ទចំណុះជើងវត្តនិងសប្បុរសជនជិតឆ្ងាយចំនួន ១០,១៥១,៩០០រៀល និងប្រាក់ដុល្លា ១៤,៧៨៩ដុល្លា ។
ជាមួយគ្នានោះលោក ជា ចាន់តូ បានបញ្ជាក់ថា «សមិទ្ធផលដែលសម្រេចបាននេះពិតជាកើតឡើងដោយការខិតខំប្រឹងប្រែងនិង ការរួមសាមគ្គីគ្នាពិតមែនប៉ុន្តែបើគ្មានសុខសន្តិភាពនិងស្ថិរភាពខាងនយោបាយនោះទេក៏យើងគ្មានឱកាសបានកសាងសមិទ្ធផលនេះឡើងបានដែរ។ហើយតាមរយៈសមិទ្ធផលដែលទទួលបាននាពេលនេះក៏បានឆ្លុះបញ្ចាំងឲ្យឃើញពីការជឿជាក់លើជំនឿយ៉ាងខ្ជាប់ខ្ជួន និងការគោរពប្រតិបត្តិ ចំពោះព្រះពុទ្ធសាសនានិងបានបង្ហាញកាន់តែច្បាស់នូវការគាំទ្រដល់គោលនយោបាយដឹកនាំ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ ដែលជានិច្ចកាលតែងតែបានយកចិត្តទុកដាក់និងខិតខំរកគ្រប់មធ្យោបាយនៅក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសក្នុងនោះរួមទាំងវិស័យព្រះពុទ្ធសាសនាផងដែរ ។ ពិសេសទៀតនោះគឺការដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋ នៅតំបន់ជនបទសំដៅកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ» ។
នៅក្នុងឱកាសនោះដែរ លោក ជា ចាន់តូ នូវបានចាត់ទុកសមិទ្ធផលដែលសម្រេចបានក្នុងវិស័យព្រះពុទ្ធសាសនានាពេលនេះថា ជាការរួមចំណែកផ្ដល់នូវវិភាគទានដ៏ធំមួយ ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនាកានតែរីកចម្រើនផងដែរ។ហើយដើម្បីឲ្យវិស័យព្រះពុទ្ធសាសនា ពិសេសនៅទីអារាមវត្តធម្មនាថកានតែរីកចម្រើនទៀតនោះ លោក ជា ចាន់តូ និង លោកស្រី បានប្រគេន បច្ច័យ ២០លានសម្រាប់កសាងសមិទ្ធផលបន្ត និង នាំយកថវិកា ក្រណាត់ស សៀវភៅ ប៉ិច ជូនដល់លោមយាយលោកតា និង សិស្សានុសិស្សដែលបានចូលរួមផងដែរ ៕