(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យទី១៩ ខែមីនា ឆ្នាំ២០១៧នេះ លោក ផៃ ស៊ីផាន បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News ឲ្យដឹងថា នៅក្រោយបញ្ចប់ពិធីបុណ្យសពសម្តេចវិបុលបញ្ញា សុខ អាន, លោកក្នុងនាមមន្រ្តីរាជការទីស្តីការគណៈរដ្ឋមន្រ្តី នឹងដាក់ពាក្យបណ្តឹងប្តឹង បុគ្គលឈ្មោះ Vanna Hay ដែលបានប្រមាថជាសាធារណៈចំពោះ សម្តេចវិបុលបញ្ញា សុខ អាន នៅលើបណ្តាញសង្គម Facebook។
លោក ផៃ ស៊ីផាន បានថ្លែងប្រាប់យ៉ាងដូច្នេះថា៖ «ខ្ញុំ ផៃ ស៊ីផាន ក្នុងនាមមន្ត្រីរាជការទីស្តីការគណៈរដ្ឋមន្ត្រី សូមប្រកាសជាសាធារណះថា បន្ទាប់ពីបញ្ចប់កម្មវិធីបុណ្យសពសម្តេចវិបុលបញ្ញា សុខ អាន ខ្ញុំនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះ Vanna Hay ដែលបានប្រមាថ ជាសាធារណះ ចំពោះ សម្តេចវិបុលបញ្ញា សុខ អាន ។ សូមបងប្អូនដែលបានស្គាល់បុគ្គលនេះមេត្តាផ្តល់ព័ត៌មានមកខ្ញុំបាទ»។
លោកបានបញ្ជាក់បន្ថែមទៀតថា ដោយកំពុងស្ថិតនៅក្នុងវេលាកាន់ទុក្ខនៃពិធិបុណ្យសពសម្តេចវិបុលបញ្ញា សុខ អាន លោកមិនចង់ឆ្លើយតបដោយ ប្រើប្រាស់ពាក្យសម្តីអសីលធម៌ ចង់រក្សាភាពស្ងៀមស្ងាត់ រង់ចាំដល់ពិធីបុណ្យបានបញ្ចប់នោះ លោកនឹងចាត់វិធានការតាមផ្លូវច្បាប់៕