(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យទី១៩ ខែមីនា ឆ្នាំ២០១៧នេះ ក្រុមគ្រួសារ មន្រ្តីរាជការ និងភ្ញៀវជាច្រើនបានចូលរួមដង្ហែសព សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ទៅកាន់ឈាបនដ្ឋាន មុខវត្តបទុមវត្តី ដើម្បីរៀបចំពិធីបូជា។
នៅក្នុងពិធីបូជាសពសម្តេចវិបុលបញ្ញា សុខ អាន, លោក Muhammad Jusuf Kalla អនុប្រធានាធិបតីឥណ្ឌូនេស៊ី និងលោក Tanasak Patimapragorn ឧបនាយករដ្ឋមន្រ្តីថៃ ក៏បានចូលរួមជាមួយថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា រួមមាន៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី, សម្តេច ហេង សំរិន ប្រធានសភា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត ព្រមទាំងមានវត្តមានមន្រ្តីបក្សប្រឆាំងក៏បានចូលរួមដែរ !
នៅក្នុងពិធីបូជាសពនេះ, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាអ្នកអានវិយោគកថា និងជីវប្រវត្តិ ចំណែកសម្តេចពញាចក្រី ហេង សំរិន ជូនព្រះអគ្គីដល់សពផងដែរ។
គួរបញ្ជាក់ថា សម្ដេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានទទួលមរណភាព កាលពីវេលាម៉ោង១៨៖៣២នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យទីក្រុងប៉េកាំង ប្រទេសចិន ដោយរោគាពាធ ក្នុងជន្មាយុ ៦៦ឆ្នាំ៕
អនុប្រធានាធិបតីឥណ្ឌូនេស៊ី, សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ឧបនាយករដ្ឋមន្រ្តីថៃ Tanasak Patimapragorn