(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧នេះ បរមសពសម្តេចវិបុលបញ្ញា សុខ អាន អតីតសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ កណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី នឹងត្រូវរំកិលយាត្រាចាកចេញ ពីភូមិគ្រឹះសម្តេចទាំងអាឡោះអាល័យជាទីបំផុត ដោយគ្មានថ្ងៃរំពៃវិលវិញឡើយ។ លាទ្រនុំធ្លាប់កំសត់កម្រ លាហើយការិយាល័យ ដែលធ្លាប់ធ្វើការ លាហើយភរិយាជាទីស្រឡាញ់ លាហើយដន្លងប្រុសដន្លងស្រី លាហើយបុត្រាបុត្រីលាចៅប្រុស ចៅស្រីស្មើនឹងជីវិត លាញាតិ លាមិត្ត លាសហការី លាអស់សព្វមុខមន្ត្រី លាប្រជានុរាស្ត្រជាទីស្រឡាញ់ លាអស់បក្សី លាអស់បក្សា ស្រែកយំខ្ញៀវខ្ញាក្នុងសួនក្រោយផ្ទះ លាទាំងជំនាងផ្ទះ លាទេវតាព្រះភូមិ។
ពាក្យលានេះពិតជាធ្វើឱ្យមនុស្សទាំងអស់គ្នាក្តុកត្កួលណែនក្នុងឱរ៉ា និងនឹកឃើញអនុស្សាដែលធ្លាប់សាងរួមគ្នាជាមួយសម្តេចវិបុលបញ្ញា សុខ អាន ក្នុងដំណើរដ៏វែងឆ្ងាយក្នុងការស្តារ និងកសាងឡើងវិញនូវប្រទេសកម្ពុជាពីគំនរផេះផង់់ ឈាមនិងទឹកភ្នែកក្រោយពីបានផ្តួលរំលំរបបខ្មែរក្រហម ប្រល័យពូជសាសន៍ រហូតមកទល់សព្វថ្ងៃជាមួយការអភិវឌ្ឍលើគ្រប់វិស័យគួរជាទីមោទនៈ។
សម្តេចវិបុលបញ្ញា សុខ អាន មានស្រុកកំណើតនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង្ស ខេត្តតាកែវ។ សម្តេចបានឆ្លងកាត់ការសិក្សា និងទទួលបានសញ្ញាបត្រជាច្រើន ព្រមទាំងមានបទពិសោធការងារដ៏សម្បូណ៌បែប។
សម្តេចបានចំណាយពេលមួយជីវិតរបស់សម្តេចដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ។ គុណសម្បត្តិ និងតម្លៃស្នាដៃមួយជីវិតរបស់សម្តេច បានសម្រេចបានយ៉ាងច្រើនក្នុងនោះរួមមាន៖ ១-ជាវរជននៃបេតិកភ័ណ្ឌជាតិខ្មែរ និងបេតិកភ័ណ្ឌពិភពលោក ប្រាង្គប្រាសាទអង្គរ និងប្រាសាទ ព្រះវិហារ។ សម្តេចវិបុលបញ្ញាត្រូវបានអន្តរជាតិ ទទួលស្គាល់ថា ជាស្ថាបនិកដ៏សំខាន់មួយរូបនៅក្នុងបណ្តាឥស្សរជននៅក្នុងយុទ្ធនាការអន្តរជាតិ ដើម្បីសង្គ្រោះ ស្រោចស្រង់ និងគាំពារអភិរក្ស រមណីយដ្ឋានបុរាណអង្គរ។ ២-ជាបណ្ឌិត្យសភាចារ្យ និងជាមរតកនៃបញ្ញាញាណ។ ៣-ជាអ្នកការ ទូតដ៏ចំណាននិងកិច្ចសហប្រតិបត្តិការ ៤-ជាសាក្សី និងជាអ្នកតំណាងនៃយុត្តិធម៌អន្តរជាតិ និងសម្រាប់ប្រជាជនខ្មែរក្នុងដំណើរការជំនុំជម្រះក្តី លើអតីតមេដឹកនាំខ្មែរក្រហម ដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ៥-ជាប្រតិបត្តិករនៃសន្តិភាព និងជាអ្នកឈានមុខនៃ ដំណើរការកែទម្រង់រដ្ឋ ៦-ជាមន្ត្រីអធិបតេយ្យក្នុងការបម្រើជាតិសាសនា ព្រះមហាក្សត្រ ដោយស្មោះត្រង់បំផុតអស់មួយជីវិត និង ៧- ជាស្វាមី ជាឪពុក ជាជីតា និងជារៀមច្បងគ្រួសារក្នុងតម្លៃនៃក្តីស្រឡាញ់។
មរណភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន គឺជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក និងជីតា បាត់បង់នូវសហការី និងបាត់បង់នូវថ្នាក់ដឹកនាំ ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់នូវបញ្ញាវន្តដ៏ឆ្នើម និងជាឥស្សរជននយោបាយដ៏ឈ្លាសវៃមួយរូបរបស់ រាជរដ្ឋាភិបាលកម្ពុជាដែលកន្លងមកសម្តេចបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រដោយស្មោះស ព្រមទាំងបានបូជា កម្លាំងកាយ និងប្រាជ្ញាស្មារតី ចូលរួមក្នុងដំណើរការស្វែងរកសន្តិភាព ការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីលើកកម្ពស់ កិត្យានុភាពជាតិ និងនាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា និងជាពិសេសបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការ នាំយកអតីតមេដឹកនាំខ្មែរ ក្រហមមកជំនុំជម្រះក្តី ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ជូនដល់ជនរងគ្រោះរបបខ្មែរក្រហម ដែលបានស្លាប់បាត់បង់ជីវិត និងជនរងគ្រោះ រួចរស់ជីវិតពីរបបប្រល័យពូជសាសន៍។ សមិទ្ធផល និងស្នាដៃដ៏មានតម្លៃជាច្រើនរាប់មិនអស់ ព្រមទាំងគំរូវីរភាពដ៏គួរឱ្យ គោរពស្ញប់ស្ញែងបំផុតរបស់ សម្តេចវិបុលបញ្ញា សុខ អាន នឹងបានជាពុទ្ធិ ព្រមទាំងជាបទពិសោធដ៏មានសារៈសំខាន់ សម្រាប់កូនខ្មែរជំនាន់ក្រោយបន្ត រៀនសូត្រតាម និងប្រើប្រាស់ដើម្បីជាឧត្តមប្រយោជន៍ជាតិតទៅអនាគត។
នៅពេលនេះ ទោះបីជាសម្តេចវិបុលបញ្ញា បានធ្វើមរណកាលទៅហើយ មិនអាចនិយាយមកកាន់យើងទាំងអស់គ្នាដូចពីមុនក្តីមិនអាចបន្តផ្តល់ ការអប់រំទូន្មានដល់មន្ត្រីក្រោមឱវាទ ដើម្បីក្លាយជាមន្ត្រីល្អបម្រើរាស្ត្រពិតប្រាកដក្តី តែសម្តេចវិបុលបញ្ញា នៅតែដក់ជាប់ក្នុងក្រអៅបេះដូងយើង ទាំងអស់គ្នា និងនៅតែជាគរុគុណដ៏ឆ្នើមពិសិដ្ឋក្នុងការ ជួយពន្យល់ ណែនាំ និងតម្រង់ទិសមន្ត្រីក្រោមឱវាទបំពេញការងារបម្រើរាស្ត្រ និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នៅក្នុងមួយជីវិតរបស់សម្តេចវិបុលបញ្ញា សុខ អាន បានទទួលនូវការគោរពស្រឡាញ់ពីសំណាក់សហការីមន្ត្រីរាជការ និងប្រជាពលរដ្ឋ ជាពិសេស ពលរដ្ឋនៅលើទឹកដីខេត្តតាកែវដែលជាស្រុកកំណើតរបស់សម្តេច។ ជាមួយគ្នានេះ សម្តេចបានធ្វើឱ្យប្រជាពលរដ្ឋចងចាំ និងនឹកឃើញជានិច្ច នូវសេចក្តីអំណត់ព្យាយាម សម្រេចចិត្តប្រកបភាពត្រឹមត្រូវ ឡូស៊ិក និងការដឹកនាំប្រកបដោយភាពទន់ភ្លន់ និងសមិទ្ធផលសំខាន់ៗជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជាសម្រាប់ជំនាន់នេះ និងសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។
នៅក្នុងការចូលរួមអភិវឌ្ឍជាតិឱ្យរីកចម្រើន បម្រើប្រជារាស្ត្រឱ្យបានល្អ សម្តេចវិបុលបញ្ញា សុខ អាន បានលះបង់កាយពលមិនខ្លាចនឿយហត់ឡើយ ពេលខ្លះត្រូវបានជំងឺយាយី ប៉ុន្តែសម្តេចនៅតែខិតខំជម្នះ និងព្យាយាមបំ ពេញតួនាទីទាល់តែជោគជ័យលើភារកិច្ច។ គុណូបក្ការៈ និងស្នាដៃមិន អាចកាត់ថ្លៃបានដែលសម្តេចវិបុលបញ្ញា សុខ អាន សម្រេចបានជូនជាតិមាតុភូមិនេះមិនអាចយកទៅប្រៀបធៀប នឹងនរណាម្នាក់បានឡើយ។ តម្លៃ និងគុណធម៌ របស់សម្តេចចំពោះជាតិ សាសនា ព្រះមហាក្សត្រ ដែលសម្តេចបានលះបង់មួយជីវិតរបស់សម្តេចដើម្បីបម្រើ នឹងត្រូវ បានចងចាំទុកក្នុងចិត្តរបស់ជនានុជនក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ មិនត្រឹមតែនៅលើឆាកជាតិទេ គឺនៅលើ ឆាកអន្តរជាតិថែមទៀតផង។
កេរ្តិ៍ឈ្មោះរបស់សម្តេចវិបុលបញ្ញា សុខ អាន ត្រូវបានល្បីរន្ទឺនៅលើឆាកអន្តរជាតិលើកិច្ចការសំខាន់ៗសម្រាប់ប្រជាជាតិខ្មែរ។ សម្តេចត្រូវបានគេទទួលស្គាល់ថាជាអ្នកចរចាការទូតដ៏មានបទពិសោធដែលមានយុទ្ធសាស្ត្រការទូតទន់ភ្លន់ ម៉ឺងម៉ាត់ និងប្រកបដោយការទទួលខុសត្រូវ។
ការលាចាកលោកនេះ ទៅកាន់ឋានសុគតិភពរបស់សម្តេចវិបុលបញ្ញា សុខ អាន បានបន្សល់ទុកនូវភាពអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបានក្នុង ចំណោមសហការី មិត្តភ័ក្តិ និងមន្ត្រីក្រោមឱវាទ ប្រជារាស្ត្រទូទៅ។ ទោះបីជាមិនបានមកចូលរួមជូនដំណើរសម្តេច ជាលើកចុងក្រោយ ទាំងអស់គ្នា ប៉ុន្តែគ្រប់គ្នាពិតជាមានចិត្តអាណិត អាឡោះអាល័យនឹកស្រណោះក្រៃលែងចំពោះ សម្តេចវិបុលបញ្ញា សុខ អាន ដែលបានសម្រេច ជោគជ័យ បង្កើតស្នាដៃជាច្រើន ជូនជាតិ និងប្រជាជនកម្ពុជា។
សម្តេចវិបុលបញ្ញាជាទីគោរព! សម្តេចបានលះបង់កាយពលកម្លាំងបញ្ញាស្មារតីយ៉ាង ច្រើនក្នុងការចូលរួម ក្នុងការកសាងប្រទេសឱ្យមានការអភិវឌ្ឍ ជឿនលឿនលើគ្រប់វិស័យ។ សម្តេចពិតជានឿយហត់ណាស់ សម្តេចពិតជារវល់ខ្លាំងណាស់ ប៉ុន្តែសម្តេចមិនហ៊ានឈប់សម្រាកឡើយ ព្យាយាមអស់ពីចិត្តក្នុងការជួយជាតិ មាតុភូមិ ទោះបីជាមានជំងឺយាយីក៏ដោយ។ នេះដោយសារតែទឹកចិត្តស្រឡាញ់ជាតិបម្រើប្រជារាស្ត្រ។ ពេលនេះសូមសម្តេចសម្រាកឱ្យបានស្ងប់ចិត្តចុះកូនក្មួយមិត្តភ័ក្តិ សាច់ញាតិ សហការី មន្ត្រីក្រោមឱវាទទាំងអស់នឹងបន្តបេស កម្មអភិវឌ្ឍមាតុភូមិនេះឱ្យកាន់តែខ្លាំងក្លាថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន។
ថ្ងៃនេះ ជាថ្ងៃចុងក្រោយដែលយើងខ្ញុំទាំងអស់គ្នាមកជូនដំណើរសម្តេច ហើយយើងនឹងត្រូវបែកពីសម្តេចជារៀងរហូត។ រូបរាងកាយសម្តេចនឹងត្រូវ ព្រះអគ្គីយកទៅមែន ប៉ុន្តែកេរ្តិ៍ឈ្មោះដ៏ល្អវិសិដ្ឋរបស់សម្តេច ស្នាដៃ និងសមិទ្ធ ផលការងារ ដែលសម្តេចសម្រេចបានជូនជាតិនៅចងចាំជានិច្ច។ ដំបូន្មានល្អៗដែលសម្តេចផ្តល់ឱ្យយើងខ្ញុំដើម្បីជាទុនបំពេញការងារ ម្ហូបឆ្ងាញ់ៗ ដែលសម្តេចធ្លាបបានចែករំលែក ភាពជោគជ័យ និងសេចក្តី សរសើរដែលសម្តេចតែងផ្តល់ឱ្យ និងជាពិសេសកាយវិការប្រកបដោយព្រហ្មវិហារធម៌ និងស្នាមញញឹមរបស់សម្តេចត្រូវបានឆ្លាក់ ជាប់នៅក្នុង បេះដូងយើងខ្ញុំជានិច្ច។ យើងខ្ញុំសូមលើកហត្ថទាំងទ្វេបួងសួង និងជម្រាបលាសម្តេចវិបុលបញ្ញាត្រឹមតែប៉ុណ្ណេះ!
សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំនេះ ជាមួយគ្រួសារញាតិមិត្តទាំងអស់នៃសព និងសូមលំឱនកាយគោរពវិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាក្ខន្ធសព សម្តេចវិបុលបញ្ញាបាន សោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ នេត្រ ភក្ត្រា
មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម និងជាជំនួយការក្រសួងបរិស្ថានទទួលបន្ទុកផ្សព្វផ្សាយ និងព័ត៌មាន