(ពិភពលោក)៖ រឿងរ៉ាវក៏ដូចជាព្រឹត្តិការណ៍សំខាន់ៗជាច្រើន បានកើតឡើងនៅជុំវិញពិភពលោកនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ ដោយខាងក្រោមគឺជាកម្រងរូបភាពនៃព្រឹត្តការណ៍អន្តរជាតិពិសេសៗសម្រាប់ថ្ងៃសុក្រនេះ៖
១៖ ក្នុងជំនួបពិភាក្សាគ្នាជាលើកដំបូងនៅរដ្ឋធានីវ៉ាស៊ីនតោនអំពីការធ្វើពាណិជ្ជកម្ម បញ្ហាអន្តោប្រវេសន៍ និងអនាគតរបស់អង្គការ NATO ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបដិសេធមិនព្រមធ្វើការចាប់ដៃសម្តែងភាពរាក់ទាក់ ជាមួយអធិការបតិអាល្លឺម៉ង់លោកស្រី អែនជេឡា មើគែល នៅចំពោះមុខក្រុមអ្នកសារព័ត៌មានក្នុងសេតវិមាន។
២៖ ក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឺនហេ ប្រមូលផ្តុំគ្នាតវ៉ានិងស្រែកយំនៅទីក្រុងសេអ៊ូល ដើម្បីទាមទារឲ្យតុលាការដកការចោទប្រកាន់ទាំងអស់។
៣៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក រិច ធីល្លឺសុន នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិន បានជួបពិភាក្សាការងារអំពីបញ្ហាមួយចំនួនជាមួយរដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី ក្នុងទីក្រុងប៉េកាំង។
៤៖ នៅក្នុងទីក្រុង Montreal នៃប្រទេសកាណាដា យន្តហោះខ្នាតតូចពីរគ្រឿងបុកគ្នានិងធ្លាក់ចំផ្សារទំនើប ហើយបណ្តាលឲ្យមនុស្សស្លាប់ និងរបួសបួននាក់។
៥៖ ដោយសារតែបម្រែបម្រួលអាកាសធាតុ ទឹកជំនន់ដ៏អាក្រក់បានវាយប្រហារប្រទេសប៉េរូ និងបានឆក់យកជីវិតមនុស្សចំនួន៦២នាក់ និងធ្វើឲ្យប្រទេសនៅតំបន់អាមេរិកខាងត្បូងមួយនេះ ខាងបង់សេដ្ឋកិច្ចអស់៦០០លានដុល្លារ។
៦៖ ព្រលានយន្តហោះអន្តរជាតិតែមួយគត់របស់ប្រទេសកូរ៉េខាងជើង ត្រូវបានក្រុមវាយតម្លៃស្តង់ដារចាត់ចូលទៅក្នុងបញ្ជីឈ្មោះនៃអាកាសយានដ្ឋានលំដាប់អន់មួយនៅលើសកលលោក។
៧៖ ប្រជានជនអាមេរិករាប់ម៉ឺននាក់ បានចូលរួមអបសារទយ៉ាងសប្បាយរីករាយនៅក្នុងទិវាដង្ហែក្បួនព្យុហយាត្រាមានឈ្មោះថា St. Patrick's Day Parade នៅក្នុងទីក្រុងញូយ៉ក៕