(កណ្ដាល)៖ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានគណៈអចិន្ត្រៃយ៍ នៃគណៈពង្រឹងខេត្តកណ្តាល និងជាប្រធានក្រុមការងារ ថ្នាក់ជាតិ ចុះជួយស្រុកកោះធំ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ បានដឹកនាំគណៈប្រតិចុះបើកការដ្ឋានសាងសង់ផ្លូវចំនួន ៤ខ្សែ ជូនប្រជាពលរដ្ឋក្នុងឃុំសំពៅពួន ស្រុកកោះធំ ខេត្តកណ្តាល ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនកសិផល។
ផ្លូវទាំង៤ខ្សែដែលបើកការដ្ឋានសាងសង់នោះ មានផ្លូវបេតុងចំនួន ២ខ្សែ ប្រវែង ១,៣៣៥ម៉ែត្រ និងផ្លូវលំគ្រួសក្រហមចំនួន ២ខ្សែ ប្រវែង ២,២៤០ម៉ែត្រ គ្របដណ្តប់ចំនួន ៥ភូមិ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងរំពឹងថា ពេលសាងសង់រួចរាល់ផ្លូវទាំង ៤ខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីឃុំសំពៅពូន ទៅកាន់រាជធានីភ្នំពេញ។
លោករដ្ឋមន្រ្តី ក៏បានគូសរំលេចជូនប្រជាពលរដ្ឋផងដែរពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។ លោក ស៊ុន ចាន់ថុល បានថ្លែងកើតចេញពីកិច្ចខិតខំនេះ បានធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើន ប្រជាពលរដ្ឋ ក៏មានជីវភាពល្អប្រសើរ។
លោក ស៊ុន ចាន់ថុល បានលើកបង្ហាញនូវសមិទ្ធផលក្នុងស្រុកកោះធំ ដែលស្រុកដែលមានរូបលោកជាប្រធានគណៈពង្រឹងថា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ប្រឡាយទឹក សាលារៀន ត្រូវបានសាងសង់ឡើង ដើម្បីឆ្លើយតម្រូវការរបស់ប្រជាពលរដ្ឋ។ លោករដ្ឋមន្រ្តី បានរំលឹកប្រជាពលរដ្ឋថា សមិទ្ធផលទាំងអស់នេះ គឺកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។
«ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ទើបយើងទទួលបានសមិទ្ធផលជាបន្តបន្ទាប់សម្រាប់ជាតិ ហើយប្រជាពលរដ្ឋមានជីវភាព កាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រមិនបើមិនមានគោលនយោបាយត្រឹមត្រូវ និងកាយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលទេ យើងមិនអាចនាំប្រទេសជាតិឲ្យរីកចម្រើនបានឡើយ»។ លោករដ្ឋមន្រ្តីបញ្ជាក់ បន្ថែម។
ទន្ទឹមនិងការបើកការដ្ឋានសាងសង់ផ្លូវបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានហើយនោះ លោក ស៊ុន ចាន់ថុល ក៏បានដាស់តឿនឲ្យសមត្ថកិច្ច អាជ្ញាធរ ក៏ដូចជាក្រុមការងារចុះជួយស្រុកកោះធំ បន្តប្រឹងប្រែងយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋ។
ដើម្បីដោះស្រាយបញ្ហាឲ្យកាន់តែមានប្រសិទ្ធិភាពលោកទេសរដ្ឋមន្ត្រី បានផ្តល់លេខទូរស័ព្ទទាន់ហេតុការណ៍ចំនួន ៥ខ្សែជូនប្រជាពលរដ្ឋ សម្រាប់ទាក់ទងទៅកាន់ក្រុមការងារថ្នាក់ជាតិ ក្នុងមានគ្រាមានអាសន្ន ឬតម្រូវការចាំបាច់អ្វីមួយនោះ។
លោកទេសរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើទៅប្រជាពលរដ្ឋផងដែរ ត្រូវរក្សាទុកលេខទូរស័ព្ទទាន់ហេតុការណ៍ទាំងនេះកុំឱ្យបាត់ ដោយហេតុថា លេខនេះអាចជួយសម្រាលទុក្ខលំបាកនៅពេលប្រជាពលរដ្ឋជួបប្រទះ ក្នុងជីវិតរស់នៅប្រចាំថ្ងៃ៕