Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្រ្តីឡាវ បានអញ្ជើញចូលគោរពវិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន នៅរសៀលថ្ងៃនេះ

18-03-2017 17:51

(ភ្នំពេញ)៖ លោក ថងលុន ស៊ីសូលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតឡាវ និងភរិយា នៅវេលាម៉ោង៣៖៣០នាទី​រសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលគោរពវិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី។

សូមបញ្ជាក់ថា សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលមរណភាព នៅវេលាម៉ោង០៦៖៣២នាទីល្ងាច នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅក្រុងប៉េកាំង ប្រទេសចិន ដោយរោគាពាធ នៅក្នុងជន្មាយុ៦៦ឆ្នាំ។ ពេលនេះសពសម្តេច កំពុងតែរៀបចំពិធីបុណ្យ នៅគេហដ្ឋានសម្តេច នាសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុនរំកិលចេញពីភូមិគ្រឹះ ឆ្ពោះទៅកាន់ទីឈាបនដ្ឋាន មុខវត្តបទុមវត្តី ដើម្បីបូជាជាកិច្ចបង្ហើយបុណ្យ ម៉ោង៧៖០០ព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ខាងមុខ។

សូមបញ្ជាក់ថា ក្រៅពីនាយករដ្ឋមន្រ្តីឡាវ, ថ្នាក់ដឹកនាំកំពូលៗរបស់សាធារណរដ្ឋឥណ្ឌូនេស៊ី រួមមាន អនុប្រធានាធិបតី ឬរដ្ឋមន្រ្តី​ក្រសួងបរទេស ឥណ្ឌូនេស៊ី ក៏នឹងអញ្ជើញ ចូលរួមក្នុងគោរពវិញ្ញាណក្ខន្ធ និងពិធីបូជាសពសម្តេចវិបុលបញ្ញា សុខ អាន នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ នេះផងដែរ៕