(ត្បូងឃ្មុំ)៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការ ត្រួតពិនិត្យ ហាឡាលកម្ពុជា បានលើកឡើងថា ដោយសារប្រទេសកម្ពុជា មានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទើបយើងមានឱកាសអភិវឌ្ឍខ្លួនលើគ្រប់វិស័យ។
លោក អូស្មាន ហាស្សាន់ បានបន្តថា ហេដ្ឋារចនាសម្ព័ន្ធ កំពុងរីកដុះដាល យ៉ាងឆាប់រហ័ស ប្រព័ន្ធគមនាគមន៍ កាន់តែស្អាត និងអាចធ្វើដំណើរ ដឹកជញ្ជូនកាន់ងាយស្រួល។ ទន្ទឹមនឹងនេះ សហគមន៍ខ្មែរឥស្លាម ក៏បាននឹងកំពុងអភិវឌ្ឍខ្លួន យ៉ាងឆាប់ រហ័ស ដែលយើងអាចមើលឃើញច្បាស់ ពីជីវភាពបងប្អូនឥស្លាមកាន់តែមានភាពធូរធា ហើយ សំណង់អាគារ សាលារៀន និង ស៊ូរ៉ាវ វិហារឥស្លាមដ៏ស្រស់ស្កឹមស្កៃ និងស្រស់ស្អាត មាននៅស្ទើគ្រប់ភូមិឥស្លាម ទូទាំងប្រទេស។
លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ ក្នុងឱកាសដែរលោក និងសហការី អញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម នៅភូមិស្វាយឃ្លាំង ឃុំព្រែកចាម ស្រុកក្រូចឆ្មារ ខេត្តត្បូងឃុំ និងបានបន្ត ទៅសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម នៅភូមិអូរអំពិល ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ។
នៅចំពោះមុខ ថ្នាក់ដឹកនាំឥស្លាម បងប្អូនប្រជាពលរដ្ឋ និងយុវជនជាច្រើនរយនាក់ ដែលភាគច្រើនជាគ្រូបង្រៀនខ្មែរឥស្លាម លោកបានបន្តថា រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជាប្រមុខ បានផ្តល់ និងអនុគ្រោះ សព្វបែបយ៉ាងជូនដល់ សហគមន៍ខ្មែរឥស្លាម ដែលមិនអាចកាត់ថ្កៃបាន។ ទាំងអស់នេះ គឺជាគុណូបការ: ដែលមិនត្រូវមើលរំលង ហើយយើងត្រូវតែ តបស្នងសងគុណ ដោយធ្វើការគាំទ្រចំពោះរាជរដ្ឋាភិបាលវិញ។
លោករដ្ឋមន្ត្រី បានផ្តាំផ្ញើ ឲ្យបងប្អូនសាសនិកឥស្លាមសហការ សាមគ្គីគ្នាជាធ្លុងមួយ ចៀសវាងការបែកបាក់គ្នា ដើម្បីចូលរួមចំណែក ក្នុងការងារអភិវឌ្ឍន៍សង្គមជាតិជាមួយរាជរដ្ឋាភិបាល ប្រកបដោយសុខសន្តិភាព៕