(ភ្នំពេញ)៖ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ ជាខួបលើកទី៤៧ នៃថ្ងៃធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោត្តម សីហនុ ចេញពីអំណាច, លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានទម្លាយព័ត៌មានមួយចំនួន និងដើមចមដែលឈានដល់ការធ្វើរដ្ឋប្រហារ ព្រមទាំងបានអះអាងថា សហរដ្ឋអាមេរិកបាន ទម្លាក់គ្រាប់បែកដោយសំងាត់ និងចំហរជាង៨ឆ្នាំមុនការធ្វើរដ្ឋប្រហារ។ ដោយសហរដ្ឋអាមេរិកបានចាប់ ទំលាក់គ្រាប់បែកជាសំងាត់ តាំងពីឆ្នាំ១៩៦៣ ហើយទំលាក់គ្រាប់កាន់តែចំហរចាប់ពីថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៦៥ ហើយទំលាក់ធ្ងន់ធ្ងរបំផុត ចាប់ពីក្រោយ ថ្ងៃរដ្ឋប្រហារក្នុងឆ្នាំ១៩៧០។
អគ្គនាយកស៉ីម៉ាក់ លោក ហេង រតនា បានបញ្ជាក់យ៉ាងច្បាស់ថា ការទម្លាក់គ្រាប់បែករបស់អាមេរិកលើទឹកដីខ្មែរ និងការជ្រោមជ្រែងឲ្យមាន រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សហីនុ ពីសំណាក់មហាអំណាចអាមេរិក បាននាំឲ្យកម្ពុជាធ្លាក់ចូលរបស់ប្រល័យពូជសាស្ត្រ នាំឲ្យស្លាប់ប្រជាជន ស្លូតត្រង់ជាង៣លាននាក់ ដែលជាប្រវត្តិសាស្ត្រដ៏អាក្រក់បំផុតរបស់ពិភពលោក។
លោក ហេង រតនា បានសរសេររៀបរាប់ទាំងស្រុងយ៉ាងដូច្នេះថា៖ «ថ្ងៃទី១៨ ខែមីនានេះ ជាថ្ងៃខួបនៃការធ្វើរដ្ឋប្រហារនៅកម្ពុជា (១៨ មីនា ១៩៧០-២០១៧) រយៈពេល៤៧ឆ្នាំ ការឈឺចាប់ក្តីសោកដនកម្ម ការកាប់សម្លាប់គ្នាក្នុងសង្គ្រាម របបប្រល័យពូជសាន៍ខ្លួនឯង បានកើតឡើង ដោយសារសង្គ្រាមនេះ។ បើលើកឡើងអំពីដើមចម និងមូលហេតុនៃរដ្ឋប្រហារនេះ គឺមានព័ត៌មានជាច្រើន តែខ្ញុំសុំស្បិចយកខ្លីបំផុត របស់លោក Bernie Sanders ដែលជាបេក្ខជនប្រជាធិបតីអាមេរិកមួយរូប មកពីគណបក្សប្រជាធិបតេយ្យ ហើយក្នុងឆ្នាំ២០១៦កន្លងទៅនេះ Bernie Sanders បានលើកបង្ហាញអំពីការពាក់ព័ន្ធរបស់អាមេរិកក្នុងសង្គ្រាម និងរដ្ឋប្រហារ នៅកម្ពុជាដូចខាងក្រោម៖
តាមពិតទៅ, អំពើរបស់លោក Kissinger ធ្វើការទំលាក់គ្រាប់បែកនៅកម្ពុជា និងរដ្ឋប្រហារទំលាក់សម្តេចព្រះនរោត្តម សីហនុ ដែលធ្វើឲ្យកើតមាន អស្ថិរភាព ជាប្រយោជន៍ផ្តល់ឲ្យឱកាស ប៉ុល ពត និងរបបខែ្មរក្រហមកាន់អំណាច និងសំលាប់ប្រជាជនស្លូតត្រង់ជាង៣លាននាក់ ដែលជារបប ប្រល័យពូជសាសន៍អាក្រក់បំផុត ក្នុងប្រវតិ្តសាស្ត្ររបស់ពិភពលោក!។
សុំបញ្ជាក់សង្គ្រាមអាមេរិកកាំង ជាមួយវៀតណាមបានផ្ទុះឡើង នៅថ្ងៃទី០១ ខែវិចិ្ឆកា ឆ្នាំ១៩៥៥ ហើយទាំងវៀតណាម ដែលមានការគាំទ្រពី ចិននិងរុស្ស៉ី ព្រមទាំងអាមេរិក បានយកប្រទេសកម្ពុជា ជាទីតាំងទ្រនាប់ ឬឈ្នាន់ក្នុងការរចនាយុទ្ធសាស្ត្រយោធា។
អាមេរិកាំងបានចាប់ទំលាក់គ្រាប់បែក ជាសំងាត់តាំងពីឆ្នាំ១៩៦៣ ហើយទំលាក់គ្រាប់កាន់ តែចំហរចាប់ពីថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៦៥ ហើយទំលាក់ធ្ងន់ធ្ងរបំផុត ចាប់ពីក្រោយថ្ងៃរដ្ឋប្រហារក្នុងឆ្នាំ១៩៧០។ មានន័យថាសហរដ្ឋអាមេរិក បានជ្រៀតចូល និងទំលាក់គ្រាប់បែកនៅកម្ពុជា អស់រយៈពេលជាង៨ឆ្នាំមុន ពេលមានរដ្ឋប្រហារ។
សង្គ្រាមជ្រៀតចូលនេះ ធ្វើឲ្យស្ថានភាពដឹកនាំ សន្តិសុខប្រទេសអស្ថិរភាព និងបូកផ្សំភាពជាក់សែ្តង និងសង្គ្រាមចិត្តសាស្ត្រ នៃពួកយៀកកុងចូល ក្នុងទឹកដីកម្ពុជាផង ធ្វើឲ្យប្រជាជនកម្ពុជា ងាយធ្លាក់ខ្លួនក្នុងសង្គ្រាមស៉ីវិល។ សង្គ្រាមបានអូសបន្លាយរហូតដល់ឆ្នាំ១៩៩៨ គិតទៅជាង៣៥ឆ្នាំ ហើយជាលទ្ធផលកម្ពុជា បានជាប់ចំណាត់ដល់ឆ្នាំសូន្យ។ មរតកសង្គ្រាមដែលបានបន្សល់នៅកម្ពុជា គ្មានអ្វីក្រៅពីក្តីវិនាសព្រាត់ប្រាស់ សោកដនាកម្មហិនហោចខ្លោចផ្សា របបវាលវិឃាតប្រល័យពូជសាសន៍ និងសំណល់ជាតិផ្ទុះជាគ្រាប់បែក គ្រាប់បែកគីមីរាប់លានគ្រាប់ដែលបន្ត សម្លាប់កូនខែ្មរតជំនាន់ទៀត។
សូមឆ្លៀតក្នុងឱកាសនេះ សូមអំពាវនាវដល់បងប្អូនទាំងអស់ ខិតខំសែ្វងយល់នូវ ឬសគល់បញ្ហា និងលទ្ធផលនៃសង្គ្រាម។ ត្រូវពូនជ្រុំកំលាំង រក្សាការពារសន្តិភាព ស្គាល់តំលៃសន្តិភាពបានច្បាស់ និងមានគុណធម៌ក្នុងការផ្លាស់ប្តូរ ដែលធានាបានសន្តិភាព និងសុខសុភមង្គលសំរាប់ កូនខែ្មរគ្រប់ៗជំនាន់។ សុំឲ្យយកការឈឺចាប់នៃសង្គ្រាម ជាមេរៀនចំបងក្នុងការបញ្ចៀសឲ្យ បានដាច់ខាតពីការកើតមានសង្គ្រាមជាថី្ម នៅលើព្រះរាជាណាចក្រនេះ»។
អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យ ដែលត្រូវបានឯកភាពដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកំទេចពួកយៀកកុង យួនឈ្លានពាន ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់់ សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺនកន្លែង៕