(ភ្នំពេញ)៖ ការថ្កោលទោសលោក លឹម គឹមយ៉ា តំណាងរាស្រ្ត CNRP និងលោក ហ៊ី យឿន បន្តរីករាយដាលដល់មន្រ្តីរាជការខេត្តតាកែវហើយ ដោយនៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានចេញលិខិតថ្កោលទោសចំពោះការប្រមាថដ៏ធ្ងន់ធ្ងរនេះ។
ក្រៅពីក្រុមនិស្សិត និងយុវជនមួយចំនួន បានចេញមកបន្តបន្ទាប់ថ្កោលទោស ចំពោះការប្រមាថដ៏ធ្ងន់ធ្ងរនេះ, នៅពេលេនះលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ តំណាងឲ្យប្រជាពលរដ្ឋទូទាំងខេត្តតាកែវ ប្រកាសថ្កោលទោស និងចាត់វិធានការដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសបុគ្គលទាំងពីរ ចំពោះពាក្យប្រមាថម៉ាក់ងាយដល់សពសម្តេចវិបុលបញ្ញា សុខ អាន។
សូមជំរាបថា លោក លឹម គឹមយ៉ា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ មណ្ឌលខេត្តកំពង់ធំ បានទទួលស្គាល់ថា សំឡេងបែកធ្លាយនៅលើទំព័រ Facebook ឈ្មោះ «សីហា» ដែលនិយាយវាយប្រហារចំពោះមរណភាព សម្តេចវិបុលបញ្ញា សុខ អាន នោះគឺជាសំឡេង របស់លោក ប្រាកដមែន។ នេះបើតាមការផ្សព្វផ្សាយ របស់កាសែតភ្នំពេញប៉ុស្តិ៍ជាភាសាអង់គ្លេស។