(ភ្នំពេញ)៖ លោក សុខ សុវណ្ណា អតីតនាយកវិទ្យាល័យបាក់ទូក បានបញ្ជាក់ឲ្យដឹងថា អាគារទីចាត់ការវិទ្យាល័យបាក់ទូក បានជួសជុលឡើងវិញជាបណ្តើរៗ ក្រោយប្រមូលថវិការៃអង្គាស បានជាង៥ម៉ឺនដុល្លារ។
លោក សុខ សុវណ្ណា ដែលបានរៃអង្គាសថវិកាជួសជុលវិទ្យាល័យនេះ បានបន្តថាដោយ ពិនិត្យឃើញថា អាគារទីចាត់ការវិទ្យាល័យបាក់ទូកមានសភាពចាស់ទ្រុឌទ្រោម និងមានជ្រាបទឹកពីដំបូល កាលពីចុងឆ្នាំ ២០១៦ កន្លងទៅនេះ លោក និងក្រុមការងារ បានអំពាវនាវដើម្បីប្រមូលថវិកាជួសជុលឡើងវិញ ។
ឆ្លើយតបការអំពាវនាវនេះ អតីតសិស្សសាលាបាក់ទូក និងសប្បុរសនានា បានធ្វើពិធីរៃអង្គាសថវិកាកាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៦កន្លងទៅនេះ បានថវិកាជាង៥ ម៉ឺនដុល្លារ ដើម្បីធ្វើការជួសជុល ដំបូល និងអាគារជាន់ទី១ ឡើងវិញ លាបថ្នាំ អាគារទាំងមូល ប្រព័ន្ធទឹកភ្លើង ធ្វើបន្ទប់ទឹក ជួសជុល ថ្នាក់រៀនគំរូ បំពាក់ក្តាខៀនថ្មី រៀបចំអាហារសាមគ្គី និងឧបត្ថម្ភ លោកគ្រូ អ្នកគ្រូ ដែលចូលនិវត្តន៍ និងដែលកំពុងបង្រៀន ទាំងអស់នូវថវិកាមួយចំនួន។
នៅក្នុងពិធីប្រគល់-ទទួល សមិទ្ធិផលនានា នៅវិទ្យាល័យបាក់ទូក កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ អតីតនាយក សាលា សុខ សុវណ្ណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអតីតសិស្សបាក់ទូកគ្រប់ជំនាន់ និងសប្បុរសជននានា ដែលតែងតែឆ្លើយតបចំពោះការអំពាវនាវរបស់លោកក្នុងការជួយឧបត្ថម្ភទ្រទ្រង់ សាលារួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលទំពាំងស្នងឬស្សី ហើយសមិទ្ធិផលថ្ងៃនេះ ពិតជាកើតចេញពីកិច្ចខិតខំប្រឹងប្រែង ទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ធនធាន សម្ភារៈ របស់ប្អូនៗអតីតសិស្សបាក់ទូកទាំងអស់គ្រប់ជំនាន់ ជាពិសេសប្អូនៗអតីតសិស្សបាក់ឌុបជំនាន់ឆ្នាំ១៩៩៦ ។
អតីតនាយកសាលា សុខ សុវណ្ណា បានស្នើឲ្យ លោកនាយក លោកគ្រូ អ្នកគ្រូ ផ្តល់កិច្ចកិច្ចសហការធ្វើឲ្យដំណើរការសាសង់ ទទួលបាន ជោគជ័យ ហើយសូមប្រគល់សមិទ្ធិផល ដែលបានធ្វើកន្លងមកជូនដល់សាលាចាប់ពីពេលនេះតទៅ និងសូមជួយ ថែរក្សា ឲ្យមានអនាម័យ សោភណ្ឌភាព និងគង់វង្សល្អ ហើយសូមឲ្យចៅៗ ខិតខំរៀនសូត្រឲ្យបានពូកែ ជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន៕