(ភ្នំពេញ)៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផលិតស្ព័តអប់រំស្ដីពី គោលការណ៍ធ្វើការថែមម៉ោង ផ្សព្វផ្សាយដល់កម្មករ-កម្មការិនី ដើម្បីបង្ហាញពីលក្ខខណ្ឌ នៃការធ្វើការថែមម៉ោង របស់កម្មករ-កម្មការិនី។
ជាគោលការណ៍កម្មករ អាចធ្វើការថែមម៉ោងបានតែចំនួន ២ម៉ោងគត់ ក្នុងមួយថ្ងៃ មានន័យថា កម្មករ-កម្មការិនី មិនអនុញ្ញតឱ្យធ្វើការលើសពី១០ម៉ោង ក្នុងមួយថ្ងៃបានឡើយ ហើយការថែមម៉ោងមិនអាចធ្វើជាប់ជាប្រចាំឡើយ ដែលនាំឱ្យប៉ះពាល់ដល់សុខភាពរបស់កម្មករ។ តាមច្បាប់ស្ដីពីការងារ ការថែមម៉ោងត្រូវមានការស្ម័គ្រចិត្តពីកម្មករ ហើយនិយោជកមិនត្រូវបង្ខិតបង្ខំកម្មករ ឱ្យធ្វើការថែមម៉ោងនោះទេ។
ប.ស.ស បានអំពាវនាវដល់កម្មករ-កម្មការិនី ឱ្យចេះបង្ការ និងថែទាំសុខភាព ពោលគឺត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ កន្លែងរស់នៅត្រូវស្អាតជានិច្ច ពិសេសត្រូវបរិភោគអាហារដែលមានជីជាតិ មានដូចជា ត្រី បន្លែ សាច់ ផ្លែឈើ និងភេសជ្ជៈ ដែលមានជាតិស្ករ ជាពិសេសបង្អែម ទឹកអំពៅ និងទឹកសណ្តែក...។ មិនត្រូវបរិភោគលៀសហាល ឬគ្រឿងម្ជូរជំនួសហូបបាយឡើយ។
សូមទស្សនាស្ព័តអប់រំរបស់ ប.ស.ស ដូចខាងក្រោម៖