(ភ្នំពេញ)៖ ១៨ មីនា ១៩៧០ ត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្រ្តខ្មែរថា ជាថ្ងៃដែលលោកសេនាប្រមុខ លន់ នល់ មនុស្សជំនិតបំផុតរបស់ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ សម្តេចព្រះ នរោត្តម សីហនុ បានធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គចេញពីព្រះប្រមុខរដ្ឋនៃសង្គមរាស្រ្តនិយមដ៏រុងរឿងរបស់កម្ពុជា។ ក្រោយការផ្តួលរំលំរបបថ្មីមួយដែលមានសហរដ្ឋអាមេរិកជាបង្អែកចាប់បដិសន្ធិឡើងមានឈ្មោះថា «របបសាធារណដ្ឋខ្មែរ»។
បើទោះបីថ្ងៃជាប្រវត្តិសាស្រ្តនៃការធ្វើរដ្ឋប្រហារនេះបានកន្លងផុតទៅរយៈពេល ៤៧ឆ្នាំទៅហើយក្តី គិតត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ តែភាពមន្ទិលសង្ស័យ និងការខ្វែងគំនិតគ្នាក្នុងសង្គមខ្មែរចំពោះព្រឹត្តិការណ៍ ១៨ មីនា ១៩៧០ នៅតែបន្តមានវត្តមានលើទស្សនៈកូនខ្មែរ ដដែល។
អ្នកស្រឡាញ់ និងស្ម័គ្រស្មោះជាមួយសម្តេច នរោត្តម សីហនុ បានទម្លាក់កំហុស និងចោទប្រកាន់យ៉ាងធ្ងន់ ចំពោះលោកសេនាប្រមុខ លន់ នល់ រួមទាំងព្រះម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ថា ជាជនក្បត់ជាតិ និងចាត់ទុកការធ្វើរដ្ឋប្រហារ ដើម្បីសម្រេចមហិច្ឆតាក្តោបក្តាប់ និងដណ្តើមអំណាចពីសម្តេចនរោត្តម សីហនុ។
សម្រាប់អ្នកស្រឡាញ់ស្ម័គ្រស្មោះជាមួយរបបសាធារណៈរដ្ឋវិញ មិនបានយល់ឃើញដូច្នោះឡើយ ពួកគេនៅតែអះអាងថា រដ្ឋប្រហារនេះ គឺផែនការជាតិមួយរបស់ថ្នាក់ដឹកនាំ និងអ្នកនយោបាយខ្មែរ ដើម្បីបញ្ចៀសភ្លើងសង្រ្គាមចេញពីប្រទេសកម្ពុជាតែប៉ុណ្ណោះ។
លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា គឺជាអ្នកប្រវត្តិសាស្រ្តខ្មែរមួយរូប ដែលបានធំធាត់ក្នុងសម័យសង្គមរាស្រ្តនិយម និង យុវជនមួយរូប បានជ្រូតជ្រាបយ៉ាងច្រើននូវព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត១៨ មីនា ១៩៧០។
ក្នុងបទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News លោក មាណ្ណារ៉ា ដែលសាស្រ្តាចារ្យប្រវត្តិសាស្រ្តកំពុងបង្រៀនតាមសាកលវិទ្យាល័យនានានៅកម្ពុជា មិនបានទម្លាក់កំហុសទៅភាគីណាមួយឡើយចំពោះព្រឹត្តិការណ៍ ១៨ មីនា ឆ្នាំ ១៩៧០នេះ។ ផ្ទុយទៅវិញ លោកបានចាត់ទុកព្រឹត្តិការណ៍នោះថា ជាការគិតគូរមួយរបស់អ្នកនយោបាយខ្មែរជំនាន់នោះ ដើម្បីរៀបចំផែនការជាតិបញ្ចៀសភ្លើងសង្រ្គាមចេញពីដែនដីកម្ពុជា។ ជាពិសេស គឺសង្រ្គាមរវាងវៀតណាមខាងជើង និងវៀតណាមខាងត្បូង ឬ ហៅថា សង្រ្គាមវៀតកុង និងវៀតមិញនោះ។
លោក មាណ្ណារ៉ា បានលើកឡើងថា ក្នុងស្ទើរពេញមួយទសវត្សរ៍ឆ្នាំ៦០ ជាតិសាស្រ្តវៀតណាមខាងជើង និងខាងត្បូង ដែលមានមហាអំណាចចិន និងអាមេរិកជាបង្អែក បានយកដែនដីរបស់កម្ពុជាធ្វើជាសមរភូមិប្រយុទ្ធរបស់ពួកគេនាំមកនូវទុក្ខវេទនាយ៉ាងខ្លាំងសម្រាប់ប្រ ជាជាតិកម្ពុជា។
បើទោះបីព្រឹត្តិការណ៍ ១៨ មីនា ១៩៧០ ជាថ្ងៃប្រវត្តិសាស្រ្តដ៏ឈឺចាប់របស់កម្ពុជាយ៉ាងណាក្តី តែលោក មាណ្ណារ៉ា បានចាត់ទុកព្រឹត្តិការណ៍នោះជាគតិមួយសម្រាប់កម្ពុជានាពេលបច្ចុច្បន្នថា ការសម្រេចចិត្តខុសក្នុងរឿងនយោបាយនឹងនាំឲ្យប្រទេសជាតិធ្លាក់ក្នុងក្តីវិនាសអន្តរាយ។
ខាងក្រោមគឺជាបទសម្ភាសន៍រវាងអ្នកព័ត៌មាន Fresh News ជាមួយលោកសាស្រ្តាចារ្យប្រវត្តិសាស្រ្តខ្មែរ សំបូរ មាណ្ណារ៉ា ពាក់ព័ន្ធនិងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃការធ្វើរដ្ឋប្រហារ ១៨ មីនា ឆ្នាំ១៩៧០៖