(ភ្នំពេញ)៖ លោក លឹម គឹមយ៉ា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមណ្ឌលខេត្តកំពង់ធំ បានទទួលស្គាល់ថា សំឡេងបែកធ្លាយ នៅលើទំព័រ Facebook ឈ្មោះ «សីហា» ដែលនិយាយវាយប្រហារចំពោះមរណភាព សម្តេចវិបុលបញ្ញា សុខ អាន នោះគឺជាសំឡេង របស់លោក ប្រាកដមែន។ នេះបើតាមការផ្សព្វផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ជាភាសាអង់គ្លេស។
កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ Facebook សីហា បានទម្លាយសារសំឡេងអសីលធម៌មួយរបស់តំណាងរាស្រ្តគណបក្ស សង្រ្គោះជាតិ លោក លឹម គឹមយ៉ា សន្ទនាតាមទូរស័ព្ទជាមួយ លោក ហ៊ី យឿន ដែលប្រមាថចំពោះការមរណភាពរបស់សម្តេច វិបុលបញ្ញា សុខ អាន ដែលទទួលមរណភាព ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង០៦៖៣២នាទីល្ងាច នៅមន្ទីរពេទ្យទីក្រុងប៉េកាំង ប្រទេសចិន។ ក្នុងសំឡេងនោះ លោក លឹម គឹមយ៉ា បានប្រមាថថា មរណភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន ដូចទៅនឹង មាន់ជល់ចាញ់។
កាសែតភ្នំពេញប៉ុស្តិ៍ បានដកស្រង់សម្តីរបស់ លោក លឹម គឹមយ៉ា បាទទទួលស្គាល់ថា សំឡេងនោះ គឺជាសំឡេងរបស់លោក ប៉ុន្តែទោះជាយ៉ាងណា លោកអះអាងថា ការនិយាយទូរស័ព្ទជាមួយ លោក ហ៊ី យឿន អគ្គលេខាធិការរងព្រឹទ្ធសភាបែបនោះ គឺជាការនិយាយឯកជន។
កាសែតភ្នំពេញប៉ុស្តិ៍បានផ្សព្វផ្សាយថា៖ «សមាជិកសភា គីមយ៉ា បានអះអាងថា ខ្សែអាត់សំឡេងពិតជាត្រឹមត្រូវ និងបាន សង្កត់ធ្ងន់ចំពោះកិច្ចសន្ទនារវាងសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក Hy Hoeun ដែលលោកបានហៅសម្តេច សុខ អាន ថាជា “មេជល់មាន់” និងបាននិយាយទៀតថា សម្តេច សុខ អាន “ប្របាច់កប្រជាជន ដើម្បីក្លាយជាអ្នកមាន” នោះជាការនិយាយបែបឯកជនប៉ុណ្ណោះ»។
នាថ្មីៗនេះក្រុមនិស្សិត និងអ្នកគាំទ្រសម្តេចវិបុលបញ្ញា សុខ អាន រួមទាំងមន្រ្តីជាន់ខ្ពស់មួយចំនួន បានថ្កោលទោស លោក លឹម គឹមយ៉ា ដែលបាននិយាយប្រមាថដល់ មេដឹកនាំរបស់ពួកគេ។
កាលពីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ម្សិលមិញនេះ សហព័ន្ធនិស្សិត បញ្ញាវ័ន្ត ប្រជាធិបតេយ្យ បានចេញលិខិតថ្កោលទោស យ៉ាងធ្ងន់ធ្ងរចំពោះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លឹម គឹមយ៉ា និងលោក ហ៊ី យឿន អគ្គលេខាធិការរងព្រឹទ្ធសភា ដែលបានប្រមាថមាក់ងាយដោយ អសីលធម៌ចំពោះសម្តេចវិបុលបញ្ញា សុខ អាន តាមរយៈការសន្ទនានៅក្នុងទូរស័ព្ទរវាងទាំងពីរ។ ជាមួយគ្នានេះ ក្រុមនិស្សិតសាកលវិទ្យាល័យ ដែលទទួលបានអាហាររូបករណ៍ របស់សម្តេចវិបុលបញ្ញា សុខ អាន បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដូចគ្នាដែរ៕