(ភ្នំពេញ)៖ ក្នុងសប្តាហ៍នេះ កម្ពុជាបានបាត់បង់ឥស្សជនក្នុងជួរថ្នាក់ដឹកនាំមួយរូប ហើយប្រជាជាតិរួមទាំងមិត្តភក្តិបរទេសផងកំពុងកាន់ មរណទុក្ខដោយគោរពដឹងគុណចំពោះសពសម្តេចវិបុលបញ្ញា សុខ អាន ដែលបាន លាចាកលោកយើងថ្មីៗនេះ ដោយគ្មានថ្ងៃត្រឡប់វិញ។
ក្នុងប្រពៃណីវប្បធម៌ខ្មែរ គេតែងធ្វើពិធី «សុំខមាលទោស» ជូនអ្នកស្លាប់ ហើយបើមានការប្រកាន់ខុសទាស់អ្វី ក៏គេត្រូវ «អហោសកម្ម» ចំពោះអ្នកស្លាប់នៅពេលនេះដែរ។ ក្នុងព្រឹត្តិការណ៍ពេលមានទុក្ខសោកបែបនេះ យើងក៏អាចសង្កេតនិងពិនិត្យមើលលើសកម្មភាព ឥរិយាបទជា «គុណធម៌របស់អ្នកនយោបាយ» ផងដែរ។
ទី១៖ អំពីបក្សប្រឆាំង៖ មេដឹកនាំបក្សប្រឆាំងនិយាយថា «មិនយកខ្មែរណាជាសត្រូវទេ!»។ តើភាសានេះជាក់ស្តែង ឬជាភាសាភូតរ និយាយឲ្យផុតតែពីមាត់?
លើការជាក់ស្តែង ក្នុងករណីមរណភាពរបស់លោក សុខ អាន គឺបក្សប្រឆាំងមិនត្រឹមតែមិនចូលរួមរំលែកទុក្ខទេ ក៏ប៉ុន្តែបក្សប្រឆាំង ក្នុងនោះតំណាងរាស្ត្រ និងសកម្មជនរបស់បក្សប្រឆាំងបានបោះពាក្យសម្តីប្រមាថនិន្ទារដោយអសីលធម៌បំផុត។ ក្នុងទង្វើអគុណធម៌បែបនេះ គេអាចចោទជាសំណួរថា៖ តើនេះឬជាស្មារតីរបស់បក្សប្រឆាំង? នេះជាសារជាតិពិតរបស់សណ្តានអ្នកប្រឆាំងនៅកម្ពុជា? វាជារឿងឆោតល្ងង់ក្នុងនយោបាយ ដែលបក្សប្រឆាំងនឹកមិនឃើញ និងមិនអាចកសាងបាននូវគុណធម៌ក្នុងនយោបាយ។ ផ្ទុយទៅវិញ ទង្វើអគុណធម៌ ក៏បែរជានឹកឃើញលឿនបែបនេះ?
ទី២៖ អំពីបក្សកាន់អំណាច៖ នៅពេលម្តាយក្មេកលោក សម រង្ស៊ី ទទួលមរណភាព បើទោះបីសម្តេចតេជោ ហ៊ុន សែន មិនពេញចិត្តបុគ្គលលោក សម រង្ស៊ី ក៏ប៉ុន្តែ យើងអាចឃើញអំពីគុណធម៌ជាមេដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈ ទី១-លោកហៅទូរស័ព្ទទៅកាន់លោកស្រី ជូឡុង សូមួរ៉ា ភរិយាលោក សម រង្ស៊ី ដើម្បីជាការលើកកម្លាំងចិត្តក្នុងគ្រាមានទុក្ខ និងទី២-សម្តេចបានឲ្យកូនប្រុសរបស់សម្តេច គឺលោក ហ៊ុន ម៉ានី យកសារលិខិតរំលែកទុក្ខនិងបានទៅគោរពសពនៅគេហដ្ឋាន។
នៅពេលលោក ប៉ែន សុវណ្ណ ទទួលមរណភាព លោក ងួន ញិល ដែលជាអនុប្រធានរដ្ឋសភានិងជាតំណាងគណបក្សប្រជាជនកម្ពុជា បានដឹកនាំសហការីអញ្ជើញទៅចូលរួមគោរពសពដោយមិនប្រកាន់អតីតកាលនិងនិន្នាការនយោបាយ។
ការសង្កេតជាទូទៅលើភាពចាស់ទុំខាងនយោបាយរបស់បក្សកាន់អំណាចគឺ តែងតែជួយយកអាសារនិងយកចិត្តទុកដាក់ មិនត្រឹមតែពេលមានទុក្ខ សូម្បីពេលរីករាយ ក៏បក្សកាន់អំណាចបានគិតដល់ដែរ នោះនៅត្រង់ពេលដែលលោក កឹម សុខា ត្រូវបានជ្រើសតាំងជាប្រធានបក្សថ្មី គឺសម្តេចតេជោ ហ៊ុន សែន បានធ្វើសារអបអរសាទរ ដើម្បីជាការលើកទឹកចិត្ត។
មេបក្សប្រឆាំងគ្មានគំនិតបែបនេះទេ។ ខ្ញុំទាញឧទាហរណ៍មួយ នៅក្នុងពេលសម្តេចតេជោ ហ៊ុន សែន ទទួលបានពានរង្វាន់មេដឹកនាំ «សមិទ្ធិផលអាស៊ានមួយជីវិត» ប្រសិនបើពួកប្រឆាំងចេះចាប់ឱកាសនេះ គឺស្មើនឹងរុញសម្តេច ហ៊ុន សែន ឲ្យពិបាកបដិសេធ។ តែណាស់ហើយ! ពេលដែលតែងតែមាន «គំនិតខ្មៅក្នុងខួរក្បាល» គឺពិតជារកគិតល្អមិនឃើញមែន ហើយអត់ឱកាសនឹងធ្វើអំពើល្អមែន!។
ក្នុងនាមម្ចាស់ឆ្នោត យើងសូមជូនសារទៅបក្សប្រឆាំង៖ និយាយ១០០ មិនស្មើនឹងធ្វើម្តង។ ចង់ធ្វើស្រែបានផល ទាល់តែដាក់ពូជល្អនិងខំថែទាំទឹក។ ក្នុងនយោបាយ គឺគេមើលទៅមើលមក ឲ្យទៅឲ្យមក។ ចង់ជួយអ្នកទោសម្តេចនឹងកើត បើមិនចេះប្រើឱកាស និងគ្មានចិត្តបុណ្យក្នុងខ្លួនផងនោះ!? បើអ្នកនយោបាយគ្មានចិត្តទូលាយ មិនចេះប្រើឱកាស គួរទៅដាំស្មៅឲ្យគោស៊ីវិញល្អជាង!។
មេដឹកនាំល្អ មានចំណុចគន្លឹះសំខាន់២គឺ៖ វិន័យជាសីលធម៌ និងគុណធម៌។ ផ្ទុយទៅវិញ នៅពេលដែលសីលធម៌ស្មោកគ្រោក និងអគុណធម៌ គឺគេគ្មានតម្លៃក្នុងការដឹកនាំនោះទេ ហើយក៏គ្មានវាសនាដឹកនាំប្រទេសជាតិទេ៕
ដោយ៖ សេនាជាតិ