(ភ្នំពេញ)៖ ថ្ងៃនេះជាថ្ងៃគម្រប់ខួបលើកទី៤៧ឆ្នាំ នៃការធ្វើរដ្ឋប្រហារ (១៨ មីនា ឆ្នាំ១៩៧០) ទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋ ពីសំណាក់លោកសេនាប្រមុខ លន់ នល់ និងបក្ខពួកមួយចំនួនទៀត ដែលជាដើមចមនាំឲ្យប្រទេសកម្ពុជា ធ្លាក់ចូលទៅក្នុង ភ្នក់ភ្លើងសង្គ្រាមស៊ីវិលពេញផ្ទៃប្រទេស រហូតឈានដល់កើតមានរបបវាលពិឃាតថែមទៀតផង។
ការធ្វើរដ្ឋប្រហារនេះ កើតឡើងនៅអំឡុងពេលសម្តេចព្រះនរោត្តម សីហនុ កំពុងធ្វើដំណើរទៅ អឺរ៉ុប សហភាពសូវៀត និងចិន ហើយបាតុកម្មប្រឆាំង វៀតណាម ទ្រង់ទ្រាយធំជាច្រើនបានផ្ទុះឡើងនៅភ្នំពេញ។ ក្រុមបាតុករបានវាយប្រហារស្ថានទូតវៀតណាមខាងជើង និងវៀតកុង (រដ្ឋាភិបាល បដិវត្តន៍បណ្ដោះអាសន្ន សាធារណរដ្ឋវៀតណាមខាងត្បូង)។
មានមនុស្ស៣រូបជាមេគំនិតនាំឱ្យមានព្រឹត្តិការណ៍១៨ ខែមីនា ឆ្នាំ១៩៧០ គឺទី១៖ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ, ទី២៖ ឧត្តមសេនីយ៍ ឬសេនាប្រមុខ លន់ នល់ និងទី៣៖ អ៉ិន តាំ, ដោយហេតុនេះ ទើបមនុស្សទាំង៣រូបនេះត្រូវបានគេហៅថា «មនុស្ស១៨មីនា»។
សៀវភៅឈ្មោះសាធារណរដ្ឋខ្មែររបស់បណ្ឌិតសាស្ត្រាចារ្យ រស់ ចន្ត្រាបុត្រ បានអះអាងថា ព្រឹត្តិការណ៍រដ្ឋប្រហារកើតឡើងទៅបានដោយសារមានការសម្របសម្រួលនៃការបន្លំរបស់មនុស្សទី៤ គឺវរៈសេនីយ៍ លន់ ណុន ដែលជាប្អូនប្រុសបង្កើតរបស់ឧត្តមសេនីយ៍ លន់ នល់។ លន់ ណុន ត្រូវបានគេជឿថា ជាមនុស្សខ្ចីដៃព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ធ្វើឱ្យរដ្ឋប្រហារមួយនៅប្រទេសកម្ពុជាប្រកបដោយជោគជ័យ។ លន់ ណុន បានធ្វើការជាច្រើន គឺអាចនិយាយថា ធ្វើច្រើនជាង លន់ នល់ ដែលជាបងប្រុសរបស់គាត់ និងជាមនុស្សម្នាក់ចេញមុខទទួលខុសត្រូវក្នុងការធ្វើរដ្ឋប្រហារទំលាក់សម្តេច សីហនុ ទៅទៀត។
នៅក្នុងសម័យសង្គ្រាមនៅវៀតណាម ភ្នាក់ងារស៊ើបអង្កេតអាមេរិក CIA បានផ្តោតការយកចិត្តទុកដាក់ខ្ពស់មកលើប្រទេសកម្ពុជា ព្រោះជាប្រទេស ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម ក្នុងគោលដៅប្រើប្រាស់ដែនដីនេះដើម្បីដាក់ពង្រាយទ័ព ឬទាញយកផលប្រយោជន៍ភូមិសាស្ត្រ នយោបាយ ដើម្បីវាយកម្ទេចវៀតណាមខាងជើង ដែលប្រកាន់យករបបកុម្មុយនីស្ត។ ជាអកុសល សម្តេចព្រះនរោត្ត សីហនុ ដែលពេលនោះ ទ្រង់ជាព្រះប្រមុខរដ្ឋកម្ពុជា ប្រកាន់យកនយោបាយ អព្យាក្រឹត្យ ដោយប្រកាសថា មិនបើកចំហចំពោះមហាអំណាចមួយនេះជាដាច់ខាត។
ដោយយល់ឃើញថា មានមនុស្សម្នាក់ដែលអាចអនុញ្ញាតឱ្យកម្ពុជា បើកទ្វារទទួលអាមេរិកបាននោះគឺលោកសេនាប្រមុខ លន់ នល់ ទើបប្រទេសមហាអំណាចមួយនេះ ជួយលោកឱ្យឡើងកាន់អំណាចនៅកម្ពុជា តាមរយៈការធ្វើរដ្ឋប្រហារទម្លាក់ព្រះប្រមុខរដ្ឋ សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។
ក្រោមការដឹកនាំរបស់សេនាប្រមុខ លន់ នល់ សេដ្ឋកិច្ចកម្ពុជាត្រូវធ្លាក់ចុះ ហើយភាពអត់ឃ្លានបានកើតឡើង ប្រជាពលរដ្ឋកម្ពុជានៅតាមព្រំប្រទល់ ភាគខាងត្បូង ប្រឈមមុខនឹងការទម្លាក់គ្រាប់បែក ក្រោមស្នាដៃអាមេរិក ដែលមានន័យថា អាមេរិកត្រូវទទួលខុសត្រូវលើភាពវិនាសហិនហោចនេះ។ មិនតែប៉ុណ្ណោះក៏មានការចោទ ជាសំណួរថា តើ CIA ជាអ្នកត្រួសត្រាយផ្លូវសម្រាប់របបខ្មែរក្រហមមកគ្រប់គ្រងប្រទេសកម្ពុជា ឬយ៉ាងណា?
នៅភាគខាងត្បូងប្រទេសកម្ពុជា បានរងការទម្លាក់គ្រាប់បែកដោយសហរដ្ឋអាមេរិក វាបានធ្វើឱ្យស្ថានភាពកម្ពុជាធ្លាក់ចុះដុនដាបជាខ្លាំង ដែលជាការបង្កើតឱកាសមាសសម្រាប់ខ្មែរក្រហម ចូលមកគ្រប់គ្រងប្រទេសកម្ពុជាបានយ៉ាងងាយស្រួល។ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ ខ្មែរក្រហមបាន សម្លាប់ប្រជាពលរដ្ឋខែ្មរអស់ជិតពាក់កណ្តាល។ ប៉ុន្តែ CIA និងពិភពលោកខាងក្រៅ បែរជាមិនបានដឹងពីរបបដ៏ឃោរឃៅទាំងនេះទៅវិញ។ ទោះជាយ៉ាងណា របបសាធារណៈរដ្ឋដែលដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ មានរយៈពេលតែ៥ឆ្នាំប៉ុណ្ណោះ។ ចំណែកជីវិតចុងក្រោយរបស់លោក លន់ នល់ ត្រូវបានស្លាប់នៅលើរដ្ឋហាវៃ សហរដ្ឋអាមេរិក នៅលើទឹកដីដែលជាមេខ្លោងរបស់ខ្លួន មិនបានស្លាប់នៅលើទឹកដីមាតុភូមិកម្ពុជានោះទេ។
* កម្ពុជាឆ្នាំ១៩៦៩៖
នៅក្នុងឆ្នាំ១៩៦៩ សហរដ្ឋអាមេរិក បានសម្រេចទម្លាក់គ្រាប់បែក B-52 លើដែនដីកម្ពុជា សម្លាប់មនុស្សជាង៥០ម៉ឺននាក់ និងបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជា ក្រោមលេសថា កម្ពុជាបានផ្តល់ជម្រកសម្រាប់វៀតណាមខាងជើង។
* កម្ពុជាឆ្នាំ១៩៧០៖
សម្តេចព្រះនរោត្តម សីហនុ បានសរសេរក្នុងសៀវភៅរបស់ទ្រង់ក្នុងឆ្នាំ១៩៧៣ ថា CIA ជាអ្នកនៅពីក្រោយរដ្ឋប្រហារទម្លាក់ទ្រង់ នាខែមីនា ឆ្នាំ១៩៧០។ យ៉ាងនេះក្តី អតីតប្រធានាធិបតីអាមេរិកលោក Richard Nixon នៅតែចេញបទបញ្ជាឱ្យឈ្លានពានដែនដីកម្ពុជា ដើម្បីកំណត់ទីតាំង និងបំផ្លាញការិយាល័យរបស់វៀតណាមខាងជើង។ ក្រៅពីនេះគេហទំព័រ Wikipedia ក៏បានចោទប្រកាន់ភ្នាក់ងារ CIA ថាបានជួញដូរអាភៀន ពីដែនដីភាគខាងកើតប្រទេសកម្ពុជា ទៅកាន់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ១៩៧០ផងដែរ។
* កម្ពុជាឆ្នាំ១៩៧២៖
សមាជិកសភាអាមេរិកលោក Clifford P.Case បានបង្ហាញការគាំទ្រចំពោះច្បាប់កាត់ផ្តាច់ជំនួយនានាសម្រាប់ CIA និងយោធាដែលធ្វើ ប្រតិបត្តិការនៅកម្ពុជា ដែលចូលជាធរមាននៅក្នុងខែធ្នូ ឆ្នាំ១៩៧២។
* កម្ពុជា ឆ្នាំ១៩៨២៖
ក្នុងខែធ្នូ ឆ្នាំ១៩៧៨ រយៈពេលបីឆ្នាំកន្លះបន្ទាប់ពីការដកទ័ពអាមេរិកពីតំបន់ឥណ្ឌូចិន ប្រទេសវៀតណាម បានវាយលុកកម្ពុជា ដើម្បីបញ្ចប់របប ប្រល័យពូជសាសន៍ប៉ុលពត។ ក្នុងឆ្នាំ១៩៨២ រដ្ឋាភិបាលរបស់លោក Reagan បានបញ្ជូនជំនួយដល់ក្រុមប្រឆាំងនៅក្នុងប្រទេសកម្ពុជា ដែលមិនមែនជាពួកកុម្មុយនីស្ត ដើម្បីវាយប្រឆាំង នឹងប្រទេសវៀតណាម។ យ៉ាងនេះក្តីមានការលើកឡើងថា ជំនួយទាំងនោះមួយចំនួនបែរ ជាធ្លាក់ទៅក្នុងដៃខ្មែរក្រហមទៅវិញ។ សូមរំលឹកថា យោធាវៀតណាម បានដកចេញពីប្រទេសកម្ពុជាទាំងស្រុងក្នុងឆ្នាំ១៩៨៩។
យោងតាមឯកសារបានឲ្យដឹងថា នៅថ្ងៃបន្ទាប់ ១៨មីនា ពួកកងទ័ពបានប្រមូលផ្ដុំនៅទីតាំងជុំវិញរាជធានី ហើយការជជែកតទល់ត្រូវបានប្រារព្ធ ឡើងនៅខាងក្នុងរដ្ឋសភាក្រោមការដឹកនាំរបស់ អ៉ិន-តាំ។ សមាជិកម្នាក់នៃសភានេះលោក គឹម-ផុន បានចេញមុខប្រឆាំង (ក្រោយមកត្រូវគេសម្លាប់ នៅកំពង់ចាម)។ អ្នកនៅសេសសល់នៅក្នុងសភា បានបោះឆ្នោតជាឯកច្ឆន្ចដើម្បីយកមាត្រា១២២ នៃរដ្ឋធម្មនុញ្ញកម្ពុជាមកប្រើ ដើម្បីដកសេចក្ដីទុកចិត្តពីសម្តេចព្រះនរោត្តម សីហនុ។ លន់-នល់ បានកាន់កាប់អំណាចប្រមុខរដ្ឋជាបណ្ដោះអាសន្ន កាលនោះតំណែងរដ្ឋសភា ត្រូវបានកាន់ដោយប្រធានមហាសន្និបាត ឆេង-ហេង៕
សូមស្តាប់ការធ្វើអត្ថាធិប្បាយជាភាសាខ្មែរ៖