(ភ្នំពេញ)៖ សម្លេងរោទិ៍ Call Tune ដែលបងប្អូនហៅទូរស័ព្ទបន្លឺសម្លេងថា «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ជារបស់ឯកជន មិនមែនជារបស់រដ្ឋនោះទេ សូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ សូមអរគុណ» នឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ខាងមុខ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នៅក្បែរនាយករដ្ឋមន្រ្តី ថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ។
មន្រ្តីជាន់ខ្ពស់នៅក្បែរនាយករដ្ឋមន្រ្តីដដែលរូបនោះ បានបញ្ជាក់ថា ការសម្រេចឲ្យក្រុមហ៊ុនទូរស័ព្ទទាំងអស់នៅកម្ពុជាបញ្ចប់ការបន្លឺសម្លេងរោទិ៍ (Call Tune) នេះ ដោយសារបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនបានទទួល និងយល់ដឹងអំពីព័ត៌មាននេះហើយ។ ប៉ុន្តែសម្រាប់ការផ្សព្វផ្សាយ នៅតាមកញ្ចក់ទូរទស្សន៍, សារព័ត៌មាននានា និងគេហទំព័រនៅបន្តដដែល។
សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ បន្តអំពាវនាវដោយទទូច និងបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា មីក្រូហិរញ្ញវត្ថុទាំងអស់ ដែលផ្តល់ប្រាក់កម្ចីរបស់ប្រជាពលរដ្ឋ មិនមែនជារបស់រដ្ឋនោះទេ។ ដោយឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ និងស្នើក្រុមហ៊ុនទូរស័ព្ទផ្លាស់ប្តូរសម្លេង Call Tune របស់ខ្លួននៅពេលហៅទូរស័ព្ទ។
ការប្រកាសបែបនេះរបស់សម្តេចធ្វើឡើង នៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ៕