(ភ្នំពេញ)៖ លោកស្រី អ៉ីរីណា បូកូវ៉ា អគ្គនាយិការអង្គការយូណេស្កូ បានសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំជាមួយនិងក្រុមគ្រួសារសពសម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងបានចាត់ទុកមរណភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន គឺជាការបាត់បង់ដ៏ធំធេងសម្រាប់សហគមន៍ពិភពលោក ដែលយកចិត្តទុកដាក់លើការងារអភិរក្សបេតិកភណ្ឌ។
នៅក្នុងលិខិតចូលរួមរំលែកមរណទុក្ខអគ្គនាយិការអង្គការយូណេស្កូ បានរំលេចថា សម្តេចវិបុលបញ្ញា គឺជាស្ថាបនិកដ៏សំខាន់មួយរូបនៅក្នុងយុទ្ធនាការអន្តរជាតិ ដើម្បីសង្រ្គោះ ស្រោចស្រង់ និងគាំពារអភិរក្សរមណីយដ្ឋានបុរាណអង្គរ ព្រមទាំងនៅក្នុងដំណើរការចុះរមណីយដ្ឋាននេះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូកាលពីឆ្នាំ១៩៩២។
លោកស្រី បានគូសបញ្ជាក់ដូច្នេះ «អាស្រ័យដោយឆន្ទៈ ជំនាញ និងភាប៉ិនប្រសព្វគ្មានពីររបស់សម្តេច បានធ្វើឲ្យសម្តេចវិបុលបញ្ញា សុខ អាន ក្លាយជាបុគ្គលដ៏សំខាន់មួយរូបក្នុងបណ្តាឥស្សរជនដ៏កម្ររកបាននៅលើសាកលលោក ដែលអាចជះឥទ្ធិពលជាវិជ្ជមាន ព្រមទាំងលើកកម្ពស់ដល់កិច្ចការពារ និងអភិរក្សរមណីយដ្ឋានធម្មជាតិ និងវប្បធម៌យ៉ាងទូលំទូលាយ គឺមិនត្រឹមតែនៅក្នុងព្រំប្រទល់ខណ្ឌសីមា នៃព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ»។
លោកស្រីបន្តថា «សម្តេច គឺជាកល្យាណមិត្តដ៏សំខាន់មួយរូបរបស់អង្គការយូណេស្កូ ដោយជាបន្តបន្ទាប់សម្តេចបានទទួលតួនាទីជាប្រធានគណៈកម្មការជាតិកម្ពុជាសម្រាប់យូណេស្កូ ប្រធានអាជ្ញាធរអប្សរា និងជាប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក។ សម្តេចបានចាត់ទុកបេតិកភណ្ឌ គឺជាមូលដ្ឋានគ្រឹះ នៃសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងជាយន្តការសម្រាប់ការសន្ទនាគ្នា ដើម្បីសន្តិភាព»។
សូមរំលឹកដែរថា សម្តេចវិបុលបញ្ញា សុខ អាន បានទទួលមរណភាព កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ០៦:៣២នាទីល្ងាច នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។ សម្តេច គឺជាមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលបានធ្វើការបម្រើប្រទេសជាតិអស់រយៈពេលជាច្រើនឆ្នាំ និងតែងមានស្វាមីភក្តិចំពោះរាជបល្ល័ង្គ ការពារ និងគោរពព្រះពុទ្ធសាសនា ដើម្បីនិរន្តរភាពរបបរាជានិយម និងវឌ្ឍនភាពនៃព្រះរាជាណាចក្រកម្ពុជា។
មរណភាពរបស់សម្តេច ជាការបាត់បង់ឥស្សរជនដ៏ឆ្នើមនៅក្នុងជួររាជរដ្ឋាភិបាលកម្ពុជា និងជាការបាត់បង់នូវស្វាមី បិតា បិតាក្មេក និងជីតាជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ នៅក្នុងក្រុមគ្រួសាររបស់សម្តេចទាំងមូល៕