(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ នៅសាលាខេត្តសៀមរាប មានរៀបចំពិធីប្រគល់គោរមងារ វិស្វករកិត្តិយសជាន់ខ្ពស់អាស៊ាន នៃអង្គការសហព័ន្ធ វិស្វករអាស៊ាន ជូនដល់លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប, លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត ដែលមានស្នាដៃក្នុងការខិតខំកន្លងមក នៃកិច្ចអភិវឌ្ឍន៍ខេត្តលើគ្រប់វិស័យ សំខាន់ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំងក្នុងក្រុង និង ជនបទ ដោយគោរពទៅតាមរចនាបទគោលការណ៍នគរូបនីយកម្ម តាមបែបវិទ្យាសាស្ត្រទំនើប នៃការវិវត្តបច្ចេកវិទ្យា សំដៅ ធ្វើឲ្យក្រុងប្រវត្តិសាស្ត្រសៀមរាប នៅតែរក្សាបានកិត្យានុភាព កិត្តិយសដូចបុរាណសម័យមហានគរ ដែលជាទីក្រុងធំជាងគេមានកម្រិត ស្ថាបត្យកម្មដ៏កំពូល និង មានស្នាដៃឆ្នើមខាងផ្នែកគណិតវិទ្យា និងតារាវិទ្យា ព្រមទាំងបានបង្កប់នូវអត្ថន័យសិល្បះច្រើនប្រការ និង គ្រប់ទស្សនៈបន្ស៊ីគ្នា បង្កើតជាមូលធម៌ដ៏មហាអស្ចារ្យរបស់ដូនតាខ្មែរ ដែលសុទ្ធតែជាកំពូលនៃមនុស្សមានទេពកោសល្យផ្នែកវិស្វកម្ម។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប, លោក ប្រាក់ មិន អនុប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា និងលោកបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត។
លោក ប្រាក់ មិន ក៏បានលើកឡើងផងដែរ អំពីនីតិវិធីក្នុងការវាយតម្លៃលើការដាក់នូវពិន្ទុក្នុងការជ្រើសរើសបុគ្គលដែលឆ្នើម ក្នុងការដឹកនាំចូលរួម នូវស្មារតីជួយជ្រោមជ្រែង គាំទ្រលើការរៀបចំផែនការមេ ក្នុងការអភិវឌ្ឍក្រុងនិងជនបទ ឲ្យបានសមស្របតាមស្ថានភូមិសាស្ត្រ ធម្មជាតិដើមី្ប ផ្តល់នូវគោរមងារវិស្វករ កិត្តិយសជាន់ខ្ពស់អាស៊ាន ដែលមានលក្ខណៈពីរយ៉ាងផងដែរ។ ម៉្យាងទៀតការផ្តល់នូវគោរមងារកិត្តិយសនេះ គឺធ្វើ ទៅតាមលក្ខ័ន្ត ដោយផ្អែកទៅលើស្នាដៃក្នុងកិច្ចកសាងសមទ្ធិផល និង កិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋានសំដៅក្នុងការបម្រើផល ប្រយោជន៍របស់ប្រជាពលរដ្ឋ ។
លោកបណ្ឌិត ឃឹម ប៊ុនសុង បានបញ្ជាក់ថា ខេត្តសៀមរាប ជាខេត្តស្ថាបត្យកម្ម ដែលមានជាយូរលុងមកហើយ ដោយសម្អាងទៅលើសំណង់ ស្ថាបត្យកម្ម នៃប្រាង្គប្រាសាទអង្គរ។ ម៉្យាងទៀតការរៀបចំវិស្វករនៅទីនេះក៏មានច្រើន ដែលជាកត្តាសំខាន់បំផុតនោះគឺប្លង់ស្ថាបត្យកម្មយើង ដែលមានប្រវត្តិនៅលើទឹក ដីអង្គរនៃយើង ដែលជាដូងព្រឹងជាតិខ្មែរ។ លោកបណ្ឌិត បានបន្តទៀតថា ថ្ងៃនេះជាកិត្តិយសរបស់ខេត្តសៀមរាប ដែលទទួលបាននូវតួនាទីជាវិស្វករកិត្តិយសជាន់ខ្ពស់អាស៊ាន ដើមី្បពង្រឹងលើការងារគ្រប់គ្រងសំណង់ និងហេដ្ឋារចនាសម្ព័ន្ធវិស័យសំណង់សម្រាប់ទៅថ្ងៃអនាគត ឲ្យកាន់តែមានភាពប្រសើរឡើង។
លោកបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើង អំពីបណ្តាប្រទេសមួយចំនួន ដែលមានភាពរឹងមាំទៅលើហេដ្ឋារចនាសម្ព័ន្ធសំណង់ទាំងឡាយ ដោយសំណង់ទាំងនោះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្តរបស់ក្រុមវិស្វករជំនាញ ហើយនៅពេលអនាគត ក្រុមវិស្វករទាំងអស់ គឺជាអ្នកទទួល ខុសត្រូវពីបញ្ហាទាំងនេះ។ លោកបណ្ឌិត បានលើកនូវភាពជាក់ស្តែងមួយចំនួន ដែលបានកំពុងកើតមាន នៅក្នុងខេត្តសៀមរាប អំពីបញ្ហា សំណង់ក្នុងក្រុង ដែលមានលក្ខណៈហួសពីសមត្ថភាព របស់ក្រុមជំនាញ ដោយការស្ថាបនាសំណង់ទាំងនោះជាវិស្វករបរទេស ដោយរកអ្នក ទទួលខុសត្រូវមិនឃើញ តែនៅ ពេលមានគ្រោះឧប្បន្ទវហេតុណាមួយកើតឡើង តើត្រូវឲ្យខាងណាទទួលខុសត្រូវ។ ម៉្យាងទៀតគ្រប់សំណង់ទាំង ឡាយណាធ្វើហើយ យើងក៏ត្រូវធ្វើការត្រួតពិនិត្យឡើងវិញ ដោយសំណង់ទាំងនោះមិនបានឆ្លងកាត់សេដ្ឋកិច្ចវិស្វករ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានគូសបញ្ជាក់ថា ក្រោយជ័យជំនះ៧មករា១៩៧៩ ក្រុមវិស្វករយើង ត្រូវបានធ្វើ ការបណ្តុះបណ្តាលឡើងវិញ រួមទាំងបានធ្វើការបណ្តុះ បណ្តាលអ្នកបន្តវេនទៀតផងដែរ ។
ការទទួលសញ្ញាបត្រ វិស្វករកិត្តិយសជាន់ខ្ពស់អាស៊ាននេះ គឺជាការចូលរួមនូវស្មារតី ដើមី្បពង្រឹងលើវិស័យសំណង់សម្រាប់ថ្ងៃអនាគត។ លោកបណ្ឌិត ក៏មានសង្ឃឹមជឿជាក់ថា ការទទួលសញ្ញាបត្ររបស់ប្អូនៗក្នុងក្រុមវិស្វករនេះ និង ក្លាយទៅជាវិស្វករ ដ៏ចំណាន ក្នុងការទ្រទ្រង់វិស័យសំណង់ ឲ្យសមស្របទៅតាមលិខិតបទដ្ឋាននៃសំណង់ស្ថាបត្យកម្មបែបបុរាណ ប្រកបទៅដោយតាមក្បាច់រចនាបទវប្បធម៌ជាតិ ទៅតាមការរៀបចំរបស់ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា និង បាន ក្លាយទៅជាសមាជិកវិស្វករអាស៊ានទៀតផង ។ ឯកឧត្តមបណ្ឌិត ក៏បានធ្វើការក្រើនរំលឹក និង ផ្តាំផ្ញើផងដែរ សូមឲ្យ បញ្ចប់នូវការធ្វើប្លង់លួច ព្រមទាំងធ្វើការកែលម្អរឡើងវិញរាល់សំណង់ដែលមាន នៅក្នុងខេត្តវប្បធម៌ ដែលជាតំបន់ បេតិកភណ្ឌ នៃជង្រុកភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្ត៕