(ភ្នំពេញ)៖ លោកឧកញ៉ាបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា CUP នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ បានបើកសន្និបាតកំណែទំរង់ និងការរៀបចំសមាសភាពរចនាសម្ធ័ន្ធដឹកនាំថ្មី ដើម្បីលើកស្ទួយ CUP ឆ្ពោះទៅរកឧត្តមភាព។
ក្មុងសន្និបាតនេះ លោកឧកញ៉ាបណ្ឌិត ឡាច សំរោង បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងស្តារកិត្តិយសសាកលវិទ្យាល័យមួយនេះឡើងវិញ ជាមួយនឹងកម្មវិធីសិក្សា ដ៏មានសារៈសំខាន់សម្រាប់សាធារណជន និស្សិត និងមន្ត្រីរាជការ ។
ការប្តេជ្ញាចិត្តរបស់លោកឧកញ៉ាបណ្ឌិត ឡាច សំរោង ក្នុងកម្មវីធីសន្និបាតវិសាមញ្ញរបស់សាកលវិទ្យាល័យ ដែលប្រព្រឹត្តទៅនៅទីតាំងសាកលវិទ្យាល័យខាងលិច វិទ្យាល័យ ជា ស៊ីម សន្ធរមុខ អគារលេខ១៣១BC ផ្លូវលេខ១៣២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ធ្វើឲ្យមានគាំទ្រយ៉ាងកក់ក្ដៅពីសាស្ត្រាចារ្យ បុគ្គលឹកសិក្សា និស្សិត ដែលកំពង់បំរើការ និងសិក្សាក្នុងសកលវិទ្យាល័យ CUP ទាំងមូល ។
សន្និបាតនេះ មានគោលបំណងធំៗចំនួន៣ ទី១៖ កំណែទម្រង់នៃការរៀបចំឡើងវិញ របស់សមាសភាពក្រុមប្រឹក្សាភិបាល ទី២៖ ប្រកាសពីសមាសភាពនិងរចនាសម្ព័ន្ធដឹងនាំថ្មី និងទី៣៖ បញ្ហាផ្សេងៗ ។
នាឱកាសនេះ លោកឧកញ៉ាបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យាបានថ្លែងឲ្យដឹងថា ដើម្បីជម្រះមន្ទិលសង្ស័យរបស់លោកគ្រូ សាស្រ្តាចារ្យ និស្សិត និងមហាជនទូទៅ ថាយើងមិនមែនឈាមថ្មីទេ គឺលាយឈាមចាស់ ។
លោកថា «គេថា ខ្ញុំជាអាយ៉ង គណៈគ្រប់គ្រងចាស់ដែលមានបំណុលប្រហែល៣០ម៉ឺនដុល្លារ តែខ្ញុំត្រូវដោះស្រាយឲ្យអស់។ មហាជនទូទៅថា សាលាហ្នឹងដាក់គណៈគ្រប់គ្រងថ្មីក៏ទៅលែងរួចដែរ ប៉ុន្តែយើងសុំឲ្យមានជំនឿទុកចិត្តលើគណៈគ្រប់គ្រងថ្មី យើងខិតខំប្រឹងទាំងអស់គ្នា វិនិយោគរួមគ្នា មិនមែនជារបស់អ្នកណាមួយទេ គឺជារបស់យើងទាំងអស់គ្នា»។
សន្និបាតនេះ លោកឧកញ៉ាបណ្ឌិតឡាច សំរោង បានប្រកាសសមាសភាពក្រុមប្រឹក្សាភិបាល៧រូប ទីប្រឹក្សាជាន់ខ្ពស់ ថ្នាក់ដឹកនាំ ការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ កម្មវិធីសិក្សាមូលដ្ឋាន និងសមាសភាពតាមមហាវិទ្យាល័យនានាទាំងមូលក្រោមចំណុះ CUP ។
ជាការកត់សម្គាល់ប្រកបដោយមោទនភាព មានអស់លោកចៅក្រមតុលាការ ព្រះរាជអាជ្ញា មេធាវី ក្រឡាបញ្ជី មន្ត្រីជាន់ខ្ពស់ កងកំលាំងប្រដាប់អាវុធ និងសព្វមុខមន្ត្រីជាច្រើននាក់ទៀត ភាគច្រើនបានទទួលការបណ្តុះបណ្តាល ពីសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ចាប់តាំងពីមានការកកើតសកលវិទ្យាល័យនេះមកម្ល៉េះ៕