(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចំណាយថវិកាប្រមាណ ៥៣លានដុល្លារ សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ ថវិកាទាំងនេះបានពីរាជរដ្ឋាភិបាល សហគមន៍អឺរ៉ុប ជប៉ុន និងប្រទេសចិនផងដែរ។ នេះបើតាមការបញ្ជាក់ របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។
លោក ហង្ស ពុទ្ធា បានបញ្ជាក់នៅក្រោយបញ្ចប់កិច្ចជំនួបជាមួយ គណៈប្រតិភូមូលនិធិកូហ្វីអាណាន់ នាល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នេះថា «បច្ចុប្បន្ន គ.ជ.ប មានថវិកានិងសម្ភារ សម្រាប់ដំណើរការបោះឆ្នោតគ្រប់គ្រាន់ហើយ បូកសរុបទៅទាំងចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត នាពេលខាងមុខ ក្នុងក្របខណ្ឌឃុំ-សង្កាត់ ប្រមាណជា ៥៣លានដុល្លារ»។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ។ យោងតាម គ.ជ.ប បានឲ្យដឹងថា មានគណបក្សចំនួន ១២ បានចុះឈ្មោះចូលរួមប្រកួតប្រជែងជាមួយបេក្ខភាពសរុបជាង ៩ពាន់នាក់ ខណៈដែលឃុំ-សង្កាត់នៅទូទាំងប្រទេសមានចំនួនសរុប ១៦៤៦ឃុំ-សង្កាត់៕