(ភ្នំពេញ)៖ តំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិវិនិយោគជូនក្រុមហ៊ុន OCIC ធ្វើការអភិវឌ្ឍចាប់ពីតាំងឆ្នាំ២០១១ រហូតមកដល់ពេលនេះ កំពុងតែដំណើរទៅមុខយ៉ាងរលូន បន្ទាប់ពីអាជ្ញាធរ ប្រជាពលរដ្ឋ និងក្រុមហ៊ុនអភិវឌ្ឍន៍ រួមគ្នាក្នុងការដោះស្រាយផលប៉ះពាល់ជាបន្តបន្ទាប់ ដែលរហូតមកដល់ពេលនេះ ផលប៉ះពាល់ជាមួយប្រជាពលរដ្ឋត្រូវ បានដោះស្រាយស្ទើរតែបញ្ចប់ទាំងស្រុងទៅហើយ។
គិតត្រឹមខែមីនា ឆ្នាំ២០១៧នេះ ក្រុមហ៊ុនអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ បានសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ដែលមានផ្លូវ ប្រពន្ធលូបង្ហូរទឹក ប្រពន្ធបំពាក់អំពូលភ្លើង ភ្លឺព្រោងព្រាត ពេញតំបន់អភិវឌ្ឍន៍ដែលផ្លាស់ប្តូរ ពីដីលិចទឹកខួបប្រាំងខួបវស្សារ មកជាកន្លែងដ៏ទាក់ទាញ។
សម្រាប់ការដោះស្រាយផលប៉ះពាល់ ជាមួយបងប្អូនប្រជាពលរដ្ឋ គិតមកដល់ពេលនេះគឺ ដោះស្រាយបានចំនួនប្រមាណជិត៩០% ដែលបានដោះស្រាយ តាមរយៈគោលនយោបាយផ្តល់ជាថវិកា, គោលនយោបាយការដោះដូរផ្ទះ និងតូបផ្សារ និងគោលនយោបាយ១០%នៃទំហំដី ដែលសរុបទាំងអស់បានចំនួនជិត៨០០គ្រួសារ លើផ្ទៃដីសរុបចំនួនជាង២៦០ហិកតា។
ចំពោះប្រជាពលរដ្ឋ ដែលរស់នៅភូមិចាស់ ត្រូវបានរាជរដ្ឋាភិបាលចេញសេចក្តីសម្រេច ឲ្យឃ្វៀលផ្ទះ និងដីលំនៅឋានរបស់ពួកគាត់ ចេញពីគម្រោងអភិវឌ្ឍន៍ និងវាស់វែងផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ ជូនពួកគាត់។ ជុំវិញនឹងការឃ្វៀលចេញពី តំបន់អភិវឌ្ឍន៍ និងផ្តល់កម្មសិទ្ធិដីធ្លីស្របច្បាប់នេះ ប្រជាពលរដ្ឋបានបង្ហាញនូវក្តីត្រេកអរ ជាមួយនឹងការអភិវឌ្ឍ នៅតំបន់ជ្រោយចង្វារនេះ។
លោក ពុន វណ្ឌី ដែលមានផ្ទះកំពុងតែសាងសង់ នៅលើផ្ទៃដីជាកេរ្តិ៍អាករពីឪពុកម្តាយ ដែលត្រូវឃ្វៀល ចេញពីគម្រោងអភិវឌ្ឍន៍ បានថ្លែងនៅសេចក្តីរីករាយ សប្បាយចិត្ត ជាមួយនឹងគម្រោងអភិវឌ្ឍន៍ទីក្រុង រណបជ្រោយចង្វារនេះ ដោយលោកបានអះអាងថា ក្រុមហ៊ុនបានជួយអភិវឌ្ឍន៍ឲ្យមាន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ប្រព័ន្ធលូ យ៉ាងងាយស្រួលក្នុងការធ្វើដំណើរ ដែលនឹងជួយលើកកម្ពស់តម្លៃ អចលទ្រព្យផ្ទះសំបែងរបស់ខ្លួន ឲ្យកាន់តែមានតម្លៃឡើងថែមទៀត។
លោក ពុន វណ្ឌី ដែលចូលរួមក្នុងការបរិច្ចាគដីទំហំ៧ម៉ែត្រគុណ១០០ម៉ែត្រ ដើម្បីទម្លុះផ្លូវពីតំបន់ អភិវឌ្ឍន៍មកផ្លូវមាត់ទន្លេ ផ្តល់លក្ខណៈងាយស្រួល ក្នុងការធ្វើដំណើរដល់ប្រជាជន បានលើកឡើងទៀតថា «ខ្ញុំនិងគ្រួសារពិតជាមានសេចក្តីរីករាយ ក្នុងការចូលរួមជាមួយនឹងការអភិវឌ្ឍរបស់ក្រុមហ៊ុន ដោយសារតែមើលឃើញថា ក្រុមហ៊ុនអភិវឌ្ឍន៍នេះ មានគោលនយោបាយល្អ ការអភិវឌ្ឍឲ្យតំបន់នេះក្លាយ ទៅជាកន្លែងដែលមានការអភិវឌ្ឍ មិនមែនតែផលចំណេញសម្រាប់តែក្រុមហ៊ុនខ្លួនឯងឡើយ គឺសម្រាប់ប្រជាជនទាំងអស់គ្នា និងរាជរដ្ឋាភិបាលផងដែរ»។
លោកតា យា ពួន និងលោកយាយ ងួន ឆយ ដែលរស់នៅតំបន់នេះតាំងពីយូរយាមកហើយនោះ និងផ្ទះរបស់ពួកគាត់ត្រូវបាន ឃ្វៀលចេញពីតំបន់អភិវឌ្ឍន៍ បានថ្លែងនូវសេចក្តីរីករាយ ក្នុងការចូលរួមជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ តំបន់ទីក្រុងរណបជ្រោយចង្វារ ដោយលោកទាំងយល់ឃើញថា ការអភិវឌ្ឍនោះគឺសម្រាប់ប្រជាជនទាំងអស់គ្នា និងសម្រាប់ប្រជាជនជំនាន់ក្រោយៗ។
គម្រោងអភិវឌ្ឍន៍ ទីក្រុងរណបជ្រោយចង្វារ មានផលប៉ះពាល់ជាមួយនឹងប្រជាពលរដ្ឋ ស្ថិតនៅក្នុង សង្កាត់៣ សង្កាត់ជ្រោយចង្វារ សង្កាត់ព្រែកតាសេក និងសង្កាត់ព្រែកលៀប។ ភូមិចាស់នៃសង្កាត់ទាំង៣ ត្រូវបានឃ្វៀលដីចេញពីគម្រោងអភិវឌ្ឍន៍ទំហំ ១០២.២ហិកតា ស្នើរនឹង៤០៤គ្រួសារ ដែលបច្ចុប្បន្នអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុរិយោដីបានវាស់វែង និងផ្តល់បណ្ណកម្មសិទ្ធិ នៅពេលខាងមុខ។
លោក ព្រាប មុន្នី ចៅសង្កាត់ព្រែកលៀប ដែលបានចូលរួមដោះស្រាយផលប៉ះពាល់នៅសង្កាត់របស់ ខ្លួនបានលើកឡើងថា នៅក្នុងសង្កាត់របស់លោក មានប្រជាជនរងផលប៉ះពាល់២ភូមិ គឺភូមិគៀនឃ្លាំង និងភូមិព្រែកលៀប ដែលមានផ្ទៃដីជាង១០១ហិកតា ប្រជាពលរដ្ឋចំនួន៤០៨គ្រួសារ។
លោកបន្តថា សម្រាប់ការឃ្វៀលចេញពីតំបន់អភិវឌ្ឍន៍ អាជ្ញាធរបានឃ្វៀលភូមិចាស់ចេញចំនួន ១១៣គ្រួសារ ផ្ទះ៧០ខ្នង ស្នើរនឹងផ្ទៃដី៤០៧៧២១ម៉ែត្រការេ ដែលអាចនឹងទទួលបានប្លង់ កម្មសិទ្ធិស្របច្បាប់ នៅពេលដ៏ខ្លីខាងមុខ។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសុទ្ធតែ បង្ហាញនូវក្តីរីករាយ ចំពោះការឃ្វៀលដីចេញនេះ។
ចៅសង្កាត់រូបនេះបានលើកឡើងថា ចំពោះបញ្ហាដែលនៅសេសសល់ គឺនៅតែអ្នករកស៊ីទិញដីបង្កក ទុកលក់យកចំណេញធំៗតិចតួចប៉ុណ្ណោះ ដែលមិនទាន់ទទួលយក នូវគោលនយោបាយដោះស្រាយ របស់សាលារាជធានីភ្នំពេញ ប៉ុន្តែលោកសង្ឃឹមនិងជឿជាក់ថា ពួកគាត់នឹងមកទទួលយកនៅពេលខាងមុខ។
សម្រាប់លោកចៅសង្កាត់ព្រែកតាសេក អឿ ស៊ីផុន ក៏បានបញ្ជាក់ផងដែរថា សង្កាត់របស់លោកមាន២ភូមិ ដែលរងផលប៉ះពាល់ ជាមួយតំបន់អភិវឌ្ឍន៍នេះ ដោយភូមិចាស់ត្រូវបានឃ្វៀលចេញពី តំបន់អភិវឌ្ឍន៍ផងដែរ ហើយប្រជាពលរដ្ឋសុទ្ធ តែបង្ហាញនូវក្តីសប្បាយរីករាយ ដោយទទួលបានកម្មសិទ្ធិស្របច្បាប់ និងទទួលបានការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ផងដែរ៕
សូមស្តាប់ការលើកឡើង របស់ប្រជាពលរដ្ឋ និងអាជ្ញាធរទាំងស្រុង៖