(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងការរិះគន់មួយចំនួនថា គណបក្សប្រជាជនកម្ពុជា នឹងចុះខ្សោយក្រោយបាត់បង់សម្តេចវិបុលបញ្ញា សុខ អាន នោះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ បានអះអាងថា គណបក្សប្រជាជនកម្ពុជា ដែលឈ្នះនៅក្នុងការបោះឆ្នោត ជាច្រើនអាណត្តិមកនេះ សម្បូរដោយធនធានមនុស្ស មិនចេះរីងស្ងួត ហើយធនធានទាំងនោះ កើតចេញពីប្រជាពលរដ្ឋ។
កាលពីម្សិលមិញ វិទ្យុអាស៊ីសេរីគាំទ្រដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសកម្ពុជា បានផ្សព្វផ្សាយថា ក្រុមគណបក្សក្រៅរដ្ឋាភិបាលមួយចំនួន បានមើលឃើញថា គណបក្សប្រជាជនកម្ពុជា នឹងចុះខ្សោយនៅពេលគណបក្សនេះ បាត់បង់មនុស្សដ៏សំខាន់នៅក្នុងបក្ស ហើយថាទន្ទឹមនឹងនេះ ក្រោយពីសម្តេចវិបុលបញ្ញា សុខ អាន ទទួលមរណភាពទៅត្រូវបានគេមើលឃើញថា គណបក្សប្រជាជនកម្ពុជា បាត់បង់ធនធានមនុស្សដ៏សំខាន់នៅក្នុងបក្ស។
លោក សួស យ៉ារ៉ា បានចាត់ទុកថា ការលើកឡើងបែបនោះ គ្រាន់តែជាគំនិតច្រណែនឈ្នានីស របស់ជនមួយចំនួនតូចនោះ។ លោកបន្តថា ការលើកឡើងបែបនោះ គ្រាន់តែ ជាការកេងចំណេញនយោបាយតែប៉ុណ្ណោះ។ លោកបានថ្លែងថា «ការរិះគន់បែបអគតិរបស់ជនមួយដំបរស្វាប៉ុន្មាន ថ្ងៃ ទៅលើឥស្សរភាពរបស់សម្តេចវិបុលបញ្ញា ក៏ដូចជាការវាយតម្លៃសមត្ថភាពពិតរបស់ គណបក្សប្រជាជនគឺ គ្រាន់តែជាការបញ្ចេញនូវគំនិត ច្រណែន ឈ្នានីស និងបិទបាំងសមត្ថភាពប្រកួតប្រជែងរបស់ជនអគតិ ដែលតែងយល់សប្តិអាក្រក់ជារឿយៗក្នុងការកេងចំណេញនយោបាយ តាមបែបប្រជាកលនិយមតែប៉ុណ្ណោះ។ គណបក្សប្រជាជនកម្ពុជាកើតពីប្រជាជន បម្រើប្រជាជន និងទទួលបានធនធានមនុស្ស មិនចេះរីងស្ងួតពីប្រជាជនជានិច្ចនិរន្តន៍»។
លោក សួស យ៉ារ៉ា បានបញ្ជាក់បន្ថែមថា ជាមួយនឹងធនធានមនុស្សមិនចេះរីងស្ងួត គណបក្សប្រជាជនកម្ពុជា តែបានបណ្តុះបណ្តាល យុវជនជំនាន់ក្រោយយ៉ាងច្រើនលើសលប់ ដើម្បីបន្តវេន និងកសាងសមិទ្ធផលជូនជាតិមាតុភូមិ។ លោកបានថ្លែងថា «ជាការអាឡោះអាល័យ និងសោកស្តាយបំផុតក្នុងការបាត់បង់ សម្តេចវិបុលបញ្ញា សុខ អាន ក្នុងឋានៈជាប្រតិបត្តិករសន្តិភាព ជាមនុស្សវប្បធម៌ និងជាមន្ត្រីអធិបតេយ្យភាព ដែលបានចូលរួមចំណែកដ៏ច្រើនលើសលុប ក្នុងការកសាងជាតិមាតុភូមិក្រោយពី សង្គ្រាមស៊ីវិលអស់រយៈពេលជាង ៤០ឆ្នាំ។ ទន្ទឹមនឹងការបាត់បង់ គណបក្សប្រជាជនកម្ពុជា ក៏បានបន្តកសាង ធនធានមនុស្សដ៏ច្រើនលើសល់ប ដើម្បីបុព្វហេតុ បន្តវេននិងកសាងសមិទ្ធិផលសង្គមថ្មីៗជាច្រើនទៀត សម្រាប់អ្នកជំនាន់ក្រោយ»។
សូមជំរាបថា សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលមរណភាព នៅម៉ោង០៦៖៣២នាទី ល្ងាច នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ម្សិលមិញ នៅមន្ទីរពេទ្យទីក្រុងប៉េកាំង ប្រទេសចិន នៅក្នុងជន្មាយុ៦៦ឆ្នាំ។ ការទទួលមរណភាពនេះ ត្រូវបានរាជរដ្ឋាភិបាលប្រកាសថា ដោយសារ រោគាពាធ។ ក្រោយមរណភាពនេះ មានមន្រ្តីជាតិ អន្តរជាតិ និងអង្គទូតមួយចំនួន ចូលរួមរំលែកទុក្ខ និងចាត់ទុកថា ជាការបាត់បង់ធនធានដ៏សំខាន់មួយសម្រាប់ជាតិកម្ពុជា។
ក្រៅតែពីតួនាទីជា រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី, សម្តេចវិបុលបញ្ញា សុខ អាន ក៏មានតួនាទីសំខាន់ៗផ្សេងទៀតដូចជាប្រធានក្រុមប្រឹក្សាភិបាលរាជបណ្ឌិត្យសភា ប្រធានអាជ្ញាធរជាតិអប្សរា ប្រធានក្រុមការងារដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហម ប្រធានក្រុមប្រឹក្សាភិបាលទទួលស្គាល់គុណភាពអប់រំកម្ពុជា ប្រធានក្រុមប្រឹក្សាភិបាលកំណែទម្រង់រដ្ឋបាល និងតួនាទីមួយចំនួនទៀត៕