(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ បានចាត់ទុកករណីអំពាវនាវឱ្យដោះលែង មន្ត្រីអាដហុក៤ រូប និងមន្រ្តីគ.ជ.ប១រូប ថាជាជ្រៀតជ្រែកចូលតួនាទី និងឯករាជ្យភាពរបស់ស្ថាប័នតុលាការ។
ប្រតិកម្មរបស់ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងក្រោយ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ បានអំពាវនាវ ឱ្យរាជរដ្ឋាភិបាល ពិចារណាក្នុងការដោះលែង មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និង អាដហុក នៅឱកាសបុណ្យចូលឆ្នាំខ្មែរ។
មន្ត្រីអាដហុក និងគ.ជ.ប ទាំង៥រូបនោះ រួមមានលោក នី សុខា, លោក យី សុខសាន្ត, លោក វង់ ណៃដា និង លោកស្រី លឹម មុនី រួមទាំងអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ត្រូវបានតុលាការសម្រេច កាលពីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ក្រោមការចោទប្រកាន់ បទសូកប៉ាន់សាក្សី និងសមគំនិត ក្នុងអំពើសូកប៉ាន់សាក្សី ហើយមិនទាន់ត្រូវបានកាត់ទោសនៅឡើយទេ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា «ដូចបានដឹង ស្រាប់ហើយថា មន្ត្រីអាដហុក៤រូប និងមន្រ្តីគ.ជ.ប ម្នាក់មានការពាក់ព័ន្ធនឹង បទល្មើសសូកប៉ាន់សាក្សី និងសមគំនិត សូកប៉ាន់សាក្សី ដែលតុលាការមានភស្តុតាង និងឯកសារសម្រាប់ដាក់បន្ទុករួចហើយ ដែលតុលាការកំពុង ដំណើរការរឿងក្តី តាមនីតិវិធី»។
លោក សុខ ឥសាន បានបន្ថែមទៀតថា «បញ្ហានេះ គួរទុកឲ្យតុលាការដំណើរដោយរលូន ដោយមិនមានឧបសគ្គ នោះទើបរឿងក្តីអាចឆាប់ចប់។ការអំពាវនាវណាមួយ ដើម្បីឲ្យមានការដោះលែង ដោយមិនឆ្លងកាតមនីតិវិធីរបស់ តុលាការ គឺជាការជ្រៀតជ្រែងចូលក្នុងតួនាទី និងឯករាជ្យភាពរបស់តុលាការ ដែលអាចហៅថា ចង់នាំមកនូវវប្បធម៌ និទណ្ឌភាព មកអនុវត្តជំនួសនីតិរដ្ឋ»។
កន្លងមក មន្រ្តីគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ដែរថា នៅកម្ពុជាអំណាចទាំង៣បែងចែកដាច់ៗពីគ្នា ហើយថា ករណីមន្រ្តី គ.ជ.ប និងអាដហុក គឺជាករណីរបស់តុលាការ មិនទាន់កាត់ទោស មិនត្រូវមានការចរចា ដែលបំពានដល់ អំណាចតុលាការនោះទេ៕