(រតនគិរី)៖ នៅសាលាខេត្តរតនគិរី នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ មានការផ្ទេរភារកិច្ច តែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ ក្នុងខេត្តសរុប ៤៨រូប។ មន្រ្តីដែលបានផ្ទេរភារកិច្ច តែងតាំង និងប្រគល់ភារកិច្ចនេះ មានតួនាទីជាប្រធានអង្គភាព នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានការិយាល័យជាដើម។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីផ្ទេរភារកិច្ច តែងតាំង និងប្រគល់ភារកិច្ចជូនមន្រ្តីរាជការក្នុងខេត្តរតនគិរីនេះ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានផ្តាំផ្ញើ និង ក្រើនរំលឹកឲ្យមន្រ្តីស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនប្រឹងប្រែងធ្វើការងារបម្រើរដ្ឋ និងប្រជាពលរដ្ឋឲ្យអស់ពីកម្លាំងកាយចិត្ត ស្របតាមគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកអភិបាលខេត្ត ក៏បានផ្តាំទៅមន្រ្តីត្រូវចេះរួមសាមគ្គី និងឯកភាពផ្ទៃក្នុង ដើម្បីបំពេញការងារឲ្យទទួលបានប្រសិទ្ធភាពខ្ពស់៕