(ព្រះសីហនុ)៖ អង្កការ FHI360កម្ពុជា, អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន, នាយយកដ្ឋានកម្មវិធីជាតិសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃក្រសួងសុខាភិបាល, សាកលវិទ្យាល័យកាលីហ្វរញ៉ាសាន់ហ្វ្រាន់ស៊ីស្កូសហរដ្ឋអាមេរិក(UCSF), មជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខភាព នៃសាកលវិទ្យាល័យញ៉ូមិចសិចកូ, សាកលវិទ្យាល័យម៉ៃអាម៉ី(UM), វិទ្យាស្ថានឃឺប៊ី សម្រាប់ការចម្លងរោគ និងភាពស៊ាំនៃសាកលវិទ្យាល័យ ញ៉ូសាវវ៉ែល នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ បានរៀបចំពិធីផ្សព្វផ្សាយលទ្ធផល និងបិទបញ្ចប់គម្រោងសិក្សាស្រាវជ្រាវ ស្តីពីការបង្ការមេរោគអេដស៍ និងគ្រឿងញៀន នៅប្រទេសកម្ពុជា (CIPI)។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការអញ្ជើញចូលរួមតំណាង អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងស្ថាប័នក្រោមឱវាទសុខាភិបាល ប្រធានលេខាធិការត្រួតពិនិត្យគ្រឿងញៀន ស្នងការ ស្នងការរងនគរបាល មេបញ្ជាការរងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ កំពង់ស្ពឺ កណ្តាល ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង សៀមរាប កំពង់ចាម កំពង់ឆ្នាំង ព្រះសីហនុ និងបណ្តាអង្គការដែគូពាក់ព័ន្ធចូលរួម។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា CIPI បានអនុវត្តន៍កម្មវិធីបង្ការដែលរួមបញ្ចូលគ្នា រវាងការពារមេរោគអេដស៍ និងការប្រើប្រាស់គ្រឿងញៀនក្នុងខេត្ត-ក្រុងចំនួន១០ ដែលត្រូវបានគេកំណត់យកស្រ្តីធ្វើការក្នុងសេវាកម្សាន្ត និងស្ត្រីរកស៊ីផ្លូវភេទ (FESW) ដែលមានភាពប្រឈមមុខខ្ពស់ ក្នុងឆ្លងមេរោគអេដស៍ជាក្រុមគោលដៅ ដើម្បីកាត់បន្ថយទាំងការប្រើប្រាស់គ្រឿងញៀន និងឥរិយាបថប្រឈមនឹងឆ្លងមេរោគអេដស៍។ ដោយបន្តែមលើកម្មវិធី SMARTgirl ដែលមានស្រាប់ CIPI មានគោលដៅសំខាន់ចំនួនពីរ៖១.ដើម្បីកាត់បន្ថយការប្រឈមក្នុងការឆ្លងមេរោគអេដស៍ និង២.កាត់បន្ថយការប្រើប្រាស់គ្រឿងញៀនសំយោគប្រភេទអំហ្វេតាមីនប្រភេទ (ATS) ដែលបង្កើនប្រឈមក្នុងការឆ្លងជំងឺអេដស៍។
ចាប់ពីខែមិថុនា ឆ្នាំ២០១៣ ដល់ខែធ្នូ ឆ្នាំ២០១៦ CIPI បានអនុវត្តន៍ក្នុងខេត្តក្រុង និងក្រុងចំនួន១០រួមមាន៖ បាត់ដំបង, សៀមរាប, ភ្នំពេញ, កំពង់ចាម, ប៉ៃលិន, បន្ទាយមានជ័យ, កំពង់ស្ពឺ, កណ្តាល, ព្រះសីហនុ និងកំពង់ឆ្នាំង។ ផ្នែកមួយនៃក្របខណ្ឌស្រាវជ្រាវរបស់កម្មវិធី CIPI ផ្ដល់ជូននៅភាពប្រសើរឡើង និងកំណត់គោលដៅដើម្បីកាត់បន្ថយភាពប្រឈមពីមេរោគអេដស៍ តាមរយៈការអប់រំ ផ្តល់ប្រឹក្សា និងការធ្វើតេស្ត វាស់វែងនៃការរួមភេទ ដោយមិនបានការពារ ការវាយតម្លៃបែបស៊ីជម្រៅពីភាពប្រឈមមុខចំពោះការប្រើ ATS និងគ្រឿងស្រវឹងដោយផ្តល់ការប្រឹក្សាយោបល់បែបសង្ខេប។
បទអន្តរាគមន៍ក្នុងការកាត់បន្ថយការប្រើប្រាស់ ATS ដែលមានរយៈពេល១៦សប្តាហ៍ ត្រូវបានផ្តល់ជូនស្ត្រីដែលប្រើប្រាស់ ATS កម្រិត «គ្មានសុវត្ថិភាព» ក្នុងនោះដាក់បញ្ចូលគ្នា (១). ១២សប្តាហ៍សម្រាប់កម្មវិធីផ្តល់ប្រាក់លើកទឹកចិត្តដោយមានលក្ខខណ្ឌ (CCT) ជាមួយ (២).៤សប្តាហ៍ សម្រាប់ក្រុមគាំទ្របន្ត(AC)។ CIPI បានបន្ថែមនូវការកសាងសមត្ថភាពផ្នែកសេដ្ឋកិច្ច ដែលបានបញ្ចូលការអប់រំផ្នែកហិរញ្ញវត្ថុ និងទំនាក់ទំនងជាមួយគ្រិៈស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា សម្រាប់កម្មវិធីប្រាក់កម្ចីដើម្បីគាំទ្រដល់ជម្រើសផ្នែកសេដ្ឋកិច្ច។
CIPI ពង្រីកការបញ្ជូនសម្រាប់ការថែរក្សា និងការព្យាបាលមេរោគអេដស៍ ជំងឺកាមរោគ និងសុខភាពបន្តពូជ និងការតាមដានលទ្ធផលរបស់ពួកគេ។ CIPI ពង្រីកកិច្ចសន្ទនាស្តីពីការចូលរួមរបស់ស្រី្តធ្វើការក្នុងសេវាកម្សាន្ត និងស្រ្តីរកស៊ីផ្លូវភេទ (FESW) នៅក្នុងបទអន្តរាគមន៍ក្នុងការបង្ការមេរោគអេដស៍ ក្នុងអំឡុងពេលសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ក្រោមជាតិ, ជាចំណែកបំផុសសកម្មភាពពីភាគីពាក់ព័ន្ធនៅក្នុងចំណោមអាជ្ញាធរ ខាងសុខាភិបាលខេត្ត អ្នកផ្តល់សេវាក្នុងតំបន់ និងសមាជិកអាជ្ញាធរមូលដ្ឋានអនុវត្តច្បាប់។
លទ្ធផលរបស់ការសិក្សាបានបង្ហាញថាៈសរុបមានស្រ្តីចំនួន ១,១៩៨ នាក់ បានចូលវគ្គវាយតម្លៃលទ្ធផលបឋម ដើម្បីវាយតម្លៃភាពប្រឈម មុនបទអន្តរាគមន៍ ដោយផ្តោតលើ ចំនួនដៃគូរួមភេទដោយមិនបានការពារ, ការប្រើប្រាស់ATS និងការប្រើគ្រឿងស្រវឹង។ ប្រហែលមួយភាគបនៃស្ត្រីដែលមានភាពប្រឈមមុខខ្ពស់ចំពោះបញ្ហាផ្លូវភេទខ្ពស់ និង មួយភាគបី មានការប្រើ ATS ដោយគ្មានសុវត្ថិភាព។ ការប្រើប្រាស់គ្រឿងស្រវឹងគឺមានគ្រោះថ្នាក់ណាស់; ជាង ៧៥% នៃស្ត្រីមានបញ្ហាប្រើប្រាស់គ្រឿងស្រវឹង។ នៅក្នុងការវាយតម្លៃតាមដាន, ភាពប្រឈមនៃការឆ្លងមេរោគអេដស៍គឺមានស្ថានភាពទាបយ៉ាងខ្លាំង: ចំនួនមធ្យមនៃដៃគូរួមភេទបានថយចុះ ៥០% នៅពេលចូលរួម ១២ខែ និង៦៥% តិចនៅពេលចូលរូម១៨ខែ បើធៀបនឹងវគ្គវាយតម្លៃលទ្ធផលបឋម។ ការរួមភេទដោយមិនបានការពារជាមួយនឹងដៃគូបង់ប្រាក់ត្រូវបាន កាត់បន្ថយផងដែរ ៦, ១២, និង១៨ ខែនៃតាមដានការចូលរួមបន្ត (១៤.៣% ៦.៣% និង ៦.៥%) បើប្រៀបទៅនឹងពេលដែលចុះឈ្មោះដំបូង គឺ ១៩,៧%។
ចំពោះការប្រើ ATS មានការថយចុះ៥០% រវាងវគ្គវាយតម្លៃលទ្ធផលបឋម និងការចូលរួមបន្ត៦ខែក្រោយ ប៉ុន្តែតួលេខមិនបានធ្លាក់ចុះនៅកវគ្គក្រោយៗទៀតទេ។ បើប្រៀបធៀបទៅនឹងវគ្គវាយតម្លៃលទ្ធផលបឋម នៅចំណុច៦ខែ និង១២ខែ អ្នកចូលរួមហាក់ដូចជា៖ មានមានការប្រើប្រាស់គ្រឿងស្រវឹង កម្រិតមធ្យម ឬក៏ខ្ពស់ (៦៨% និង ៥៨% ទៅតាមលំដាប់នេះ)។ កម្មវិធីកាត់បន្ថយភាពប្រឈមការប្រើ ATS សម្រាប់ស្ត្រីដែលមានភាពប្រឈមមុខខ្ពស់ត្រូវ បានប្រព្រឹត្តដោយរលូន និងម្មវិធីមុខរបរខ្នាតតូចក៏ទទួលបានដោយជោគជ័យផងដែរ។ ការវាស់វែងសុខុមាលភាពសេដ្ឋកិច្ច សុខភាពបន្តពូជ និងអសន្តិសុខស្បៀង មានភាពវិជ្ជមានផងដែរ។
ជារួមលទ្ធផល នៃការសិក្សានេះបានបង្ហាញថា មានកាត់បន្ថយភាពប្រឈម ក្នុងការឆ្លងមេរោគអេដស៍ដែលរួមបញ្ចូលការផ្សព្វផ្សាយទូលំទូលាយ ការបង្ការមេរោគអេដស៍ និង ATS បានប្រសើរ ជាមួយនឹងកម្មវិធីឱកាសខាងផ្នែកសេដ្ឋកិច្ច មានផលប៉ះពាល់ជាវិជ្ជមានយ៉ាងខ្លាំង លើជីវិតស្រ្តីធ្វើការនៅតាមសេវាកម្សាន្ត និងស្រ្តីរកស៊ីផ្លូវភទេ។ លទ្ធផលបានបង្ហាញថា សិទ្ធិមនុស្ស និងសុខភាពសាធារណៈនានា ជាវិធីសាស្រ្តដ៏មានប្រសិទ្ធិភាព ក្នុងការជួយការបង្ការមេរោគអេដស៍ និងការប្រើ ATS។
បើតាមសេចក្តីប្រកាសព័ត៌មាន កម្មវិធីផ្តល់ប្រាក់លើកទឹកចិត្តដោយមានលក្ខខណ្ឌ និងកម្មវិធីថែទាំបន្ត សម្រាប់ស្រ្តីដែលប្រឈមមុខខ្ពស់ និងការផ្តល់ប្រឹក្សាសង្ខេបសម្រាប់ស្ត្រីដែលមិនសូវមានការប្រឈមមុខ គឺមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការប្រើប្រាស់ ATS នៅពេលដែលបានផ្តល់ជូនការបង្ការមេរោគអេដស៍ទូលំទូលាយ។
វិធីសាស្រ្តទាំងពីរនេះគួរតែត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីបង្ការមេរោគអេដស៍ សម្រាប់ស្ត្រីធ្វើការតាមសេវាកម្សាន្ត និង រកស៊ីផ្លូវភេទនៅក្នុងប្រទេសកម្ពុជា។ បង្កើនគំរូ CIPI អាចនាំឲ្យមានផលប្រយោជន៍បន្ថែមទៀត រួមបញ្ចូលទាំងការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់, ការពង្រឹងសុខុមាលភាពសេដ្ឋកិច្ច និងការកាត់បន្ថយបញ្ហាផ្លូវចិត្ត។ កម្មវិធី បង្ការមេរោគអេដស៍ និង ATS គួរតែដាក់បញ្ចូលក្នុងយុទ្ធសាស្រ្តស្តីពី សិទ្ធិមនុស្ស និងសុខភាពសាធារណៈ ដើម្បីកាត់បន្ថយគ្រោះថា្នក់ដល់សង្គម និងបង្កើនប្រសិទ្ធភាពសុខភាពនៅក្នុងក្រុមស្រ្តីធ្វើការ ក្នុងសេវាកម្សាន្តនិងស្រ្តីរកស៊ីផ្លូវភេទ៕