(ភ្នំពេញ)៖ អភិបាលខេត្តរតនគិរី លោក ថង សាវុន បានថ្លែងថា បញ្ហាសំរាម គឺជាទទួលខុសត្រូវរួម ពោលទាំងអាជ្ញាធរ ក្រុមហ៊ុនប្រមូលសំរាម និងប្រជាពលរដ្ឋ ត្រូវមានស្មារតីក្នុងទុកដាក់ ដើម្បីថែរក្សាបានសោភណភាព និងបរិស្ថានល្អ។
លោក ថង សាវុន លើកឡើងដូច្នេះ ក្នុងទិវាទីក្រុងស្អាតលើកទី៥ ឆ្នាំ២០១៧ ក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ» ដែលបានប្រារព្វធ្វើឡើងនៅក្រុងបានលុង នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ។
លោក ថង សាវុន អភិបាលខេត្តរតនគិរី បានថ្លែងថា «បញ្ហាសំរាមគឺជាការទទួលខុសត្រូវរួមគ្នារវាងអាជ្ញាធរ ក្រុមហ៊ុនវិនិយោគ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ បញ្ហាសំរាមនេះបង្កភាពស្មុគស្មាញ និងប៉ះពាល់ដល់សោភណភាព បរិស្ថាន ពិសេសគឺអារម្មណ៍ភ្ញៀវទេសចរ ដើម្បីដោះស្រាយបញ្ហានេះ បានគឺទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មានឆន្ទៈខ្ពស់ នៅក្នុងការចូលរួម ដោយផ្តើមចេញពីយើងគ្រប់ៗគ្នាទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ មិនត្រូវបោះសំរាមចោលពាសវាលពាសកាលឡើយ»។
អភិបាលខេត្ត បានគូសបញ្ជាក់បន្ថែមថា អាជ្ញាធរខេត្តខិតខំ ដើម្បីប្រជាពលរដ្ឋ អ្នកដែលទទួលបានផលប្រយោជន៍មុនគេ ពីភ្ញៀវទេសចរគឺប្រជាពលរដ្ឋ ដែលជាអ្នកបម្រើសេវាកម្មផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន និងអ្នកលក់ដូរផ្សេងៗ ដូច្នេះភាគីទាំងអស់ត្រូវតែសហការគ្នាចូលរួម មិនត្រូវគិតថា វាជារឿងរបស់ភាគីណាមួយនោះទេ។
ក្នុងឱកាសប្រារព្ធទិវាទីក្រុងស្អាតនាព្រឹកមិញនេះ អភិបាលខេត្ត ក៏បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រឹះស្ថានឯកជន ប្រជាពលរដ្ឋ សិស្សានុសិស្សមកពីគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនជាង ១០០០នាក់ធ្វើយុទ្ធនាការ ប្រមូលសម្រាមនៅតាមដងផ្លូវនានា ក្នុងក្រុងបានលុង ដើម្បីសោភណភាព បរិស្ថានស្អាត និងបំផុសចលនាឲ្យប្រជាពលរដ្ឋ មានការចូលរួមក្នុងបុព្វហេតុទីក្រុងស្អាត តាមរយៈការទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ និងមិនបោះចោលសម្រាមពាសវាលពាសកាល៕