(ព្រះវិហារ)៖ ចាត់ទុកជាសំណាងមួយក្នុង១០០គ្រោះថ្នាក់ ដែលបុរសម្នាក់បានរួចផុតជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បើករថយន្តទៅបុកជាមួយបង្គោលភ្លើង នៅវេលាម៉ោង១២៖៥០នាទីថ្ងៃត្រង់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិកណ្តោល ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ប្រជាពលរដ្ឋជាអ្នកដំណើរ ដែលបានឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ម្នាក់ៗបានលាន់មាត់គ្រប់ៗគ្នា ដោយបានសរសើរ ចំពោះជោគវាសនាជនរងគ្រោះ ដោយជួបនូវហេតុការណ៍នេះ ហើយបែរជារងរបួសស្រាល ស្របពេលដែលរថយន្តខូចខាតធ្ងន់ធ្ងរផ្នែកខាងមុខ។
អ្នកឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុជនរងគ្រោះបើករថយន្តតែម្នាក់ឯង ម៉ាកតូយ៉ូតា តាកូម៉ាពណ៌ខ្មៅពាក់ស្លាក់លេខ ភ្នំពេញ 2Q-0815 ក្នុងទិសដៅពីខេត្តព្រះវិហារ មកស្រុកជាំក្សាន្ត លុះដល់កន្លែងកើតហេតុ ដោយតែងងុយដេក រថយន្តបានរេចង្កូត ទៅបុកបង្គោលតាមដងផ្លូវ និងហួសទៅបុកពុំនូកដីជាបន្តទៅទៀត រហូតទៅមុខលែងរួច៕