(ភ្នំពេញ)៖ ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា លោក Nuttavudh Photisaro បានផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមរណភាព សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានទទួលមរណភាព នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧កន្លងទៅនេះ។
លិខិតរបស់ លោក Nuttavudh Photisaro បានលើកឡើងថា «ជំនួសមុខឲ្យស្ថានទូតថៃ និងសហគមន៍ថៃប្រចាំនៅកម្ពុជា ខ្ញុំសូមចូលរួមសម្តែងនូវសមានទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ដល់ជនរួមជាតិនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការបាត់បង់សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាពនាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧»។
លិខិតដដែលបានលើកឡើងថា ការបាត់បង់សម្តេចវិបុលបញ្ញា សុខ អាន មិនត្រឹមតែជាការបាត់បង់ ដ៏ធំក្រៃលែងសម្រាប់ប្រទេសកម្ពុជានោះឡើយ ប៉ុន្តែក៏ជាការបាត់បង់ធំធេងមួយ សម្រាប់ទំនាក់ទំនងថៃ-កម្ពុជា។ ក្នុងនាមជាប្រធានសមាគមមិត្តភាពកម្ពុជា-ថៃ សម្តេចវិបុលបញ្ជា សុខ អាន បានខិតខំថែរក្សានូវចំណងមិត្តភាព ក៏ដូចជាសាមគ្គីភាព រវាងប្រជាពលរដ្ឋនៃប្រទេសយើងទាំងពីរ។ ម៉្យាងវិញទៀតតួនាទីជាលក្ខណៈស្ថាបនារបស់សម្តេច ក្នុងនាមប្រធានគណកម្មាធិការបច្ចេកទេសចម្រុះ ទទួលបន្ទុកការចរចាលើតំបន់ត្រួតស៊ីគ្នាថៃ-កម្ពុជា នៅក្នុងឈូងសមុទ្រថៃ គឺជាគំរូដ៏ល្អឥតខ្ចោះមួយផងដែរ។
លិខិតរំលែកទុករបស់ ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា បានបញ្ជាក់ទៀតថា «សម្តេចវិបុលបញ្ញា សុខ អាន នឹងស្ថិតក្នុងបេះដូងមនុស្សគ្រប់គ្នា ក្នុងនាមជារដ្ឋបុរសយ៉ាងពិតប្រាកដមួយរូប ជាបុគ្គលម្នាក់ដែលបានជួយដឹកនាំកម្ពុជា ពីពេលវេលាលំបាកនានា វិលមករកភាពរុងរឿងដូចសព្វថ្ងៃនេះ។ ព្រមពេលជាមួយគ្នា សម្តេចក៏នឹងត្រូវចងចាំថា ជាស្វាមីជាទីស្រឡាញ់ម្នាក់ ក៏ដូចជាឪពុក ពោរពេញដោយមោទនភាពរបស់កូនប្រុសបួននាក់ និងកូនស្រីម្នាក់ផងដែរ ដែលបានចាប់ផ្តើមបន្តកេរ្តិ៍តំណែលរបស់សម្តេច ដើម្បីអនាគតដ៏ល្អប្រសើរនៃប្រទេសកម្ពុជា»៕