Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក សុន ឆ័យ៖ គណបក្សប្រឆាំង អាចនឹងផ្លាស់ប្តូរសានយោបាយ បើសិនជាមានការសម្រេចពីតុលាការ

17-03-2017 15:31

(ភ្នំពេញ)៖ លោក សុន ឆ័យ​ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦នេះ បានអះអាងថា គណបក្សប្រឆាំង អាចនឹងផ្លាស់ប្តូរ សារនយោបាយ «ដកមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» បើសិនជាមានការសម្រេចពីស្ថាប័នតុលាការ ឱ្យផ្លាស់ប្តូរសានយោបាយនេះ។

ការអះអាងអំពីជំហរផ្លាស់ប្តូរនេះ បានធ្វើឡើងបន្ទាប់ពីមន្រ្តីគណបក្សប្រជាជនកម្ពុជា រួមទាំងមេឃុំមួយចំនួនទៀត ព្រមានប្តឹងតុលាការ ដែលថាសារនយោបាយ «ដកមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» របស់គណបក្សប្រឆាំង សម្រាប់ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នាពេលនេះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់មេឃុំ ដែលបានជាប់ឆ្នោត។

ថ្លែប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ បន្ទាប់ពីលោកចូលរួមសួរសុខទុក្ខ ដល់មន្រ្តីនិងសកម្មជនមួយចំនួនរបស់គណបក្សសង្រ្គោះជាតិ ដែលជាប់នៅក្នុង ពន្ធនាគារព្រៃស លោក សុន ឆ័យ បានអះអាងបែបនេះ «ពាក្យស្លោក មិនមែនជាពាក្យផ្លូវការ ឬពិបាកដោះស្រាយនោះទេ បើមានស្ថាប័នតុលាការ បញ្ជាក់ថា ជាពាក្យមិនត្រឹមត្រូវ ឬប៉ះពាល់នោះ គឺគណបក្សសង្រ្គោះជាតិ នឹងសម្រេចទៅតាមហ្នឹង ប៉ុន្តែការផ្សព្វផ្សាយ បានទៅដល់គ្រប់ទិសទីអស់ទៅហើយ»

លោកបានបន្ថែមថា «ឥឡូវឱ្យទៅដកចេញមកវិញ កុំឱ្យប្រជាពលរដ្ឋឮពាកហ្នឹង ក៏អត់កើត ប៉ុន្តែគណបក្សសង្រ្គោះជាតិ នឹងរៀបចំគោលនយោបាយ៥ចំណុច ដែលចែកចាយទៅប្រជាពលរដ្ឋ នឹងមិនមានចែងពាក្យស្លោកនោះទេ»

ពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» របស់គណបក្សសង្រ្គោះជាតិ ត្រូវបានដាក់ចេញកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ នាគ្រាដែលគណបក្សនេះ បោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មី ដែលលោក កឹម សុខា ត្រូវបានគាំទ្រឱ្យធ្វើជាប្រធានបក្ស ជំនួស លោក សម រង្ស៊ី។ បន្ទាប់ពីចេញសារនយោបាយនេះ មានមេឃុំ ចៅសង្កាត់ជាច្រើន បានចេញមុខថ្កោលទោស ដល់គណបក្សប្រឆាំង។

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានព្រមានប្តឹងគណ​បក្សសង្គ្រោះជាតិ (CNRP) នៅតុលាការ ចំពោះការប្រើពាក្យស្លោកគោលនយោបាយរបស់ខ្លួន ដោយចោទមកលើមេឃុំ-ចៅសង្កាត់ថា «បម្រើបក្ស»។ ប៉ុន្តែរហូតដល់ពេលនេះ លោក ប៉ា​ សុជាតិវង្ស មិនទាន់ដាក់ពាក្យប្តឹងនៅឡើយទេ៕