(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរជាតិកម្ពុជា Angkor Air បាននាំចូលនៅសេវាកម្មពិសេសថ្មីមួយ មកកម្ពុជា គឺសេវាកម្មដឹកជញ្ជូនទំនិញក្នុងស្រុកថ្មីតាមផ្លូវអាកាស ដែលមានឈ្មោះថា «Angkor Express Go» ដែលជាសេវាកម្មលើកដំបូងក្នុងប្រទេសកម្ពុជា និងបានដាក់សម្ភោធជាផ្លូវការហើយនៅថ្ងៃទី១៦ ខែមីនានេះ នឹងផ្ដល់គុណប្រយោជន៍ច្រើនយ៉ាងដល់អតិថិជន ព្រោះវាមានភាពងាយស្រួល និងឆាប់រហ័ស។
លោក ជា វឌ្ឍនា ប្រធានផ្នែកដឹកទំនិញក្រុមហ៊ុន Angkor Air បានថ្លែងថា «សេវាកម្មនេះ គឺជាជំហ៊ានថ្មីមួយទៀត របស់ក្រុមហ៊ុន ក៏ដូចជាប្រទេសកម្ពុជា ដែលការដឹកជញ្ជូនទំនិញក្នុងស្រុកនេះ ធ្វើឡើងតាមផ្លូវអាកាស ហើយការ ដឹកជញ្ជូននេះ មានភាពលឿន មានស្ដង់ដា និងទំនុកចិត្តខ្ពស់ ចំណែកឯតម្លៃវិញ គឺសមរម្យ ប្រសិនបើប្រៀបធៀបទៅនឹងមធ្យោបាយដឹកជញ្ជូនដទៃទៀត
ដែលបច្ចុប្បន្នក្រុមហ៊ុននេះ មានជើងហោះហើរក្នុងស្រុកសំខាន់ៗ ចំនួន២គឺរាជធានីភ្នំពេញ ទៅខេត្តសៀមរាប និងខេត្តព្រះសីហនុ ទៅខេត្តសៀមរាប»។
លោកបន្ដទៀតថា សេវាកម្មថ្មីនេះ នឹងសង្ឃឹមជឿជាក់យ៉ាងមុតមាំថា និងទទួលបានការគាំទ្រច្រើន ពីសំណាក់អតិថិជន ដោយសារ ជំរើសថ្មីនេះនឹងជួយសំរួលដល់ការដឹកជញ្ជូនក្នុងស្រុក និងទទួលបានការគាំទ្រពី អតិថិជនទាំងអស់គ្នា ដើម្បីឆ្ពោះទៅរកភាពជោគជ័យ។
លោកបន្ដថា ក្នុងឱកាសដាក់ឲ្យសម្ភោធដាក់ឲ្យប្រើប្រាស់សេវាកម្មថ្មីនេះ ក្រុមហ៊ុន Angkor Air ក៏បានដាក់ឲ្យប្រើប្រាស់ នៅកម្មវិធីថ្មីមួយទៀតគឺកម្មវិធី Angkor Wards ដែលជាកម្មវិធីសន្សំពិន្ទុក ប្ដូរយករង្វាន់ផ្សេងៗ មានដូចជា សំបុត្រយន្ដហោះក្នុងស្រុក និងក្រៅស្រុក ការតំឡើងថ្នាក់ពិសេស (Upgrade services)ជាដើម សម្រាប់ការចុះឈ្មោះ ជាសមាជិកនេះមានលក្ខណៈងាយស្រួល គឺគ្រាន់តែលោកអ្នក ចូលទៅកាន់គេហទំព័រ angkorwards.cambodiaangkorair.com របស់ក្រុមហ៊ុន រួចបំពេញព័ត៌មានផ្ទាល់ខ្លួនជាការស្រេច។ មួយវិញទៀតសម្រាប់ការចុះឈ្មោះ នឹងចាប់ផ្ដើមពីថ្ងៃនេះ រហូតដល់ថ្ងៃ៣០ ខែមេសា ឆ្នាំ២០១៧ នឹងទទួលបានពិន្ទុក៥៥០០ ដោយជំហ៊ានបន្ទាប់ ក្រុមហ៊ុនគ្រោងបង្កើតប័ណ្ណ សម្គាល់សមាជិកភាព ដែលនឹងផ្ដល់ភាពងាយស្រួល និងអត្ថប្រយោជន៍លើពីនេះទៅទៀត។
សូមបញ្ជាក់ថា ថ្មីៗនេះផងដែរ ក្រុមហ៊ុន អាកាសចរជាតិកម្ពុជា Angkor Air បានចុះហត្ថលេខាជាមួយក្រុមអាកាសចរបារាំង ដែលមានឈ្មោះថា «AFI KLM E&M» ក្នុងការព្រមព្រៀង ជួសជុល និងថែទាំយន្ដហោះ។ អ្វីដែលកាន់តែពិសេសជាងនេះ ទៅទៀតនោះ គឺក្រុមហ៊ុន បានចាប់ផ្ដើមធ្វើប្រតិបត្តិការលើផ្លូវហោះហើរថ្មីមួយ រវាងខេត្តព្រះសីហនុ និងក្រុងម៉ាកាវ ចំនួនពីដងក្នុងមួយសប្ដាហ៍។
សូមជម្រាបថា ក្រុមហ៊ុន អាកាសចរជាតិ កម្ពុជា Angkor Air បានបង្កើតឡើងក្នុងឆ្នាំ២០០៩ ដោយបច្ចុប្បន្នក្រុមហ៊ុនមាន ជើងហោះហើរក្នុងស្រុក រវាងទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ និងក្រៅស្រុកជាច្រើនទៀត រួមមានកាហោះហើរទៅកាន់ប្រទេសវៀតណាម ចិន កូរ៉េ និងម៉ាកាវ ដោយប្រើប្រាស់យន្ដហោះចំនួន៧គ្រឿង៕