(ព្រះវិហារ)៖ ដើម្បីជាការលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹងក្នុងនាមជាសមរភូមិខាងក្រោយ ចំពោះកងទ័ពទាំងអស់របស់កម្ពុជា ឈរជើងតាមព្រំដែន នាតំបន់ប្រាសាទព្រះវិហារនោះ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស និងអភិបាលខណ្ឌទាំង១២ បានបើកយុទ្ធនាការដឹកស្បៀង អមដោយថវិកាជាច្រើន យកទៅចែកជូនពួកគេនៅតំបន់នោះ មុនឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។

ដោយសារតែជាប់ភារកិច្ចចូលរួម រៀបចំពិធីបុណ្យសពសម្ដេចវិបុលបញ្ញា សុខ អាន អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានចាត់ឲ្យអភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង អមដោយអភិបាលខណ្ឌទាំង១២ ដែលមានសម្ព័ន្ធភាពតាមកងពល និងវរៈផ្សេងៗគ្នានោះ បាននាំយកអំណោយជាគ្រឿងឧបភោគ-បរិភោគ ព្រមទាំងថវិកា ចែកជូនកងកម្លាំងយោធា នៅតំបន់ប្រាសាទព្រះវិហារ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ។

ប្រតិភូទាំងនេះរួមមាន៖ ប្រតិភូសាលាខណ្ឌដង្កោ ដឹកនាំដោយលោក នុត ពុធដារ៉ា ជាអភិបាលខណ្ឌ និងប្រតិភូសាលាខណ្ឌសែនសុខ ដឹកនាំដោយលោក បិល កុសល ជាអភិបាលខណ្ឌ យកអំណោយទៅចែកជូនកងទ័ព នៅវរសេនាតូចលេខ៣៩៤ ចំណុះកងពលតូចអន្តរាគមន៍លេសខ៩ ក្នុងស្រុកជាំក្សាន្ត។
ប្រតិភូ៣ខណ្ឌទៀត រួមមាន៖ ខណ្ឌច្បារអំពៅដឹកនាំដោយលោក អ៊ាង ស៊ីផាន ជាអភិបាលខណ្ឌ ប្រតិភូខណ្ឌមានជ័យ ដឹកនាំដោយលោក ពេជ្រ កែវមុនី និងខណ្ឌចំការមន ដឹកនាំដោយលោក ព្រំ សំខាន់ ដោយយកអំណោយ ចែកជូនកម្លាំងយោធា នៅវរសេនាតូចលេខ៣៩២ ចំណុះឲ្យកងពលតូចអន្តរាគមន៍លេខ០៩ ស្ងិតនៅភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត។ ប្រតិភូ៣ខណ្ឌទៀត រួមមាន៖ ខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ជា ពិសី ខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោក ឃ្លាំង ហួត និងខណ្ឌដូនពេញ ដឹកនាំដោយលោក យស យុទ្ធី តំណាងលោក សុខ ពេញវុធ ដោយនាំអំណោយចែកជូនកម្លាំងយោធា និងគ្រួសារកងទ័ព នៅវសេនាតូចលេខ៣៩១ ចំណុះកងពលតូចអន្តរាគមន៍លេខ០៩ នៅភូមិសែនរុងរឿង។

ទី១-ប្រតិភូសាលាខណ្ឌដង្កោ និងខណ្ឌសែនសុខ បានចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនដល់កងទ័ព នៅវរសេនាតូចលេខ៣៩៤ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្នុងឱកាសនោះបន្ទាប់ពីលោក ប៉ឹល កុសល មានមតិសំណាលសំណេះជាមួយនាយទាហាន ពលទាហានរួចមក លោក នុត ពុធដារ៉ា បានលើកឡើងអំពីការយកចិត្តទុកដាក់ និងប្រាស្រ័យទាក់ទងគ្នាយ៉ាងស្អិតរមួត និងជួយគ្នាទៅវិញទៅមក រវាងសមរភូមិមុខ និងសមរភូមិក្រោយ ហើយជារៀងរាល់ឆ្នាំសាលាខណ្ឌដង្កោ រួមនឹងសាលាខណ្ឌសែនសុខ ដែលជាខណ្ឌសម្ព័ន្ធភាពជាមួយនឹងវរៈសេនាតូចលេខ៣៩៤ នៅទិសព្រះវិហារ។

លោកអភិបាល បានលើកឡើងពីអភិវឌ្ឍរីចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មានការអភិវឌ្ឍន៍ខឿនការពារជាតិ ដែលជានិច្ចកាល សម្តេចតែងបានគិតគូរ និងយកចិត្តទុកដាក់ដល់ដើម្បីសុខសន្តិភាព ជូនប្រជាពលរដ្ឋកម្ពុជាទាំងមូល។ ក្នុងឱកាសនោះ លោក​អភិបាលក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្ស សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្ស សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្ស ព្រមទាំងលោក ប៉ា សុ​ជាតិវង្ស អភិបាល​រាជធានីភ្នំពេញ ជូន​ដល់​នាយទាហាន ពលទាហានទាំងអស់ និងជូនពរក្នុងឱកាសឆ្នាំថ្មីខាងមុខនេះ ជួបប្រទះនូវសេចក្តីសុខចម្រើន និងជោគជ័យគ្រប់ភារកិច្ច។

លោកអភិបាលខណ្ឌទាំងពីរ បន្ថែមថា ជារៀងរាល់ឆ្នាំគឺសាលាខណ្ឌទាំងពីរដែលជាខណ្ឌសម្ព័ន្ធភាពរបស់វរៈសេនាតូច លេខ៣៩៤ តែងតែមកសំណេះសំណាល និងនាំយកនូវសម្ភារៈ និងថវិកាមកផ្តល់ជូនដល់កងទ័ព ហើយដោះស្រាយនូវបញ្ហាប្រឈមនានាដែលជាសំណូមពររបស់វរៈ ៣៩៤ផងដែរ។ ជាមួយគ្នានេះលោកអភិបាលខណ្ឌទាំងពីរ ក៏បានថ្លែងអំណរព្រះគុណ និងថ្លែងអំណរគុណដល់ព្រះសង្ឃគ្រប់វត្ត និងសប្បុរសជនទាំងអស់ក្នុងមូលដ្ឋានខណ្ឌទាំងពីរ ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់កងទ័ពដែលកំពុងបំពេញការងារ ការពារជាតិ មាតុភូមិ តាមរយៈប្រតិភូសាលាខណ្ឌទាំងពីរ។ ឧបត្ថម្ភដល់កងវរៈសេនាតូច៣៩៤រួមមាន៖
-គោយន្តកន្ត្រៃ ចំនួន១គ្រឿង
-មី១០០កេស
-ទឹកក្រូច១៤កេស
-ត្រីខ៤កេស​ធំ
- ស្រាបៀរ ២០កេស
- គ្រឿងឧបភោគ បរិភោគ ជាច្រើនមុខ
- សម្ភារៈសិក្សា ចំនួន២០០ (រួមមាន កាតាប១ សៀវភៅ១ក្បាល ប៊ិច១ដើម និងខ្មៅដៃ១ដើម)។ ថវិកាដែលបានយកទៅឧបត្ថម្ភជូនដល់វរសេនាតូចលេខ៣៩៤ និងនាយទាហាន ពលទាហាន ក្នុងឱកាសនោះរួមមាន៖
- មេបញ្ជាការរងកងពលតូចលេខ៩ ទទួលជួយវរៈ៣៩៤ ថវិកា៤០ម៉ឺនរៀល
- ប្រធានវរៈ៣៩៤ ថវិកា១លាន៦សែនរៀល
- អនុប្រធានវរៈ ០៧នាក់ ក្នុងម្នាក់ ៤០ម៉ឺនរៀល
- ប្រធាន គ ០៤នាក់ ក្នុងម្នាក់ ២០ម៉ឺនរៀល
- អនុប្រធាន គ ១២នាក់ ក្នុងម្នាក់ ១៥ម៉ឺនរៀល
- ពលទាហាន ១៤០នាក់ ក្នុងម្នាក់ ១០ម៉ឺនរៀល
- មេភូមិរបុញ និងមេភូមិសែនរុងរឿង៤ ក្នុងម្នាក់ ១០ម៉ឺនរៀល
- អនុប្រធានភូមិ ២នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល
- យោធិនចូលនិវត្តន៍ មានជម្ងឺម្នាក់ ៤០ម៉ឺនរៀល
- ចុងភៅ៦០ម៉ឺនរៀល។

ទី២-ប្រតិភូ៣ខណ្ឌរួមមាន៖ ខណ្ឌច្បារអំពៅ ខណ្ឌមានជ័យ និងខណ្ឌចំការមន បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយជា ស្បៀងអាហារ សម្ភារ:ប្រើ ប្រាស់ និងថវិកា ប្រគល់ជូនដល់ដៃកងទ័ព វរសេនាតូចអន្តរាគមន៍លេខ៣៩២ ចំណុះអោយកង ពលតូចអន្តរាគមន៍លេខ៩ ដែលកំពុងឈរជើងការពារ បូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន នៅជួរមុខ នាតំបន់ ប្រាសាទព្រះវិហារ នៅភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត។

តំណាងឲ្យខណ្ឌទាំង៣ លោក អ៊ាង ស៊ីផាន បានថ្លែងកោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត ចំពោះវរភាពដ៏អង់អាចក្លាហានរបស់បងប្អូនកងទ័ព នៅសមរភូមិមុខ នាតំបន់ប្រាសាទព្រះវិហារ ដែលបានតស៊ូជម្នះគ្រប់ ឧបសគ្គគ្រប់យ៉ាង និងហ៊ានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុ ការពារជាតិ មាតុភូមិ និងការពារបូរណភាពទឹកដីរបស់យើង ដោយមិនអោយសត្រូវឈ្លានពានមកលើទឹកដីកម្ពុជាយើង បានជាដាច់ខាត សូម្បីមួយចំអាម ឬមួយមីល្លីម៉ែត្រ ។

លោកអភិបាលខណ្ឌ បានឲ្យដឹងថា អំណោយរួមមាន៖ ៤៣លានរៀល សម្រាប់អង្គភាព និងវរកងទ័ពចំនួន ៤៤០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល និងផ្តល់ប្រេងជិត១០០០លីត្រ ព្រមទាំងគោយន្ត១កំប្លេរចំនួន២គ្រឿង (ខណ្ឌច្បារអំពៅ១គ្រឿង និងមានជ័យ១គ្រឿង) សម្រាប់ប្រើប្រាស់ ភ្ជួររាស់ធ្វើស្រែចំការដើម្បីដោះស្រាយជីវភាពប្រចាំផងដែរ។ ក្នុងនោះក៏មានទឹកត្រី២០០យួរ ទឹកស៊ីអ៊ីវ២០០យួរ ទឹកសុទ្ធ៥០កេស សៀង៣កាន កូនជ្រូក ៣០ក្បាល។

ក្នុងឱកាសនោះដែរ ប្រតិភូបានអញ្ជើញ ចូលរួមជាបច័្ចយចំនួន៣លានរៀល ដើម្បីចាប់មគ្គផលកសាងទីវត្តសែនជ័យបារមីត្រាំព្រាល ដែលបង្កើតថ្មី ក្នុងព្រៃប្រឹក្សា លើទឹកដីអតីតសមរភូមិដ៏ក្តៅរវាងកងទ័បសៀមឈ្លានពាន និងកងទ័ពការពារបូរណភាពទឹកដីកម្ពុជា និងពិសារអាហារសាមគ្គីជាមួយកងទ័ព យ៉ាងស្និទ្ឋស្នាលសប្បាយក្រៃលែងបំផុត។

ទី៣-ប្រតិភូ៣ខណ្ឌប្រតិភូចំនួន៣ខណ្ឌរួមមាន៖ ខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វារ និងខណ្ឌដូនពេញ បានាំគ្រឿងចក្រ និងថវិកាមួយចំនួន ដើម្បីមកចែកជូន និងសួរសុខទុក្ខ ក្នុងការលើទឹកចិត្ត ដល់កងទ័ព និងគ្រួសារកងទ័ពការពារព្រំដែនចំនួន២៤៦គ្រួសារ នៅសមរភូមិមុខ ស្ថិតក្នុងបរិវេណទីបញ្ជាការវរសេនាតូចលេខ៣៩១ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ ស្ថិតក្នុងភូមិសែនរុងរឿង៣ ឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ដែលជាអង្គភាពសម្ព័នមេត្រីភាពជាមួយរដ្ឋបាលខណ្ឌឫស្សីកែវ ។

លោក ជា ពិសី បានថ្លែងថា បន្ទាប់ពីមានការស្នើសុំនូវគោយន្ដ និងរណាអារឈើពីសំណាក់មេបញ្ជាការវរសេនាតូចលេខ៣៩១ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ ដើម្បីយកមកបម្រើការងារផលប្រយោជន៍រួមក្នុងអង្គភាព ទើបក្រុមការងារថ្នាក់ខណ្ឌទាំង៣ បានសហការនាំយកមកផ្ដល់ជូន រួមទាំងថវិកាក្នុងការលើកទឹកចិត្តដល់គ្រួសារកងទ័ព និងកងទ័ព ដែលបានខិតខំប្រឹងប្រែងលះបង់ទាំងអាយុជីវិត ដើម្បីការពារជាតិ មាតុភូមិ បូរណភាពទឹកដី ដោយសារអនុវត្តនូវគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនជាបន្តបន្ទាប់ បែបនេះ។

លោក ជា ពិសី បានប​ន្តទៀតថា អំណោយដែលថ្នាក់ដឹកនាំខណ្ឌទាំង៣ បានសហការរួមចំណែកមកផ្ដល់ជូនដល់គ្រួសារកងទ័ពចំនួន១៧០គ្រួសារ ដោយក្នុង១គ្រួសារៗ ទទួលបានថវិកា៥ម៉ឺនរៀល និងកងទ័ព១៧០នាក់ ដោយក្នុងម្នាក់ៗទទួលបាន២ម៉ឺនរៀល និងជូនដល់អង្គភាពកងទ័ពចំនួន២សែន៥ម៉ឺនរៀល រួមនិងជូនអនុវរៈ៥នាក់ ចំនួន១សែន៥ម៉ឺនរៀល ជាមួយនិងគ្រួសារកងទ័ព២គ្រួសារទៀត ដែលរងគ្រោះដោយសារជុំងឺ និងគ្រោះថ្នាក់ចរាចរ២សែនរៀល ព្រមទាំងផ្ដល់ជូននូវគោយន្ដ១គ្រឿង រណាអារឈើចំនួន២ សរុបជាថវិកាស្មើនិង៣០លាន២សែនរៀល។ លើសពីនេះ លោក ជា ពិសី ក៏បានសន្យា និងមកសួរសុខទុក្ខកងទ័ព និងគ្រួសារកងទ័ព រៀងរាល់ឆ្នាំផងដែរ៕

">

ប្រតិភូសាលាខណ្ឌដង្កោ និងខណ្ឌសែនសុខ

">

ប្រតិភូ៣ខណ្ឌរួមមាន៖ ខណ្ឌច្បារអំពៅ ខណ្ឌមានជ័យ និងខណ្ឌចំការមន

ប្រតិភូ៣ខណ្ឌប្រតិភូចំនួន៣ខណ្ឌរួមមាន៖ ខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វារ និងខណ្ឌដូនពេញ