Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីកាំកុងត្រូល ប្រចាំនៅមាត់ច្រកទ្វារទ្វេភាគីដារ បន្តពិនិត្យទំនិញម្ហូបអាហារ បន្លែផ្លៃឈើ នាំចូលពីប្រទេសវៀតណាម

17-03-2017 14:49

(ត្បូងឃ្មុំ)៖ មន្រ្តីកាំកុងត្រូល ប្រចាំនៅមាត់ច្រកទ្វារទ្វេភាគីដារ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បន្តធ្វើការត្រួតពិនិត្យ ទំនិញនាំចូលពាក់ព័ន្ធនឹងម្ហូបអាហារ ពិសេសបន្លែផ្លែឈើ ព្រមទាំងទំនិញភេសជ្ជៈ និងចំណីអាហារមួយចំនួន។

សកម្មភាពត្រួតពិនិត្យនេះ ធ្វើឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ ក្នុងស្រុកមេមត់ ដោយមន្ត្រីកាំកុងត្រូលបានយកគំរូមួយចំនួនរួមមាន ផ្លែទឹកដោះ សណ្ដែកបណ្ដុះ ស្ពៃតឿ ស្លឹកខ្ទឹម ស្ពៃក្ដោប ម្ទេសប្លោក ស្លឹកគីនឆាយ ផ្លែស្រកានាគ ព្រមទាំងបន្លែផ្លែឈើជាច្រើនមុខទៀត បញ្ជូនទៅមន្ទីរពិសោធន៍កាំកុងត្រូល ដើម្បីវិភាគរកសំណល់ ថ្នាំកសិកម្ម និងសារធាតុគីមីហាមឃាត់ផ្សេងទៀត ដែលមិនអនុញ្ញាតឲ្យប្រើប្រាស់ នៅលើផលិតផលម្ហូប អាហារទាំងនោះ ដោយសារវាបង្កផលប៉ះពាល់ ផ្នែកសុខភាពដល់អ្នកទទួលទាន ។

បើតាមលោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ប្រតិបត្តិការត្រួតពិនិត្យទំនិញនៅតាមមាត់ច្រកព្រំដែន នៅតែបន្តសកម្មភាពឥតឈប់ឈរ សំដៅ បង្ការ ទប់ស្កាត់ និងបង្ក្រាប ឲ្យបានទាន់ពេលវេលា នូវទំនិញនាំចូលខូចគុណភាព គ្មានសុវត្ថិភាព និងក្លែងបន្លំ មុននឹងចរាចរចែកចាយ នៅលើទីផ្សារប្រទេសកម្ពុជា។

ការចុះប្រតិបត្តិការជាប្រចាំនេះ ស្របតាមអនុសាសន៍ណែនាំរបស់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការទទួលខុសត្រូវផ្នែកសុវត្ថិភាព ចំណីអាហារ កិច្ចការការពារអ្នកប្រើប្រាស់ និង ការប្រកួតប្រជែងដោយស្មោះត្រង់ ក្នុងនោះបានណែនាំឲ្យមន្ត្រីកាំកុងត្រូលគ្រប់ច្រកព្រំដែន ទាំងអស់ទូទាំងប្រទេស អោយយកចិត្តទុកដាក់ពង្រឹង និងបង្កើនសកម្មភាពត្រួតពិនិត្យទំនិញនៅតាមព្រំដែន ពិសេសម្ហូបអាហារនាំចូល ក្នុងន័យធ្វើយ៉ាងណា ធានាសុខភាពជូនប្រជាពលរដ្ឋ៕