(ភ្នំពេញ)៖ វីង ហូលដីង ភីធីអុី អិលធីឌី (Wing Holding Pte. Ltd) នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ បានធ្វើប្រកាសវិនិយោគរួមគ្នាជាមួយ Mingalabar Pte. Ltd ដើម្បីពង្រីក នូវវត្តមានតែមួយគត់របស់ខ្លួន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគរួមគ្នានេះនឹងនាំឱ្យ អាជីវកម្មមីយ៉ាន់ម៉ាឈានមុខគេ ក៏ដូចជាការចាប់ផ្តើមនៃការផ្តល់ជូន នូវសេវាកម្ម ហិរញ្ញវត្ថុតាមទូរស័ព្ទដៃ ល្អដាច់គេនៅក្នុងប្រទេស។ កិច្ចសហការនេះ បានបង្ហាញនូវការទទួលស្គាល់ថាវីង គឺជាធនាគារឯកទេសឆ្នើម និងមានគុណភាពជាងគេ លើសេវាធនាគារចល័តនៅក្នុងប្រទេសកម្ពុជា ដែលបានឈរ ជើងជាងប្រាំពីរឆ្នាំ រួមទាំងអ្នកជំនាញរបស់ Mingalabar ដែលមានចំណេះដឹងស៊ីជម្រៅលើទីផ្សារ ក្នុងប្រទេសមីយ៉ាន់ម៉ាលើវិស័យនេះ។
ថ្មីៗនេះ Wing បានពង្រឹងបន្ថែមទៀតលើប្រតិបត្តិការរបស់ខ្លួន ដែលបានតៀមខ្លួនរួចជាស្រេច ក្នុងការពង្រីកនូវសក្តានុពលរបស់ខ្លួន នៅគ្រប់តំបន់ ហើយការជ្រៀតចូលក្នុងប្រទេសមីយ៉ានម៉ា គឺជាតំណាងនៃទំនុកចិត្តរបស់វីងទៅលើទីផ្សារ ដែលមានសក្កានុពលនៅមីយ៉ាន់ម៉ា។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយកនៃធនាគារឯកទេសវីងបានឲ្យដឹងថា វីងមានគម្រោងនាំយកម៉ាករបស់ខ្លួន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងដាំគ្រាប់ពូជថ្មីលើវិស័យហិរញ្ញវត្ថុ ជាមួយនឹងគោលការណ៍ឈានមុខគេ នៅក្នុងប្រទេស។ នេះគឺជាបទពិសោធន៍របស់វីងតាំងពីឆ្នាំ២០០៩ ដែលបានករសាងកេរ្តិ៍ឈ្មោះ ហើយនឹងបន្តពង្រឹងស្តង់ដារ តាមភ្នាក់ងារវីងដែលមានជាង ៥០០០កន្លែងក្នុប្រទេសកម្ពុជា ដែលទំាងនេះគឺជាសសរស្តមនៃប្រតិបត្តិការរបស់វីង ក្នុងការរួមវិនិយោគជាមួយប្រទេសមីយ៉ាន់ម៉ា។
លោកបន្តថា យើងជឿជាក់យ៉ាងមុតមាំថា ការពង្រីកខ្លួននេះ និងជួយដល់ការអភិវឌ្ឍប្រទេសមីយ៉ាន់ម៉ា ក្នុងការផ្តោតលើតម្រូវការសេវាកម្មហិរញ្ញវត្ថុសម្រាប់អតិថិជនដែលប្រើធនាគារ និងមិនប្រើប្រាស់ធនាគារ តាមរយៈសេវាកម្មឆ្នៃប្រឌិតដែលជួយដល់ជីវីតប្រចាំថ្ងៃរបស់ប្រជាជន។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមការងាររបស់ Mingalabar ដឹកនាំដោយ លោក Kyaw Htoo Linn ដែលចូលរួមអបអរសាទរជាមួយនឹងសមិទ្ធផល របស់ វីងក្នុងប្រទេសកម្ពុជា នឹងផ្តល់ទំនុកចិត្តលើពួកយើងក្នុងការផ្តល់ជូនសេវាកម្មវីងទៅកាន់ប្រទេសមីយ៉ាន់ម៉ាតាមរយៈការចាប់ដៃគូនេះ។
លោក Kyaw Htoo Linn ស្ថាបនិកក្រុមហ៊ុន Mingalabar Holding Ltd បានឲ្យដឹងថា ដោយឃើញការទុកចិត្ត និងការយល់ដឹងស៊ីជម្រៅដែលវីងបានករសាងកេរ្តិ៍ឈ្មោះរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ជាមួយនឹងសមិទ្ធផល និងភាពជោគជ័យរបស់វីង បានធ្វើអោយយើងសម្រេចចិត្តជ្រើសរើសសេវាកម្មវីង ដើម្បីផ្តល់ជូនប្រជាជនមីយ៉ាន់ម៉ា។ កិច្ចសហការនេះនឹងជួយដល់ ប្រទេសមីយ៉ាន់ម៉ា ក្នុងការចាប់ផ្តើមជំពូកថ្មី ក៏ដូចជាជួយដាស់តឿន និងពន្លឿននៃភាពរីកចម្រើន ពង្រឹងបន្ថែមវិស័យសេវាកម្មហិរញ្ញវត្ថុនៅមីយ៉ាន់ម៉ា។
លោកបន្តថា នៅក្នុងសង្គមមួយដែលប្រជាជនចូលចិត្តប្រើសាច់ប្រាក់ និងមានបញ្ហារស្រដៀងគ្នាដូចប្រទេសកម្ពុជា ដូច្នេះភាពច្បាស់លាស់របស់វីង ក្នុងវិស័យហិរញ្ញវត្ថុលើទីផ្សារ និងនំាមកនូវភាពជោគជ័យ មកកាន់ប្រទេសមីយ៉ាន់ម៉ាជាក់ជាមិនខាន។ ខ្ញុំសូមថ្លែងអំណរគុណដល់ធនាគារឯកទេសវីង ដែលបានពង្រីកប្រតិបត្តិការរបស់ខ្លួន ចូលមកប្រទេសមីយ៉ាន់ម៉ា ហើយយើងនឹងបន្តមើលការរីកចម្រើនទៅថ្ងៃមុខទៀត៕