(ភ្នំពេញ)៖ រហូតដល់ពេលនេះ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ គណបក្សប្រឆាំងមិនទាន់បានចេញសាររំលែកទុក្ខ ឬចូលគោរពវិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន នៅឡើយទេ។ ប៉ុន្តែក្រុមតំណាងរាស្រ្តរបស់បក្សប្រឆាំងមួយចំនួន កំពុងរង់ចាំភ្លើងខៀវពី លោក កឹម សុខា ដើម្បីចូលគោរពវិញ្ញាណក្ខន្ធ សម្តេច សុខ អាន។ នេះបើតាមការអះអាងរបស់ លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ។

លោក សុន ឆ័យ បានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីចេញពីសួរសុខទុក្ខអ្នកជាប់ឃុំ នៅពន្ធនាគារព្រៃស នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះថា លោកនឹងដាក់សំណើមួយ ទៅកាន់ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដើម្បីឱ្យប្រធានថ្មីរូបនេះសម្រេចអំពី ការចូលរួមគោរពវិញ្ញាណក្ខន្ធ សម្តេច សុខ អាន ។

លោក សុន ឆ័យ បានថ្លែងថា៖ «ខ្ញុំនឹងទុកជូនថ្នាក់ដឹកនាំ ឯកឧត្តម កឹម សុខា ពិនិត្យទៅ។ ខ្ញុំគ្រាន់តែជាអ្នកទៅរាយការណ៍ជូនគាត់ដើម្បីជ្រាប ប៉ុន្តែជាគោលការណ៍ដូចខ្ញុំបានបញ្ជាក់អញ្ចឹង ក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនា ទោះបីជាបុគ្គលនោះ បានប្រព្រឹត្តអំពីអាក្រក់ប៉ុណ្ណា កន្លងទៅក៏ដោយ គឺយើងនឹងអហោសកម្ម យើងមិនយក ឬចាត់ទុកអូសដំណើរទៀតទេ នៅពេលបុគ្គលនោះស្លាប់ទៅហើយ»

លោក សុន ឆ័យ បានបន្ថែមទៀតថា «ក្នុងការងារនយោបាយ និងការងារបង្កការទំនាក់ទំនង ការយោគយល់គ្នា ខ្ញុំថា ការទៅចូលរួមពិធីបុណ្យនោះ មិនមែនជារឿងអ្វីអាក្រក់នោះទេ វាជួយបង្ហាញអំពីការយកផលប្រយោជន៍ជាតិជាធំ គេមិនយករឿងបុគ្គលជាកត្តាធំនោះទេ។ (សម្តេច សុខ អាន) ជាសហការីសភា នៅក្នុងរដ្ឋសភាផង គួរតែយើងទៅចូលរួមបាន លើកលែងតែគ្រួសារសព គេមិនឱ្យទៅនោះទេ»

តំណាងរាស្រ្តគណបក្សប្រឆាំងមួយនេះ បានបញ្ជាក់ថា បើសិនជាមានការអនុញ្ញាតពី លោក កឹម សុខា នោះ នឹងមានគណៈប្រតិភូរបស់គណបក្សសង្រ្គោះជាតិ ទៅចូលរួមគោរពវិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន តែម្តង។

សូមបញ្ជាក់ថា សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលមរណភាព នៅវេលាម៉ោង០៦៖៣២នាទី ល្ងាច នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ម្សិលមិញ នៅមន្ទីរពេទ្យទីក្រុងប៉េកាំង ប្រទេសចិន ដោយរោគាពាធ នៅក្នុងជន្មាយុ៦៦ឆ្នាំ។

ពេលនេះសពសម្តេច កំពុងតែរៀបចំពិធីបុណ្យ នៅគេហដ្ឋានសម្តេច នាសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុនរំកិលចេញពីភូមិគ្រឹះ ឆ្ពោះទៅកាន់ទីឈាបនដ្ឋាន មុខវត្តបទុមវត្តី ដើម្បីបូជាជាកិច្ចបង្ហើយបុណ្យ ម៉ោង៧៖០០ព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ខាងមុខ៕