(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នឹងរៀបចំចលនាប្រឡងប្រណាំង ថតរូបស៊ែលហ្វី (Angkor Selfie Photo Contest) ក្រោមប្រធានបទ «Selfie អង្គរអច្ឆរិយៈ» នៅថ្ងៃព្រះអាទិត្យរះចំកណ្ដាល ប្រាសាទអង្គរវត្ត នាព្រឹកព្រលឹមថ្ងៃទី២០ ខែមីនា ខាងមុខនេះ ដើម្បីស្វែងរកអ្នកថតរូបថត ដែលមានអ្នកគាំទ្រច្រើនជាងគេ ពីលេខ១ ដល់លេខ៣។
បើយោងតាមការជូនដំណឹង របស់ក្រសួងទេសចរណ៍ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា អ្នកដែលទទួលបានជ័យលាភី គឺទទួលបានដូចជា លិខិតសរសើរ និងរង្វាន់លើកទឹកចិត្ត ដោយអ្នកជាប់លេខ១ ទទួលបាន១លានរៀល, លេខ២ ទទួលបាន៨០ម៉ឺនរៀល និងលេខ៣ ទទួលបាន៥០ ម៉ឺនរៀល ដែលកម្មវិធីនេះ គ្រោងនឹងប្រព្រឹត្តទៅនៅចន្លោះ ម៉ោង៥៖០០នាទី ដល់ម៉ោង៧៖០០នាទីព្រឹក ពីថ្ងៃទី២០ ដល់ថ្ងែទី២១ខែមីនា ឆ្នាំ២០១៧នេះ។
សូមរំឭកថា តាមការព្យាករណ៍ទុក នៅព្រឹកព្រលឹមថ្ងៃទី២០ និង២១ ខែមីនា ឆ្នាំ២០១៧ខាងមុខ ម៉ោងប្រមាណចាប់ពី៥ ទៅ៧ ព្រឹក នៅពេលព្រះអាទិត្យ នឹងរះឡើង តាមកំពូលប្រាង្គកណ្តាល នៃប្រាសាទអង្គរវត្ត។ ហេតុការណ៍នេះ តែងទាក់ទាញចំណាប់អារម្មណ៍ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចង់ឃើញព្រឹត្តការណ៍ ដ៏អស្ចារ្យនេះ ហើយចង់ផ្តិតយករូបភាព ទុកជាអនុស្សាវរីយ៍រាប់ម៉ឺននាក់។
អាស្រ័យហេតុនេះ ក្រសួងទេសចរណ៍ សូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ មេត្តាអញ្ជើញទៅទស្សនា និងផ្ដិតយករូបភាពដ៏មហស្ចារ្យនេះ ព្រមទាំងជួយផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះ ឲ្យបានទូលំទូលាយ និងជាការចូលរួមចំណែកដល់យុទ្ធនាការ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ប្រកបដោយភាពកក់ក្ដៅ»។
សូមអានសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍ ដូចខាងក្រោមនេះ៖