(ភ្នំពេញ)៖ បញ្ជាក់ឲ្យដឹងនៅក្នុងកិច្ចប្រជុំកិច្ចប្រជុំលើកទី១៥របស់ គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ដ និងបច្ចេកទេសរយៈពេល៣ថ្ងៃពោលគឺថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០១៧ ភាគីវៀតណាមនឹងពិចារណា បង្កើនការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជា តាមការសើ្នសុំរបស់ភាគីកម្ពុជា ដោយស្របទៅតាមស្ថានភាពពិតពីភាគីវៀតណាម។
ភាគីទាំងពីរបានយល់ព្រមសហការឲ្យបានជិតស្និទក្នុងការដោះស្រាយ វិធានការបច្ចេកទេស និងការធ្វើវិនិយោគ ដើម្បីធានាឲ្យបាននូវ ប្រតិបត្តិការប្រកបដោយសុវត្ថិភាព អាចជឿជាក់ បាន និងទៀងទាត់នៃការតភ្ជាប់ប្រព័ន្ធ បណ្តាញអគ្គិសនី រវាងប្រទេសទាំងពីរជាពិសេស ខ្សែបណ្តាញបែងចែក ចូដុក-តាកែវ ដែលមានកំលាំង២២០គីឡូវ៉ុល។
ចំពោះកិច្ចសហប្រតិបត្តិការផ្នែកថាមពល ភាគីវៀតណាមបានសន្យាធានាការ ធ្វើពាណិជ្ជកម្មថាមពលអគ្គិសនី ក្នុងគោលបំណងប្រើប្រាស់ អគ្គិសនីស្របទៅតាមសមត្ថភាព និងកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ។
ភាគីទាំងពីរ នឹងលើកទឹកចិត្ត សម្របសម្រួលការស្រាវជ្រាវ និងប្រើប្រាស់វិធានការបច្ចេកទេសក្នុងការទទួលយក ការផ្គត់ផ្គង់ អគ្គីសនីនៅរដូវភ្លៀង ប្រហែល១០០មេហ្គាវ៉ាត ពីកម្ពុជាទៅវៀតណាម ក្នុងឥរិយាបទដែលធានានូវប្រតិបត្តិការ ប្រកបដោយ សុវត្ថិភាព អាចជឿជាក់បាន ប្រកបដោយភាពទៀងទាត់ ដល់ការផ្គត់ផ្គង់ថាមពលអគ្គីសនី សម្រាប់ប្រព័ន្ធអគ្គីសនីរបស់ ប្រទេសទាំងពីរ។
ការបញ្ជាក់នេះធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី១៥របស់ គណៈកម្មការចម្រុះ កម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ដនិងបច្ចេកទេសរយៈពេល៣ថ្ងៃ ពោលគឺថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០១៧ ដោយមានការចូលរួមពី លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជាជាមួយលោក ផាម ប៊ិញ មិញ (Pham Binh Minh) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គម និយមវៀតណាម និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត៕