(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នេះថា គិតត្រឹមថ្ងៃទី១៧ ខេមីនានេះ ទើបតែមានអង្គការក្រៅរដ្ឋាភិបាលជាតិ ចំនួន២ប៉ុណ្ណោះ ដែលបានដាក់សំណើទៅកាន់ គ.ជ.ប ដើម្បីសុំចូលរួមសង្កេតការណ៍ និងពិនិត្យមើលដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។
លោកអ្នកនាំពាក្យបានឲ្យដឹងថា អង្គការក្រៅរដ្ឋាភិបាល ដែលបានដាក់សំណើរនៅ គ.ជ.ប ទាំងពីរនោះ រួមមាន៖ ១.គណៈកម្មាធិការ ដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រេល មានអ្នកសង្កេតការណ៍ចំនួន ២៥៣នាក់ និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) មានអ្នកសង្កេតការណ៍ចំនួន ២២៨នាក់។
លោក ហង្ស ពុទ្ធា បានពន្យល់ថា នីតិវិធីនៃការដាក់សំណើសុំចូលរួមសង្កេតការណ៍ ចែកចេញជា ៣ប្រភេទ រួមមាន៖ ទី២.សម្រាប់អង្គការក្រៅរដ្ឋាភិបាលជាតិ ត្រូវដាក់សំណើទៅ គ.ជ.ប ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧។ ទី២.សម្រាប់អង្គការអន្តរជាតិ ការដាក់សំណើត្រូវធ្វើឡើង ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧។ ប្រភេទទី៣.សម្រាប់ភ្នាក់គណបក្សនយោបាយ ត្រូវដាក់សំណើសុំចូលរួមសង្កេតការណ៍បោះឆ្នោត ចាប់ពីថ្ងៃទី១៨-២៥ ខែមីនា ឆ្នាំ២០១៧។
លោក ហង្ស ពុទ្ធា បានបន្តថា ក្រៅពីចូលរួមសង្កេតការណ៍ ក្នុងដំណើរការបោះឆ្នោត ក្រុមអ្នកសង្កេតការណ៍ គឺជាសាក្សីដ៏សំខាន់ នៅពេលមានជម្លោះវិវាទ ឬភាពមិនប្រក្រតីណាមួយ នៅតាមបណ្ដាការិយាល័យបោះឆ្នោតនានា ហើយក្រុមអ្នកសង្កេតការណ៍ ជាកញ្ចក់ឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃការបោះឆ្នោតផងដែរ។ លោកថា «បើមានភាពមិនប្រក្រតីណាមួយ អ្នកសង្កេតការណ៍ត្រូវធ្វើរបាយការណ៍របស់ខ្លួន ដាក់ជូន គ.ជ.ប ដើម្បីបន្តនីតិវិធីដោះស្រាយ។
សមាជិក គ.ជ.ប រូបនេះ បានសង្កត់ធ្ងន់ថា «នៅពេលដែលក្រុមអ្នកសង្កេតការណ៍ បានចូលរួមឃ្លាំមើលការបោះឆ្នោត ពួកគេនឹងអាចមើលឃើញពីចំណុចវិជ្ជមាន ឬអវិជ្ជមាន ហើយថែមទាំងអាចស្នើឲ្យ គ.ជ.ប កែប្រែត្រង់ចំណុចណាមួយ ដើម្បីឲ្យការបោះឆ្នោតលើកក្រោយៗ កាន់តែមានលក្ខណៈល្អប្រសើរ»។
ទោះយ៉ាងណា គ.ជ.ប មិនកំណត់ចំនួនអ្នកចូលរួមសង្កេតការណ៍បោះឆ្នោតឃុំ-សង្កាត់ នេះឡើយ ពោល គ.ជ.ប ស្វាគមន៍ជានិច្ច ដើម្បីឲ្យដំណើរការបោះឆ្នោត កាន់តែប្រព្រឹត្តទៅមានភាពល្អប្រសើរ។ តែប្រសិនការិយាល័យបោះឆ្នោត មានអ្នកសង្កេតការណ៍ច្រើន ឬការិយាល័យបោះឆ្នោតណា ដែលនៅឆ្ងាយដាច់ស្រយ៉ាល គ្មានអ្នកសង្កេតការណ៍ គ.ជ.ប នឹងពិចារណាបន្តទៀត៕