(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំជាមួយបណ្តាស្ថានទូតប្រចាំនៅកម្ពុជា ដើម្បីផ្សព្វផ្សាយព័ត៌មានដល់ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ឬតំណាងស្ថានទូតប្រចាំកម្ពុជា ពីក្រុមព័ត៌មានទាន់សហេតុការណ៍ HOTLINE ជាមួយជនបរទេស និងផ្តល់លេខទូរស័ព្ទទំនាក់ទំនងទាន់ហេតុការណ៍ សម្រាប់ជនបរទេសដែលមានវត្តមាននៅកម្ពុជា ដែលបង្កើតដោយអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧កន្លងទៅ។
កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារព័ត៌មាន ទាន់ហេតុការណ៍ HOTLINE ជាមួយជនបរទេសប្រចាំកម្ពុជា និងមានការចូលរួមពីតំណាងស្ថានទូតទាំងអស់នៅកម្ពុជា។
កិច្ចប្រជុំនេះបានគោលបំណង អនុវត្តន៍ផែនការការការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន ភ្ញៀវទេសចរណ៍បរទេស ក្រុមការងារាមានភារកិច្ច ការពារសន្តិសុខ សុវត្ថិភាពគោលដៅនិវេសដ្ឋាន ទីតាំងស្ថានទូត និងមន្ត្រីការទូត រក្សាឲ្យបាននូវបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើ និងសុវត្ថិភាពផ្ទាល់ខ្លួន របស់អ្នកវិនិយោគិនបរទេស និងអ្នកទេសចរណ៍បរទេសមិនទុកឲ្យរង់គ្រោះថ្នាក់ ដោយអំពើទុច្ចរិតណាមួយឡើយ ព្រមទាំងរក្សាសុវត្ថិភាពរាល់ទីតាំងវិនិយោគ ទ្រព្យសម្បិត្តស្រប់ច្បាប់ និងគោលដៅទេសចរណ៍ទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជាប្រកបដោយប្រសិទ្ធភាព យោងតាមផែនការណែនាំកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥ របស់ក្រសួងមហាផ្ទៃ និងផែនការណែចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥៕